(បន្ទាយមានជ័យ)៖ នៅថ្ងៃពុធ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យ លោក អ៊ុ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ ចុះសួរសុខទុក្ខ និងនាំយកថវិកាចំនួន ២០លានរៀល ផ្តល់ជូន លោក ជ្រុន ធឿន អាយុ ៤០ឆ្នាំ មានទីលំនៅ ភូមិរកុំក្រោម ឃុំឬស្សីក្រាំង ស្រុកមោងឬស្សី ខេត្តបាត់ដំបង ដែលបានរងគ្រោះថ្នាក់ដាច់ដៃស្តាំត្រឹមដើមដៃ ដោយសារផ្ទុះមីន ខណៈពេលកំពុងស៊ីឈ្នួលបើកបរម៉ាស៊ីនច្រូតស្រូវឱ្យគេ នៅចំណុចភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅនេះ។
ពេលនេះ ជនរងគ្រោះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យអារញ្ញប្រាថេត ខេត្តសាកែវ ប្រទេសថៃ។
ក្នុងឱកាសចុះសួរសុខទុក្ខនោះ លោក អ៊ុ រាត្រី បានពាំនាំប្រសាសន៍ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានផ្តាំផ្ញើគិតគូរសួរសុខទុក្ខប្រកបដោយក្តីអាណិតអាសូរ និងចូលរួមសោកស្តាយចំពោះឧបទ្ទវហេតុដែលបានកើតឡើងចំពោះអ្នករងគ្រោះហើយលោក ក៏បានផ្តាំផ្ញើឱ្យក្រុមគ្រួសារយកចិត្តទុកដាក់ថែទាំអ្នករបួសឱ្យបានល្អ អនុវត្តតាមការណែនាំរបស់គ្រូពេទ្យ និងជូនពរឆាប់បានជាសះស្បើយឡើងវិញ។
លោកស្រី ចិន្តា ត្រូវជាភរិយារបស់ជនរងគ្រោះមានក្តីរំភើប និងត្រេកអរយ៉ាងខ្លាំង ដោយបាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជួយឧបត្ថម្ភថវិកា ដើម្បីសម្រាលការលំបាកដល់គ្រួសាររបស់លោកស្រី។
ក្រុមគ្រួសាររបស់ជនរងគ្រោះ សូមថ្លែងអំណរគុណ និងបួងសួងដល់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចតេជោនាយករដ្ឋមន្ត្រី និងក្រុមគ្រួសារ ព្រមទាំងសហការីនៃកាកបាទក្រហមកម្ពុជាទាំងអស់ មានសុខភាពល្អប្រពៃ មានអាយុយឺនយូរ មានបុណ្យបារមីគ្រប់ទិសទីតាមជួយបីបាច់ថែរក្សាគ្រប់ពេលវេលា ដើម្បីជាម្លប់ដ៏កក់ក្តៅដល់ប្រជាពលរដ្ឋទាំងអស់៕