(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិ បានអញ្ជើញជាអធិបតីបិទសិក្ខាសាលាស្តីពី ការបូកសរុបលទ្ឋផលការងារបុគ្គលិក រយៈពេល ៥ឆ្នាំ (២០១៥-២០១៩) និងលើកទិសដៅអនុវត្ត៥ឆ្នាំបន្ត (២០២០-២០២៤) របស់នាយកដ្ឋានបុគ្គលិកក្រសួងការពារជាតិ។
ពិធីនេះ បានធ្វើឡើងនារសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ នៅសាកលវិទ្យាល័យការពារជាតិ ដោយមានការអញ្ជើញចូលរួមពីសំណាក់មេបញ្ជាការកងយោធពលខេមរភូមិន្ទ ថ្នាក់ដឹកនាំក្រសួការពារជាតិ មេបញ្ជាការរង ថ្នាក់ដឹកនាំអង្គភាពចំណុះក្រសួងការពារជាតិ ព្រមទាំងសិក្ខាកាមជានាយទាហាន ពលទាហានយ៉ាងច្រើន។
ដោយឡែកលើកំណែទម្រង់កងយោធពលខេមរភូមិន្ទ គឺជាជម្រើសដែលមិនអាចខ្វះបាន ដើម្បីពង្រឹង ពង្រីកសមត្ថភាព លទ្ធភាព និងសក្កានុពលភាពរបស់កងទ័ពទៅតាមការវិវត្តន៍រីកចម្រើន របស់សង្គមនៃសម័យបច្ចេកវិជ្ជាទំនើប។
គួរជម្រាបថា ថ្លែងក្នុងពិធីបើកនាថ្ងៃម្សិលមិញ ដោយឈរលើប្រសិទ្ធភាព នៃការដឹកនាំបញ្ជា និងគ្រប់គ្រងកម្លាំង នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ បានស្នើឲ្យអង្គសិក្ខាសាលាត្រូវយកចិត្តទុកដាក់ ពិនិត្យនូវការកំណត់ទិសដៅភារកិច្ច សម្រាប់ពេលខាងមុខដើម្បី បំពេញបន្ថែម ឬសំណូមពរចាំបាច់នានា សំខាន់លើបញ្ហាធ្វើកំណែទម្រង់លើគ្រប់វិស័យ ក្នុងនោះពាក់ព័ន្ធការបុគ្គលិករួមមាន៖
*ទី១៖ ការកែសម្រួលរចនាសម្ព័ន្ធចាត់តាំងមានលក្ខណៈសមស្រប ដែលបច្ចុប្បន្ននៅមានភាពសំពីងសំពោង ត្រួតគ្នា រវាងក្រសួងការពារជាតិ និងអគ្គបញ្ជាការ ក៏ដូចជាបណ្តាប្រភេទទ័ព យោធភូមិភាគ និងទ័ពជំនាញ។
*ទី២៖ ការគ្រប់គ្រងកម្លាំង ដឹកនាំបញ្ជាកម្លាំងទ័ព ត្រូវសមស្របតាមក្របខ័ណ្ឌកំណត់ ចៀសវាងការប្រមូលផ្តុំកម្លាំងនៅស្ថាប័នបំរើសេវាលើសការកំណត់ ការគ្រប់គ្រងកម្លាំងទ័ពត្រូវមានការឯកភាព និងការគ្រប់គ្រងតាមប្រព័ន្ធព័ត៌មានវិទ្យា។
*ទី៣៖ ការតែងតាំងផ្លាស់ប្តូរមុខងារ និងឋានន្តរស័ក្តិ កុំឲ្យពិភក្សាលំអិតលើគម្រោងផែនការដែលជំនាញបានដាក់ឲ្យ ដោយផ្អែកលើច្បាប់ស្តីពីលក្ខន្តិកៈទូទៅចំពោះយោធិន នៃកងយោធពលខេមរភូមិន្ទ និងបទដ្ឋានគតិយុត្តិនានា។
*ទី៤៖ ការដាក់យោធិនឲ្យចូលនិវត្តន៍តាមច្បាប់កំណត់ តាមសេចក្តីណែនាំរបស់ក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាន។
*ទី៥៖ ការជ្រើសរើសទ័ពបំពេញក្របខ័ណ្ឌ ត្រូវយកចិត្តទុកដាក់សម្រិតសម្រាំងតាមលក្ខខណ្ឌកំណត់ ដើម្បីធានាបានទាំងបរិមាណ និងគុណភាណ។
*ទី៦៖ ការបណ្តុះបណ្តាល ត្រូវជ្រើសរើសនាយទាហាន នាយទាហានរង និងពលទាហាន មានស្នាដៃល្អ និងមានអនាគតរីកចម្រើន និងប្រើប្រាស់សមស្របតាមមុខជំនាញ ដែលបានបណ្តុះបណ្តាល។
*ទី៧៖ ការងារសន្តិសុខផ្ទៃក្នុងត្រូវយកចិត្តទុកដាក់ជ្រើសរើស និងប្រើប្រាស់យោធិនឲ្យគោរពច្បាប់ មានភាពស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងគោរពច្បាប់បង្ការ ទប់ស្កាត់ការជ្រៀតចូលកម្លាំងអមិត្តក្នុងកងយោធពលខេមរភូមិន្ទ៕