(កោះកុង)៖ រដ្ឋបាលខេត្តកោះកុង នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកោះកុង អាណត្តិទី៣ ក្នុងក្រុងខេមរភូមិន្ទ ក្រោមវត្តមានលោកកាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង និងលោក ផៃធូន ផ្លាមកេសន អភិបាលរងខេត្តកោះកុង និងអាជ្ញាធរគ្រប់មូលដ្ឋាន និងមានកាចូលរួមពីសំណាក់ប្រជាពលរដ្ឋ មកពីសង្កាត់ចំនួន ៣យ៉ាងច្រើនកុះករផងដែរ។
វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកោះកុង ផ្តោតសំខាន់ទៅលើគោលដៅសំខាន់ៗចំនួន៦ រួមមាន៖
១៖ សេចក្តីពន្យល់សង្ខេបអំពីតួនាទី ភារកិច្ច និងទំនាក់ទំនងក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្ត
២៖ របាយការណ៍សង្ខេប ស្ដីពីទិដ្ឋភាពរួម នៃស្ថានភាពអភិវឌ្ឍន៍ភាពជោគជ័យ និងបញ្ហាប្រឈមនានារបស់រដ្ឋបាលខេត្តរយៈពេល ៩ខែ ឆ្នាំ២០១៩
៣៖ ការបង្ហាញសង្ខេប អំពីការផ្ដល់សេវារដ្ឋបាល នៅរដ្ឋបាលថ្នាក់ក្រោមជាតិ
៤៖ ការបង្ហាញពីតួនាទី ភារកិច្ច និងសិទ្ធិអំណាចរបស់ការិយាល័យប្រជាពលរដ្ឋខេត្តកោះកុង
៥៖ ដំណើរការពិគ្រោះយោបល់ ជាមួយប្រជាពលរដ្ឋ
៦៖ បូកសរុបលទ្ធផលវេទិកា។
ក្នុងវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់អាណត្តិទី៣នេះ ប្រជាពលរដ្ឋបានលើកឡើងសំណូមពីច្រើន គឺពួកគាត់ចង់បានផ្លូវ និងប្រព័ន្ធលូ ដើម្បីងាយស្រួលក្នុងការធ្វើដំណើរ និងបញ្ជៀសទឹកឲ្យហូរបានលឿន នៅរដូវរស្សាម្តងៗ។ ទាំងនេះជាការសំណូមពរ ប្រជាពលរដ្ឋទាំង៣ សង្កាត់ស្ថិតក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
លោក កាយ សំរួម បានលើកឡើងថា សំណួរ និងសំណូមពរមួយចំនួន អាជ្ញាធរពាក់ព័ន្ធបានធ្វើការបំភ្លឺ និងដោះស្រាយជូនរួចហើយ ប៉ុន្តែនៅមានសំណួរ និងសំណូមពរមួយចំនួនតូចទៀតមិនទាន់បានបំភ្លឺ និងដោះស្រាយជូននៅឡើយ។
លោកបញ្ជាក់ថា៖ «ដូច្នេះក្នុងនាមលោកជាក្រុមប្រឹក្សាខេត្តកោះកុង ខ្ញុំសូមធានាថានឹងយកសំណួរ និងសំណូមពរដែលនៅសេសសល់ទៅដាក់ជូនគណៈអភិបាលខេត្ត ដើម្បីពិនិត្យនិងដោះស្រាយ ព្រមទាំងផ្ដល់នូវព័ត៌មានត្រឡប់ជូនលោក លោកស្រី និងបងប្អូនប្រជាពលរដ្ឋវិញតាមរយៈក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំ ដោយមានបញ្ជាក់ពីមូលហេតុច្បាស់លាស់ជូនជ្រាបជាក្រោយ នៅពេលដែលវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត នៅតាមក្រុងស្រុកទាំង៧ ត្រូវបានបញ្ចប់ និងធានារាល់មតិយោបល់ សំណួរ សំណូមពរទាំងអស់នឹងយកមកពិនិត្យ និងពិចារណាជាអាទិភាព ក្នុងការដាក់បញ្ចូលទៅក្នុងគម្រោងផែនការណ៍របស់ខេត្ត ដើម្បីធានាការផ្ដល់សេវាសាធារណៈ និងលើកកម្ពស់គុណភាពជីវភាពរស់នៅរបស់បងប្អូន ឲ្យកាន់តែប្រសើរនិងមានសក្តានុពល និងបង្កើតភាពស្និតស្នាលរវាងអាជ្ញាធរ និងប្រជាពលរដ្ឋឲ្យកាន់តែប្រសើរ»៕