(ភ្នំពេញ)៖ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានណែនាំដល់លោកមេភូមិ ចៅសង្កាត់ សមាជិកក្រុមប្រឹក្សាសង្កាត់ និងមន្រ្តីតាមមន្ទីរជំនាញ ត្រូវចេះសហការគ្នា ចុះត្រួតពិនិត្យ និងណែនាំប្រជាពលរដ្ឋ ដែលដាក់ទំនិញលក់ដូរហៀរ ឬ តសំយាបផ្ទះ លយមកលើចិញ្ចើមផ្លូវ ត្រូវតែដាក់កម្លាំងចុះណែនាំឲ្យគាត់រុះរើជាបន្ទាន់ ព្រោះវាធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ។

លោកអភិបាលខណ្ឌច្បារអំពៅ បានណែនាំដល់មេភូមិ ចៅសង្កាត់ សមាជិកក្រុមប្រឹក្សាសង្កាត់ និងមន្រ្តីតាមមន្ទីរជំនាញបែបនេះ នៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី៦ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខណ្ឌច្បារអំពៅ ដែលបានធ្វើឡើង នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩។

ជាមួយគ្នានេះ លោក ចេង មុនីរ៉ា ក៏បានណែនាំអោយចៅសង្កាត់ទាំង៨ ចុះត្រួតពិនិត្យមើលទីតាំងសំណង់ណាដែលអត់មានច្បាប់ ឬស្នើសុំច្បាប់ហើយ តែមិនទាន់ចេញ។ លោកបន្តថា ជាវិធានការបើរកឃើញថា ម្ចាស់សំណង់អត់មានច្បាប់ទេ អាជ្ញាធរនឹងអញ្ជើញម្ចាស់មកសួរនាំតែម្តង។

លោកអភិបាលខណ្ឌ បានបន្តថា «បើសំណង់អត់មានច្បាប់ គឺ ត្រូវអញ្ជើញម្ចាស់មកសួរនាំ មែនទែនទៅគេហៅថា ជាការជាប់កាតព្វកិច្ច ពេលខ្លះគ្រាន់តែបានពាក្យស្នើសុំហើយ ថាបានច្បាប់ គឺមិនមែនទេ»

កន្លងមក លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ធ្លាប់ថ្លែងថា «ទោះបីជាមានការណែនាំជាច្រើន លើកច្រើនសាររួចហើយក៏ដោយ ក៏រដ្ឋបាលរាជធានីភ្នំពេញ សង្កេតឃើញថា សំណង់ដែលគ្មានលិខិតអនុញ្ញាត សាងសង់និងសំណង់ខុសលិខិតអនុញ្ញាតសាងសង់ នៅតែកើតឡើងជាបន្តបន្ទាប់ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ»

អភិបាលរាជធានីភ្នំពេញ ក៏ធ្លាប់បានលើកឡើងធ្ងន់ៗថា «ក្នុងករណីដែលសំណង់គ្មានលិខិតអនុញ្ញាតសាងសង់ និងសំណង់ខុសលិខិតអនុញ្ញាតសាងសង់ នៅតែកើតមាន ហើយបង្កឲ្យមានគ្រោះថ្នាក់ ដល់អាយុជីវិតប្រជាពលរដ្ឋ នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួននោះ លោកអភិបាលខណ្ឌ ត្រូវទទួលនូវវិន័យរដ្ឋបាល ទៅតាមច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល និងទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន»