(ភ្នំពេញ)៖ របាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជាចុងក្រោយដែលចេញផ្សាយដោយធនាគារពិភពលោក (World Bank) នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានឱ្យដឹងថា សកម្មភាពរឹងប៉ឹងក្នុងការនាំចេញ និងតម្រូវការក្នុងស្រុកខ្លាំង ជាកត្តាទ្រទ្រង់សេដ្ឋកិច្ចកម្ពុជាឱ្យ នៅរក្សាបានភាពស្វាហាប់។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ World Bank ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ។
World Bank បានបញ្ជាក់ថា កំណើនជាក់ស្តែងរបស់សេដ្ឋកិច្ច ត្រូវបានរំពឹងទុកថា មានកំណើនក្នុងអត្រា៧ភាគរយ ក្នុងឆ្នាំ២០១៩នេះ។
ធនាគារនេះបានឲ្យដឹងទៀតថា ការនាំចេញផលិតផលសម្លៀកបំពាក់ និងស្បែកជើង ដែលមានទំហំប្រហែល ៧០ភាគរយនៃទំនិញនាំចេញគ្រប់មុខ បានកើនចំនួន ១៧.៧ភាគរយ ក្នុងឆ្នាំ២០១៨ ប៉ុន្តែស្រុតចុះបន្តិចវិញមកនៅត្រឹម១៥.៣ភាគរយ គិតត្រឹមខែមិថុនា ឆ្នាំ២០១៩។ វិស័យសំណង់នៅបន្តសកម្មភាពគគ្រឹកគគ្រេង ដែលឆ្លុះបញ្ចាំងឱ្យឃើញថា មិនទាន់មានភាពនឿយណាយ នៃការវិនិយោគលើវិស័យនេះនៅឡើយទេ។ ជាលទ្ធផល ការនាំចូលដែកសំណង់ បានស្ទុះឡើងយ៉ាងគំហុក ដល់ទៅ៦៣.៥ភាគរយ គិតត្រឹមខែមិថុនា ឆ្នាំ២០១៩ ពី ២៧.៧ភាគរយ ក្នុងឆ្នាំ២០១៨។
ដើម្បីពង្រឹងសមត្ថភាពប្រកួតប្រជែងក្រៅប្រទេស ថ្មីៗនេះ អាជ្ញាធរកម្ពុជាបានដាក់ចេញវិធានការមួយចំនួន សំដៅជួយសម្រួលដល់ការធ្វើពាណិជ្ជកម្ម ដោយបន្ទាបថ្លៃចំណាយលើការដឹកជញ្ជូន, កាត់បន្ថយការិយាធិបតេយ្យ និងជួយដល់ធុរកិច្ចដោយកាត់បន្ថយ ថ្ងៃឈប់សម្រាកផ្លូវការចំនួន៦ថ្ងៃ នៅក្នុងឆ្នាំ២០២០។ បន្ថែមលើនេះ វិធានការកញ្ចប់ហិរញ្ញវត្ថុធំគួរសមមួយសម្រាប់ទ្រទ្រង់សេដ្ឋកិច្ច ដោយប្រើប្រាក់សន្សំរបស់រដ្ឋ នឹងអាចត្រូវបានដាក់ចេញនៅក្នុងឆ្នាំ២០២០ ដើម្បីជួយសម្រាលផលប៉ះទង្គិចអវិជ្ជមាន ដែលបណ្តាលមកពីការដក EBA ប្រសិនបើវានឹងកើតឡើងមែន។
របាយការណ៍របស់ World Bank ក៏បានគូសបញ្ជាក់ផងដែរថា ការចូលរួមរបស់កម្ពុជា នៅក្នុងសេដ្ឋកិច្ចសាកលតាមរយៈខ្សែចង្វាក់តម្លៃសាកល (GVCs) មានសន្ទុះលឿនជាងប្រទេ សប្រហាក់ប្រហែលគ្នាផ្សេងៗទៀត ទោះបីជាការចូលរួមនោះចាប់ផ្តើមពីមូលដ្ឋានទាបក៏ដោយ។ ការហូរចូលនៃការវិនិយោគផ្ទាល់ពីបរទេស (FDI), ភាពសម្បូរនៃពលកម្មមានជំនាញទាប និងពលកម្មមានប្រាក់ឈ្នួលទាប, និងលទ្ធភាពទទួលបានភាពអនុគ្រោះនាំទំនិញចេញទៅកាន់ទីផ្សារធំៗ សុទ្ធតែជាកត្តានៅពីក្រោយការជំរុញសមាហរណកម្មយ៉ាងលឿនរបស់កម្ពុជា ចូលទៅក្នុងខ្សែចង្វាក់តម្លៃសាកល នៅតាមផ្នែកផលិតកម្មមួយចំនួន។
លោកស្រី អ៊ិនហ្គូណា ដូប្រាចា ប្រធានគ្រប់គ្រងធនាគារពិភពលោកសម្រាប់ប្រទេសកម្ពុជា បានបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនថា «ដើម្បីឈានឡើងទៅកាន់ដំណាក់កាលមួយទៀត នៃការចូលរួមក្នុងខ្សែចង្វាក់តម្លៃសាកលបាន ប្រទេសកម្ពុជាចាំបាច់ត្រូវតែមានល្បាយ គោលនយោបាយកាន់តែទំនើបជឿនលឿនច្រើនថែមទៀត។ ក្នុងនោះរួមមាន ការពង្រីកកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងធ្វើវាឱ្យកាន់តែស៊ីជម្រៅ, ការបន្ទាបរបារពាណិជ្ជកម្មសម្រាប់ទំនិញនាំចូល, ការបន្តធ្វើការកែលម្អគុណភាពវិស័យអប់រំ និងជំនាញរបស់កម្លាំងពលកម្ម, និងការចាប់យកសេដ្ឋកិច្ចឌីជីថល ដើម្បីជួយបណ្តាក្រុមហ៊ុន ឱ្យធ្វើសមាហរណកម្មខ្លួន ទៅក្នុងខ្សែចង្វាក់តម្លៃសាកល»៕