(ត្បូងឃ្មុំ)៖ ដើម្បីរក្សាទឹកទុកប្រើប្រាស់ឲ្យបានគ្រប់គ្រាន់ នារដូវប្រាំងខាងមុខនេះ នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រសួងធនធានទឹក តាមរយៈមន្ទីរធនធានទឹក និងឧតុនិយមខេត្តត្បូងឃ្មុំ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសារាចរស្តីពី ការចាត់វិធានការថែរក្សាទឹកទុក របស់រាជរដ្ឋាភិបាលកម្ពុជា ដល់មន្ត្រីពាក់ព័ទ្ធជុំវិញខេត្ត និងប្រជាពលរដ្ឋតាមសហគមន៍ សរុបប្រមាណ១៤០នាក់ នៅសាលាខេត្តត្បូងឃ្មុំ។
ក្នុងកិច្ចប្រជុំនោះប្រព្រឹត្តិទៅក្រោមអធិបតីភាពលោក ថោ ជេដ្ឋា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងលោកចេង ប៊ុណ្ណរ៉ា អភិបាលរង នៃគណៈអភិបាលខេត្តត្បូងឃ្មុំ។
ថ្លែងក្នុងឱកាសនោះ លោក ថោ ជេដ្ឋា និងលោក ចេង ប៊ុណ្ណរ៉ា ឲ្យដឹងថា បើយោងតាមការព្យាករក៏ដូចជា ស្ថានភាពជាក់ស្តែងបានបង្ហាញយ៉ាងច្បាស់ថា ក្នុងឆ្នាំ២០១៩ ព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាបណ្តាប្រទេស ក្នុងតំបន់បានទទួលរងឥទ្ធិពលយ៉ាងធ្ងន់ធ្ងរពីបាតុភូត អែលនីណូ (El Nino) ដោយបានបង្កឲ្យមានកត្តាអវិជ្ជមានជាច្រើន ដូចជា៖ធាតុអាកាសមានសភាពក្តៅហូតហែងខ្លាំង រដូវវស្សាមកដល់មានសភាពយឺតយ៉ាវ របាយទឹកភ្លៀងមានភាពរអាក់រអួលមិនស្មើគ្នា របបទឹកទន្លេមេគង្គមានការប្រែប្រួលខ្លាំង ពិសេសជំនន់មានតែមួយលើក ហើយបន្ទាប់មកក៏បានស្រកចុះជា បន្តបន្ទាប់ ដល់កម្រិតទាបបំផុតមួយដែលមិនធ្លាប់ជួបប្រទះក្នុងរយៈកាលកន្លងមក ។
លោករដ្ឋលេខាធិការ បានផ្តល់អនុសាសន៍មួយចំនួនលើវិធានការត្រៀមបង្ការក្នុងការថែរក្សាទឹក និងសន្សំសំចៃទឹកឲ្យបានត្រឹមត្រូវគឺ មិនត្រូវប្រើប្រាស់ខ្ជះខ្ជាយឬបូមបាចប្រភពទឹកដើម្បីចាប់ត្រី ចំពោះស្រែប្រាំងគឺធ្វើបានតែមួយដងគត់និងមានការទទួលខុសត្រូវខ្ពស់ក្នុងការថែរក្សាទឹកទុក ហើយត្រូវត្រៀមអន្តរាគមន៍សង្រ្គោះស្រូវចុងរដូវនៅពេលស្រូវជិតប្រមូលផល និងត្រៀមវិធានការបែងចែកទឹកសម្រាប់ ប្រជាពលរដ្ឋប្រើប្រាស់ប្រចាំថ្ងៃ ក៏ដូចជាការថែរក្សាប្រភពទឹកសម្រាប់ស្រោចស្រពដំណាំរួមផ្សំ។
លោក ថោ ជេដ្ឋា បានផ្តាំផ្ញើឲ្យមន្ត្រីជំនាញរបស់មន្ទីរយកចិត្តទុកដាក់លើកិច្ចដំណើរការគ្រប់គ្រង បែងចែកទឹកស្រោចស្រពជូនប្រជាកសិករ និងត្រូវយកចិត្តទុកដាក់ថែទាំសមិទ្ធិផលលើវិស័យ ធនធានទឹកដែលមាននៅក្នុងខេត្ត ដើម្បីធានាបាននូវការប្រើប្រាស់យូរអង្វែង។
ជាមួយគ្នានោះ លោក យា វឿន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ៖ ស្ថានភាពទឹកភ្លៀង គិតត្រឹមថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ មានបរិមាណចំនួន១.៣៦៥,៧មម នៅឆ្នាំ២០១៨ ក្នុងពេលវេលាដូចគ្នា មានចំនួន១.៧៧៦,៦មម ប្រៀបធៀបឆ្នាំនេះតិចជាងឆ្នាំមុនចំនួន៤១០,៩មម ដោយបរិមាណទឹកភ្លៀងមានតិចបណ្តាលឲ្យ ស្រវរដូវវស្សាបានជួបនូវគ្រោះខ្វះទឹក នៅលើផ្ទៃដីមួយចំនួននៅក្នុងស្រុកត្បូងឃ្មុំ។
តែទោះជាយ៉ាងណា មន្ទីរនឹងបន្តខិតខំតាមគ្រប់មធ្យោបាយទាំងអស់ នាំយកទឹកទៅស្រោចស្រពសង្គ្រោះស្រូវបំពេញសំណូមពរ និងដោះស្រាយទុក្ខកង្វល់ជូនពលរដ្ឋ៕