(តាកែវ)៖ លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានដឹកនាំរៀបចំកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់សង្គម ប្រចាំខែវិច្ឆិកា និងលើកទិសដៅបន្ដ និងប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង បំពាក់ឋានន្ដរស័ក្ដិ ជូនមន្ដ្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ។
ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ស្នងការ បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះលទ្ធផលការងារ ដែលកម្លាំងនគរបាលទូទាំងខេត្តតាកែវ ខិតខំប្រឹងប្រែងបំពេញទទួលបាន លទ្ធផលយ៉ាងល្អប្រសើរ ពិសេសការពារសន្ដិសុខ សណ្ដាប់ធ្នាប់ ក្នុងពិធីបុណ្យឯករាជ្យជាតិ និងទប់ស្កាត់សកម្មភាពផ្សេងៗ ដែលអាចពាក់ព័ន្ធការប៉ុនប៉ងធ្វើរដ្ឋប្រហារ ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។
បើតាមលោកឧត្តមសេនីយ៍ទោ សុខ សំណាង វិធានការជំនាញដែលបានប្រើប្រាស់នាពេលកន្លងមក រហូតលទ្ធផលការងារទទួលបានជោគជ័យនេះ មិនអាចកាត់ផ្ដាច់បានពីការ ចូលរួមចំណែករបស់កម្លាំងនគរបាលទាំងអស់បាននោះឡើយ ហើយកុំភ្លេចត្រូវយកបទពិសោធន៍នេះ ទៅអនុវត្តនៅពេលក្រោយទៀត។
បន្ថែមពីនេះ លោកឧត្តមសេនីយ៍ទោ សុខ សំណាង ក៏មិនភ្លេចផ្ដាំផ្ញើ និងក្រើនរំលឹកដល់មន្ដ្រីនគរបាលដែលទើបទទួលបានការតែងតាំងថ្មី ត្រូវយកតួនាទីនេះ ទៅបម្រើប្រជាពលរដ្ឋ និងសង្គមជាតិប្រកបដោយការទទួលខុសត្រូវ និងដើម្បីឲ្យស្របទៅតាមអ្វីដែលថ្នាក់ដឹកនាំប្រគល់ជូន៕