(ភ្នំពេញ)៖ ជនសង្ស័យម្នាក់ ដែលកំពុងពាក់ពន្ធ័ករណីលួចផលិត, វេចខ្ចប់គ្រឿងសំអាងដោយគ្មានច្បាប់អនុញ្ញាតិ នៅចំណុចផ្ទះលេខ៣៧២ ផ្លូវព្រះមុន្នីរ៉េត ក្រុមទី១០ ភូមិភ្នាត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ត្រូវបានសមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃក្រសួងមហាផ្ទៃ ចាប់និងបញ្ជូនទៅកាន់តុលាការ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចនគរបាល នាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច កាលពីថ្ងៃទី២៦ ខែវិច្ឆិកា បានផ្សាយថា ការចុះបង្ក្រាបនេះ បានធ្វើឡើងនៅវេលាម៉ោង ១១៖០៥នាទី ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយកម្លាំងនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ និងដោយមានការចូលរួមពីមន្រ្តីក្រសួងសុខាភិបាល អាជ្ញាធរមូលដ្ឋាន និងក្រោមការសម្របសម្រួលនីតិវិធីពីលោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
ទីតាំងបង្រា្កបករណីផលិតវេចខ្ចប់គ្រឿងសំអាងគ្មានច្បាប់ នៅចំណុចផ្ទះលេខ៣៧២ ផ្លូវមុន្នីរ៉េត ក្រុមទី១០ ភូមិភ្នាត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
របាយការណ៍នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចដដែល បានបន្ថែមទៀតថា ក្រោយពីធ្វើការឆែកឆេរ សមត្ថកិច្ចចម្រុះរកឃើញផលិតផល និងសម្ភារមួយចំនួន បម្រើឲ្យការផលិតគ្រឿងសំអាងចំនួនប្រមាណ ១៤ប្រភេទ ចំនួនប្រមាណ ២.៥៣២គីឡូក្រាម។
ចំពោះវត្ថុតាងទាំងអស់ខាងលើ លោកព្រះរាជអាជ្ញារង បានសម្រេចឲ្យដកហូតរក្សាទុកជាបណ្តោះអាសន្ន និងបិទផ្លុំបេ នៅទីតាំងខាងលើ និងបានយកវត្ថុតាងមួយចំនួន ទៅធ្វើការពិសោធន៍រកសារធាតុហាមឃាត់ និងបាននាំខ្លួនម្ចាស់ទីតាំងឈ្មោះ ជា ច័ន្ទសម្បត្តិ ទៅសាកសួរបំភ្លឺនៅនាយកដ្ឋាន ដើម្បីបន្តនីតិវិធី មុនសំណុំរឿងនេះត្រូវបញ្ជូនទៅកាន់តុលាការ៕