(កំពត)៖ លោក ជាវ តាយ អភិបាលខេត្តកំពត និងជាប្រធានគណៈកម្មការគ្រប់គ្រងអភិវឌ្ឍន៍ទេសចរណ៍ខេត្តកំពត បានជំរុញដល់គ្រប់ភាគីពាក់ព័ន្ធ ភ្នាក់ងារអភិវឌ្ឍន៍ អង្គការជាតិ អន្តរជាតិ ក្រសួងមន្ទីរ ស្ថាប័ន ម្ចាស់ជំនួយ វិស័យឯកជន ក៏ដូចប្រជាពលរដ្ឋទាំងអស់ សូមចូលរួមគាំទ្រ សហការណ៍គ្នា និងចូលរួមឲ្យបានយ៉ាងសកម្ម ក្នុងការអនុវត្តផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តកំពត រយ:៥ឆ្នាំ (២០១៩-២០២៣) ឱ្យទទួលបានជោគជ័យជាស្ថាពរ។
លោក ជាវ តាយ បានជំរុញបែបនេះនាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំឆ្លងនូវសេចក្ដីព្រាងផែនការ អភិវឌ្ឍទេសចរណ៍ខេត្តកំពត រយៈពេល៥ឆ្នាំ(២០១៩-២០២៣ ) ដែលបានរៀបចំឡើងនៅសាលាខេត្តកំពត និងដោយចូលរួមពីប្រធាន អនុប្រធាននៃស្ថាប័នពាក់ព័ន្ធ និងសមាជិក សមាជិកា គណៈកម្មការគ្រប់គ្រងអភិវឌ្ឍន៍ទេសចរណ៍ខេត្តជាច្រើនរូបផងដែរ។
លោក ជាវ តាយ បានបន្តថា ឯកសារព្រាងផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តកំពត រយៈពេល៥ឆ្នាំ(២០១៩.២០២៣) ដែលដាក់ឆ្លងក្នុងកិច្ចប្រជុំពេលនេះ គឺពិតជាមានសារៈសំខាន់ ក្នុងគោលបំណងដើម្បីបង្ហាញជូនដល់ក្រសួង មន្ទីរ ស្ថាប័ន ភ្នាក់ងារអភិវឌ្ឍន៍នានា អង្គការមិនមែនរដ្ឋាភិបាលជាតិ-អន្តរជាតិ និងផ្នែកឯកជន សម្រាប់ជាឯកសារក្នុងការគៀងគរធនធាន និងគាំទ្ររាល់គម្រោងដែលបានលើកឡើងក្នុងផែនការនេះ។
លោកអភិបាលខេត្តបន្តថា នៅក្នុងផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តកំពតនេះ មានគម្រោងសំខាន់ៗ ដែលក្នុងនោះបានលើកឡើងរួមទាំងសកម្មភាពតូចៗ ជាច្រើនសម្រាប់ការអភិវឌ្ឍទេសចរណ៍ឲ្យសម្រេចដល់គោលបំណង ដើម្បីឆ្លើយតបទៅនឹងចក្ខុវិស័យ និងគោលដៅដែលបានកំណត់ ក្នុងផែនការអំពីតម្រូវការចាំបាច់ ក្នុងការអភិវឌ្ឍន៍អេកូទេសចរណ៍ ជាពិសេសបណ្ដាសហគមន៍ទេសចរណ៍ ព្រមទាំងបង្កើតផលិតផលទេសចរណ៍ថ្មីៗ ការពង្រឹង និងពង្រីកគុណភាពសេវាកម្ម សម្រាប់ជាកាលានុវត្តភាពការងារ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងរួមចំណែកលើកកម្ពស់សេដ្ឋកិច្ច។
លោក ជាវ តាយ ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំមន្ត្រីរាជការ នៃមន្ទីរទេសចរណ៍ខេត្តកំពត ដែលបានសហការប្រមូលផ្តុំគំនិត្យ ក្នុងការសម្របសម្រួលប្រមែប្រមូលរកទិន្នន័យ និងបង្កើតបានជាឯកសារផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តកំពត មានរយៈពេល៥ឆ្នាំ (២០១៩ ២០២៣) ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងក្របខណ្ឌការងារអភិវឌ្ឍន៍ខេត្ត ក្នុងវិស័យទេសចរណ៍របស់ខ្លួន។
លោកអភិបាលខេត្តកំពត ក៏បានសម្ដែងក្ដីសង្ឃឹមចំពោះភាគីពាក់ព័ន្ធទាំងអស់ នឹងពិតជាបានចូលរួមយកចិត្តទុកដាក់នូវអ្វីៗ ដែលបានលើកឡើងក្នុងផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តកំពត ៥ឆ្នាំ ដែលមានការពាក់ព័ន្ធដល់ជំនាញវិស័យនានា ដោយយកទៅអនុវត្តឲ្យទទួលបានលទ្ធផលល្អ សំដៅរួមចំណែក លើកកម្ពស់កិត្យានុភាពខេត្ត ក៏ដូចជាការជំរុញល្បឿនសេដ្ឋកិច្ចក្នុងខេត្ត និងទូទាំងប្រទេសផងដែរ៕