(មណ្ឌលគិរី)៖ មន្រ្តីរាជការ កងកម្លាំងទាំងបីប្រភេទ ព្រះសង្ឃ សិស្សានុសិស្ស ប្រជាពលរដ្ឋ ទូទាំងខេត្ត បានប្រារព្ធទិវាអន្តរជាតិ រំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក លើកទី១៤នៅបរិវេណសួនច្បារ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ដោយមានការចូលរួមពីលោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី និងជាប្រធានអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោក ខេត្តមណ្ឌលគិរី។

លោកអភិបាលខេត្ត បានថ្លែងបច្ចុប្បន្ន ប្រទេសកម្ពុជា កំពុងតែមានការវិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ទាំងស្ថិរភាពនយោបាយ សុវត្ថិភាព សន្តិសុខសង្គម និងសណ្តាប់ធ្នាប់សាធារណៈ។ កម្រិតជីវភាពរបស់ប្រជាពលរដ្ឋទូទាំងប្រទេស ក៏កាន់តែល្អប្រសើរឡើង ហើយសមិទ្ធផលជាតិនានា មានការរីកចម្រើនលើគ្រប់វិស័យ។

ជាមួយនោះ កំណើនមធ្យោបាយធ្វើដំណើរ យានយន្តគ្រប់ប្រភេទ មានការកើនឡើងយ៉ាងគំហុក នាពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្នុងនោះបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ក៏ស្ថិតក្នុងកំណើនមួយគួរឱ្យព្រួយបារម្ភផងដែរ ជាពិសេសហានិភ័យ នៃការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង។ គ្រោះថ្នាក់ចរាចរណ៍ ជាកត្តាមួយ ធ្វើឱ្យអន្តរាយ ដល់អាយុជីវិតមនុស្ស សត្វ បរិស្ថាន និងការខូចខាតទ្រព្យសម្បត្តិរដ្ឋ និងឯកជន ដោយមិនទាន់គិតពីការបន្សល់ទុក នូវស្ត្រីមេម៉ាយកុមារកំព្រា និងជនពិការឡើយ។

បន្ទាប់ពីការនិមន្តព្រះសង្ឃ ចម្រើនព្រះបរិត្រ បង្សុកូល ដើម្បីសម្ដែងសមានចិត្តអាណិតអាសូរ និងសោកស្តាយ ចំពោះ ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ ដែលបានកើតឡើងជាបន្តបន្ទាប់ ធ្វើឲ្យបាត់បង់អាយុជីវិតប្រជាពលរដ្ឋ ក្នុងរយៈពេលកន្លងមកលោក ស្វាយ សំអ៊ាង បានគូសបញ្ជាក់ថា ការប្រារព្ធទិវាអន្តរជាតិរំលឹកនេះឡើង ក្នុងគោលបំណងរំលឹកទៅដល់វិញ្ញាណក្ខន្ធអ្នកទាំងឡាយ ដែលបានបាត់បង់ជីវិតយ៉ាងអាណោចអធម ក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ ហើយក៏ជាសារមួយផ្ញើជូនដល់បណ្តាអ្នកធ្វើដំណើរតាមដងផ្លូវទាំងអស់ ឱ្យមានការប្រុងប្រយ័ត្ន និងចូលរួមទាំងអស់គ្នា ក្នុងការគោរពច្បាប់ចរាចរណ៍ ដើម្បីជៀសផុតពីសោកនាកម្ម ដែលអាចកើតមានឡើងជាយថាហេតុ គ្រប់ពេលវេលាផងដែរ។

ការបាត់បង់ទ្រព្យសម្បត្តិ ដែលមានចំនួនច្រើនលើសលុប បានជះឥទ្ធិពលធ្ងន់ធ្ងរផងដែរដល់សេដ្ឋកិច្ចជាតិ គោលនយោបាយកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍន៍ របស់សង្គមជាតិ។ សុវត្ថិភាពចរាចរណ៍ គឺជាបញ្ហាសុខភាពសាធារណៈ និងការងារអភិវឌ្ឍន៍ដ៏ចម្បង ដែលទាមទារឱ្យមានការដោះស្រាយបន្ទាន់ ខណៈចំនួនអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ នៅលើពិភពលោក នៅតែមានចំនួនខ្ពស់ និងបន្តកើនឡើងយ៉ាងខ្លាំង ដែលមានចំនួនប្រមាណ ១,៣៥លាននាក់ ជារៀងរាល់ឆ្នាំ។ គ្រោះថ្នាក់ចរាចរណ៍បានក្លាយជាបញ្ហាចម្បងទី១ ក្នុងពិភពលោក ដែលបានឆក់យកជីវិតមនុស្សភាគច្រើន មានអាយុចន្លោះពី ៥-២៩ឆ្នាំ ។

បើតាមរបាយការណ៍ របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកកម្ពុជា បានបង្ហាញថា ក្នុងត្រីមាសទី៣ ឆ្នាំ២០១៩នេះ នៅទូទាំងប្រទេស គ្រោះថ្នាក់ចរាចរណ៍ បានកើតឡើង ចំនួន ៩៨៨ករណី នៅលើដងផ្លូវ បណ្តាលឱ្យមានអ្នកស្លាប់ចំនួន ៤៨៨នាក់ និងរបួសចំនួន ១.៤៩៤នាក់។ ដោយឡែក នៅខេត្តមណ្ឌលគិរី ក្នុងឆ្នាំ២០១៩ គ្រោះថ្នាក់ចរាចរណ៍ បានកើតឡើងចំនួន ៣២លើក បណ្តាលឱ្យបាត់បង់ជីវិតមនុស្សចំនួន១៧នាក់ របួសធ្ងន់ចំនួន២៩នាក់ និងរបួសស្រាលចំនួន១៣នាក់។

ទាំងនេះ គឺបណ្តាលមកពីកត្តាផ្សេងៗ រួមមាន៖ កត្តាមនុស្ស កត្តាយានយន្ត កត្តាផ្លូវថ្នល់ ការរំលោភលើច្បាប់ចរាចរណ៍ ការបើកបរស្ថិតនៅក្នុងស្ថានភាពស្រវឹង និងមិនយោគយល់អធ្យាស្រ័យគ្នា។

ស្ថិតក្នុងឱកាសនោះដែរលោក ស្វាយ សំអ៊ាង បាន អំពាវនាវដល់គ្រប់បណ្ដាមន្ទីរ អង្គភាពពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ វិស័យឯកជន និងប្រជាពលរដ្ឋគ្រប់ស្រទាប់ ក្នុងទូទាំងខេត្តមណ្ឌលគិរី បង្កើនកិច្ចសហប្រតិបត្តិការ និងសហការគ្នា ចូលរួមអនុវត្តច្បាប់ចរាចរណ៍ សំដៅប្រែក្លាយផែនការសកម្មភាព សុវត្ថិភាពចរាចរណ៍ របស់អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោក ខេត្តមណ្ឌលគិរី ឲ្យក្លាយទៅជាសកម្មភាពជាក់ស្ដែង និងមានប្រសិទ្ធភាពខ្ពស់ ដោយការអនុវត្ត នូវតំបូន្មាន ១១ចំណុច គឺ៖
១៖ ត្រូវពាក់មួក និងខ្សែក្រវាត់សុវត្ថិភាព រៀរាល់ពេលធ្វើដំណើរ។
២៖ត្រូវគោរពច្បាប់ចរាចរណ៍ផ្លូវគោក។
៣៖ ត្រូវយល់ដឹង និងគោរពសិទ្ធអាទិភាព។
៤៖ ត្រូវត្រួតពិនិត្យយានយន្តឲ្យមានសុវត្ថិភាពល្អ។
៥៖ ត្រូវប្រើប្រាស់សម្ភារៈងាយមើលឃើញ នៅពេលដើរ ឬជិះកង់។
៦៖ កុំបើកបរហួសល្បឿនកំណត់។
៧៖ កុំបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង។
៨៖ កុំប្រជែងក្នុងស្ថានភាពគ្រោះថ្នាក់។
៩៖ កុំបើកបរ ឬធ្វើដំណើរតាមយានយន្តផ្ទុកលើសចំណុះ។
១០៖ កុំប្រើប្រាស់ទូរស័ព្ទពេលបើកបរ។
និង១១៖ សូមប្រកាន់ខ្ជាប់ខ្ជួនទាំងអស់គ្នា នូវអនុសាសន៍សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺ៖ «ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍!»៕