(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអនុញ្ញាតទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Bjorn Haggmark ឯកអគ្គរដ្ឋទូតស៊ុយអែត រួមមានគណៈប្រតិភូអមដំណើរ ព្រមទាំងថ្នាក់ដឹកនាំក្រសួង នៅទីស្តីការក្រសួង សាធារណការ និងដឹកជញ្ជូន។
ជំនួបពិភាក្សាការងារនេះរៀបចំឡើងនៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩។
លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានសំដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ទៅកាន់លោកឯកអគ្គរដ្ឋទូត និងគណៈប្រតិភូអមដំណើរ និងបានជម្រាបជូនលោកឯកអគ្គរដ្ឋទូត ពីសមាសភាពថ្នាក់ដឹកនាំក្រសួង ដោយលោកស្រី មឹន មាណវី រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នឹងត្រូវចូលរួមកិច្ចប្រជុំសន្និបាតនៅប្រទេសស៊ុយអែត នាពេលមុខនេះ។
លោកឯកអគ្គរាជទូត Bjorn Haggmark ក៏បានបង្ហាញឆន្ទ:របស់ខ្លួនផងដែរក្នុងការបន្ត និងជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អរវាងភាគីទាំងពីរ ដើម្បីជួយដល់កម្ពុជា ក្នុងការអភិវឌ្ឍប្រទេសឱ្យឈានឡើងមួយកម្រិតទៀត។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានថ្លែងអំណរគុណចំពោះលោក Bjorn Haggmark ដែលបានផ្ដល់កិច្ចសហប្រតិបត្តិការល្អ ហើយតាមរយៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននេះ បានធ្វើឱ្យកំណើនសេដ្ឋកិច្ចជាតិមានលក្ខណៈរឹងមាំ សន្តិភាព និងមាននិរន្តរភាព ដោយរក្សាបាននូវកំណើនសេដ្ឋកិច្ចជាតិប្រចាំឆ្នាំ ក្នុងរយៈពេលជាងពីរទសវត្សរ៍ចុងក្រោយនេះ ព្រមទាំងទទួលស្វាគមន៍ជានិច្ច ចំពោះដៃគូវិនិយោគនានា ដែលមានបំណងចង់មកវិនិយោគនៅប្រទេសកម្ពុជាផងដែរ៕