(ភ្នំពេញ)៖ ដោយសារថ្មីៗនេះ មានការរញ្ជួយដីនៅព្រំដែនប្រទេសឡាវ និងថៃ ធ្វើឲ្យអគារ និងផ្ទះសម្បែងរបស់ប្រជាពលរដ្ឋនៃប្រទេសនេះខូចខាតយ៉ាងខ្លាំងនោះ ធ្វើឲ្យរាជរដ្ឋាភិបាលប្រទេសកម្ពុជា បានត្រៀមខ្លួនរួចជាស្រេច ដើម្បីការពារសំណង់អគារ ក្នុងការការពារការរញ្ជួយដី តាមរយៈការបង្កើតច្បាប់ ទាក់ទងទៅនឹងការពង្រឹងគុណភាពសំណង់អគារ។
នេះបើតាមមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ថ្លែងនៅក្នុងឱកាសក្រសួង សហការជាមួយអង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជា (UN) រួមគ្នាបើកវេទិកានគរូបនីយកម្មកម្ពុជា ស្តីពី «ការអភិវឌ្ឍទីក្រុងប្រកបដោយភាពឆ្លាតវៃ ចីរភាព និងបរិយាប័ន្ន» នៅថ្ងៃពុធ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា។
លោក ម៉េង ប៊ុណ្ណារិទ្ធិ អគ្គនាយករងនៃអគ្គនាយកដ្ឋានរៀបចំដែនដី និងនគរូបនីយកម្ម បានថ្លែងថា «យើងបានត្រៀមបញ្ហាគតិយុត្តរួចហើយ»។
បើតាម លោក ម៉េង ប៊ុណ្ណារិទ្ធិ បទពិសោធន៍នៅប្រទេសឡាវ និងថៃ ហាក់បីដូចជារឿងថ្មី ប៉ុន្តែនៅប្រទេសកម្ពុជា អត់ទាន់មានទេរឿងរញ្ជួយដី។ លោកបន្តថា បើនិយាយក្នុងបញ្ហាច្បាប់ និងបទដ្ឋានគតិយុត្ត ដែលត្រូវបានរៀបចំក្នុងវិស័យសំណង់នេះ ក៏ក្រសួងបានគិតដែរអំពីភាពរឹងមាំនៃសំណង់អគារ។
មន្ត្រីក្រសួងរៀបចំដែនដីរូបនេះ បានបន្ថែមថា ប្រហែលជាត្រូវមានកិច្ចការលម្អិតបន្ថែមទៀត ដើម្បីធ្វើការគណនាថា តើផ្ទៃដីរបស់កម្បុជានៅពេលខាងមុខអាចមានការប្រែប្រួល ឬជួបឧបសគ្គយ៉ាងម៉េច ហើយផ្ទៃក្រោមដីមានលក្ខណៈយ៉ាងម៉េច ដើម្បីឲ្យក្រសួងបញ្ជាក់ឲ្យកាន់តែច្បាស់អំពីស្រទាប់ដីនីមួយៗ ថាតើវាអាចទទួលរងការរញ្ជួយដីយ៉ាងម៉េចផងដែរ។
កាលពីពេលថ្មីៗនេះ គ្រោះធម្មជាតិរញ្ជួយផែនដីដ៏កម្របំផុតកម្រិត ៦.១រ៉ិចទ័រ បានវាយប្រហារតំបន់ព្រំដែនរវាងប្រទេសថៃ និងឡាវ បានបង្កឲ្យបណ្តាខេត្តជាច្រើន នៃប្រទេសទាំងពីរញាប់ញ័រ ខណៈទីក្រុងបាងកកវិញ ក៏បានទទួលរងការញ័ររញ្ជួយនេះផងដែរ ជាពិសេសគឺអ្នកស្ថិតនៅលើអគារខ្ពស់ៗនានា។
ចំពោះប្រទេសឡាវវិញ សេចក្តីរាយការណ៍ជាលើកដំបូងបានឲ្យដឹងថា រោងចក្រផលិតថាមពលអគ្គិសនីធំបំផុតឈ្មោះ ហុងសា (Hongsa) ដែលមានសមត្ថភាពផលិតថាមពល ១,៨៧៨មេហ្គាវ៉ាត់ ត្រូវបានសម្រេចឲ្យផ្អាកដំណើរការ ដើម្បីត្រួតពិនិត្យផ្នែកបច្ចេកទេសបន្ទាប់ពីមានការបញ្ជាក់ថា ទីតាំងនោះបានទទួលរងការញ័ររញ្ជួយខ្លាំង ស្ថិតនៅភាគពាយ័ព្យប្រទេសឡាវ៕