(ត្បូងឃ្មុំ)៖ ដើម្បីផ្សព្វផ្សាយអំពីសមិទ្ធិផលនានា ដែលខេត្តត្បូងឃ្មុំ សម្រេចបាននាពេលកន្លងមក ក៏ដូចជា ការស្វែងយល់ពីការលំបាក និងបញ្ហាប្រឈម ដែលប្រជាពលរដ្ឋកំពុងជួបប្រទះ ក្នុងមូលដ្ឋានស្រុកអូររាំងឪ ដើម្បីលើកយកមកដោះស្រាយ នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ រដ្ឋបាលខេត្តត្បូងឃ្មុំ បានរៀបចំវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ ឆ្នាំ២០១៩ ស្ថិតនៅបរិវេណវត្តស្វាយមីង ក្នុងស្រុកអូររាំងឪ។
វេទិការនេះ ប្រព្រឹត្តិទៅក្រោមអធិបតីភាពលោក ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត, លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត, លោក ងួន ប៊ុណ្ណាន អភិបាលស្រុកអូររាំងឪ ក្រុមប្រឹក្សាឃុំ មេឃុំមេភូមិ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
លោក ស៊ាក ឡេង បានលើកឡើងថា វេទិការផ្សព្វផ្សាយនេះ គឺជាការផ្ដល់ឱកាសដល់ប្រជាពលរដ្ឋ បានសាកសួរអំពីបញ្ហាមួយចំនួន ក៏ដូចជាការផ្លាស់ប្ដូរបទពិសោធន៍ ផ្លាស់ប្ដូរយោបល់ និងពិភាក្សាគ្នាដោយលើកសំណូមពរ ឬក៏ជាបញ្ហាផ្ទាល់ខ្លួន អំពីការអភិវឌ្ឍដោយចីរភាព និងប្រសិទ្ធភាព។
នៅក្នុងវេទិកានោះ មេឃុំមេភូមិ និងប្រជាពលរដ្ឋបានលើកឡើងសរុបមានចំនួន១៥សំណួរ និងសំណូមពរ មានដូចជា៖ ដោះស្រាយសម្រួល ទីតាំងសាលាឃុំ, ស្តារប្រឡាយ, ស្តារពើកចេញពីបឹងបុះសូរ, ការធ្វើអត្រានុកូលដ្ឋាន សំបុត្រកំណើត, ដាក់បន្ថែមផ្លាកសញ្ញាចរាចរណ៍ តាមដងផ្លូវ, សាលាបឋមអំពិលតាពក លិចជំនន់ទឹកភ្លៀង, កុងទ័រភ្លើង ដើរលឿនខុសប្រក្រតី និងសំណូមការបង់សេវាកាត់ប្លង់ដីផ្ទេរចូល ទៅច្រកចេញចូលតែមួយវិញ ដើម្បីងាយស្រួល ហើយចំនេញពេលវេលា។
ជាមួយគ្នានេះ អង្គវេទិការតាមរយៈមន្ត្រីជំនាញ ឡើងបកស្រាយបំភ្លឺសំណួរ និងដោះស្រាយសំណូមពរទាំង១៥ ធ្វើឱ្យពលរដ្ឋរីករាយសប្បាយចិត្ត បំពេញបន្ថែមនូវអ្វីដែលត្រូវការជាចាំបាច់របស់បងប្អូនក្នុងមូលដ្ឋានស្រុកអូររាំងឪ។
លោក ជាម ច័ន្ទសោភ័ណ និងលោក ស៊ាក ឡេង ក៏ផ្តាំផ្ញើរ និងក្រើនរំលឹកដល់មន្ត្រីជំនាញទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់បម្រើប្រជាប្រជាពលរដ្ឋ ទៅតាមតួនាទីភារកិច្ចរបស់ខ្លួន ក្នុងការបម្រើសេវាសាធារណៈ ទាំងសេវាតម្រូវការ និងសេវាសំណូមពរជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព៕