(កណ្តាល)៖ ដើម្បីសុខភាពប្រជាពលរដ្ឋ ក៏ដូចជាសុវត្ថិភាពម្ហូបអាហារ មន្រ្តីសាខាកាំកុងត្រូលខេត្តកណ្តាលដឹកនាំដោយលោក អ៊ូ ម៉ានរិន ប្រធានសាខា នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានសហការជាមួយ និងមន្រ្តីមន្ទីរពាណិជ្ជកម្មខេត្ត គណៈកម្មការផ្សារ បានចុះត្រួតពិនិត្យសុវត្ថិភាពផលិតផលម្ហូបអាហារ ក្នុងផ្សារ និងផ្ទះលក់ទំនិញ ដែលដាក់តាំងលក់នៅមុខផ្សារ រកាកោង ស្រុកមុខកំពូល ខេត្តកណ្តាល រកឃើញទំនិញមួយចំនួនហួសកាលបរិច្ឆេទ ដកហូតទុកដុតកម្ទេចចោល។
លោក អ៊ូ ម៉ានរិន ប្រធានសាខាកាំកុងត្រូលខេត្តកណ្តាល បានឲ្យដឹងថា នៅក្នុងប្រតិបត្តិការនេះ ក្រុមការងារជំនាញ បានពិនិត្យរួមមាន៖ គ្រឿងកំប៉ុង គ្រឿងសមុទ្រ បន្លែ ប្រហិតសាច់គោ ត្រីងៀត សាច់ក្រក គុយទាវ ប្រហិតកញ្ចប់ និងគ្រឿងឧបភោគ បរិភោគ និងផ្ទះលក់ទំនិញ ដែលដាក់តាំងលក់នៅផ្សារខាងលើ ជាលទ្ធផល ពុំបានរកឃើញ សារធាតុគីមីហាមឃាត់ នៅក្នុងគំរូផលិតផលទាំង នោះទេ។
តែក្រុមការងារជំនាញ បានធ្វើការដកហូត ទំនិញមួយចំនួន ហួសរយៈពេលប្រើប្រាស់ ដូចជាប័រកំប៉ុង ៣១កំប៉ុង ទឹកក្រូចCoca Cola ៦ដប ទឹក Sting ១២ដប M150 ៤៨កំប៉ុង និងប្រហិតកញ្ចប់សាច់មាន់ ៦កញ្ចប់ យកមករក្សាទុក ដើម្បីដុតកំទេចចោល។
ក្នុងឱកាសនោះ លោកប្រធានសាខា ក៏បានណែនាំ និងបានផ្សព្វផ្សាយអំពីរបៀប ជ្រើសរើសផលិតផលម្ហូបអាហារ ដែលមានសុវត្ថិភាព ជូនដល់អាជីវករ និងប្រជាពលរដ្ឋផងដែរ៕