(កំពង់ចាម)៖ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម នាំបច្ច័យ ៥លានរៀល និងសម្ភារទៅចូលរួមរំលែកមរណទុក្ខគ្រួសារសព លោក ពក ពឿន (ហៅ ប៊ុនថាន) អាយុ២២ឆ្នាំ ជាពលករធ្វើការនៅប្រទេសកូរ៉េ បានទទួលមរណភាពកាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅប្រទេសកូរ៉េ ដោយរោគាពាធ មានស្រុកកំណេីតស្ថិតនៅភូមិល្វា ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
ក្នុងឱកាសនោះ ឯកឧត្តមប្រធានគណៈកម្មាធិការសាខា បានពាំនាំការសាកសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា និងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយ សម្តេចទាំងពីរ បានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារសព ហើយសម្តេចទាំងពីរ តែងតែស្រឡាញ់អាណិត និងយកចិត្តទុកដាក់ដល់សុខទុក្ខរបស់ប្រជាពលរដ្ឋ ជាពិសេសពលរដ្ឋដែលជួបនូវទុក្ខលំបាកផ្សេងៗ។ ជាមួយគ្នានេះ ឯកឧត្តម ក៏បានសូមបួងសួងដល់វិញ្ញាណក្ខន្ធរបស់ជនរងគ្រោះ បានទៅកាន់សុគតិភព។
ជាមួយគ្នានោះដែរ ក្រុមគ្រួសារសពបន្ទាប់ពីបានទទួលអំណោយដ៏ថ្លៃថ្លានេះ ក៏បានលើកដៃប្រណម្យសូមថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេចទាំងពីរ ព្រមទាំងថ្នាក់ដឹកនាំខេត្តកំពង់ចាម និងក្រុមការងារទាំងអស់ ដែលបាននាំអំណោយនេះ មកផ្តល់ជូនក្រុមគ្រួសារគាត់ផងដែរ។
សូមបញ្ជាក់ថា បច្ច័យ និងសម្ភារដែលបានចូលរួមដល់ក្រុមគ្រួសារជនរងគ្រោះនោះរួមមាន ៖ ថវិកាចំនួន ៥.០០០.០០០រៀល អង្ករចំនួន ១០០គីឡូ មីចំនួន ៥កេស ទឹកក្រូចចំនួន ៥កេស ត្រីខចំនួន ៥០កំប៉ុង ទឹកត្រីចំនួន ០៥យួរ ទឹកស៊ីអីវចំនួន ៥យួរផងដែរ៕