(ភ្នំពេញ)៖ បន្ទាប់ពីមានការដោះស្រាយផលប៉ះពាល់ជាមួយអាជីវករលក់ដូរទាំងផ្សាររដ្ឋ និងឯកជនរួចមក គម្រោងនៃការអភិវឌ្ឍន៍ផ្សារទំនើបសេនជូរីផ្លាហ្សា នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានសម្រេចបើកការដ្ឋានសាង់សង់ជាផ្លូវការ ក្រោមវត្តមានលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងមានការចូលរួមពីអ្នកវិនិយោគិនជាតិ អន្តរជាតិ អាជ្ញាធរមូលដ្ឋាន និងបងប្អូនអាជីវករជាច្រើនរយនាក់។
លោកស្រីឧកញ៉ា ចាន់ សុទ្ធា អគ្គនាយិកាក្រុមហ៊ុនសេនជូរីគ្រុប បានថ្លែងឱ្យដឹងថា ផ្សារទំនើបសេនជូរីផ្លាហ្សា នឹងក្លាយទៅជាមជ្ឈមណ្ឌល ពាណិជ្ជកម្ម ឧស្សាហកម្ម សេវាកម្ម និងទេសចរណ៍ដ៏ធំបំផុត នៅក្នុងរាជធានីភ្នំពេញ ហើយតំបន់នេះក៏នឹងក្លាយទៅជាទីចាប់អារម្មណ៍ខ្លាំងបំផុតរបស់ភ្ញៀវទេសចរជាតិ-អន្តរជាតិ បន្ទាប់ពីផ្សារទំនើបមួយនេះលេចចេញរូបរាងឡើង។ ផ្សារទំនើបសេនជូរីផ្លាហ្សា ផ្តើមសាងសង់រយៈរយពេល ២៤ខែ គិតចាប់ពីថ្ងៃសម្ពោធបើកការដ្ឋាននេះទៅមានកម្ពស់ ៧ជាន់ ផ្នែកខាងលើ ៥ជាន់ និងក្រោមដី ២ជាន់។
លោកស្រីឧកញ៉ា ចាន់ សុទ្ធា បានប្តេជ្ញាសម្រេចឱ្យបាននូវការអភិវឌ្ឍន៍ផ្សារទំនើបមួយនេះឱ្យរួចរាល់តាមផែនការ ដោយគោរពតាមបទដ្ឋានបច្ចេកទេស និងគោលការណ៍ណែនាំរបស់ អាជ្ញាធររាជធានីភ្នំពេញ ក៏ដូចជា ក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីធានាបានថា ផ្សារទំនើបនេះកើតឡើងប្រកបដោយសោភណ្ឌភាព បរិស្ថាន អនាម័យ និងកម្រិតស្តង់ដាអន្តរជាតិ។
នាឱកាសនោះ លោក ឃួង ស្រេង បានលើកឡើងថា ដោយមើលឃើញពីស្ថានភាពផ្សារស៊ិនជូរីផ្លាហ្សា នាពេលបច្ចុប្បន្ន មានសភាពទ្រុឌទ្រោម ពុំមានអនាម័យ និងបរិស្ថានល្អ ទាំងនៅក្នុងផ្សារ និងជុំវិញបរិវេណផ្សារ មានការលក់ដូរអនាធិបតេយ្យតាមដងផ្លូវ ធ្វើឱ្យប៉ះពាល់ដល់ការធ្វើចរាចរ សន្តិសុខ សណ្តាប់ធ្នាប់ របៀបរាបរយសាធារណៈ ក៏ដូចជា សោភណ្ឌភាពរាជធានី ជាពិសេស តំបន់នេះ ជាចំណុចឆ្លងកាត់របស់ថ្នាក់ដឹកនាំ នៃបណ្តាប្រទេសនៅលើពិភពលោក និងភ្ញៀវទេសចរណ៍ផងនោះ រាជរដ្ឋាភិបាល បានសម្រេចឱ្យក្រុមហ៊ុនឯកជនធ្វើការវិនិយោគ សាងសង់ជាផ្សារទំនើបនេះឡើង ដោយគិតគូរជាពិសេសចំពោះផលប៉ះពាល់ជាមួយអាជីវករលក់ដូនៅក្នុងផ្សារនេះ។
ជាមួយគ្នានោះ លោកអភិបាល ក៏បានស្នើឱ្យអាជីវករ និងប្រជាពលរដ្ឋមានការអធ្យាស្រ័យ និងយោគយល់ ចំពោះដំណើរការអនុវត្តគម្រោងសាងសង់នេះ ដើម្បីឱ្យសម្រេចបានតាមផែនការ ដែលបានគ្រោងទុក និងស្នើឱ្យអាជ្ញាមូលដ្ឋាន និងអ្នកពាក់ព័ន្ធសហការគ្នា សម្រួលរាល់ផលប៉ះពាល់ និងការងារចាំបាច់នានារបស់ក្រុមហ៊ុន និងអ្នករស់នៅជុំវិញបរិវេណផ្សារនេះ។
លោកអភិបាលក៏បានជំរុញឱ្យក្រុមហ៊ុនទទួលការសាងសង់ គោរពឱ្យតាមលក្ខខណ្ឌបច្ចេកទេស ដោយគិតទៅលើគុណភាព សុវត្ថិភាព សោភណ្ឌភាព និងបរិស្ថាន នៃរាជធានីទាំងក្នុងពេលបច្ចុប្បន្ននិងទៅថ្ងៃអនាគត។
បន្ថែមពីនេះ លោកអភិបាលសុំឱ្យប្រជាពលរដ្ឋជឿជាក់ មកលើរាជរដ្ឋាភិបាល ពិសេសការដឹកនាំដ៏វៃឆ្លាតរបស់សម្តេចតេជោ ដែលដឹកនាំប្រទេសឱ្យមានការអភិវឌ្ឍន៍រីកចំរើនឥតឈប់ឈរ លើគ្រប់វិស័យ ហើយបាននាំនាវាកម្ពុជា ឱ្យសម្រេចបាននូវគោលដៅមួយ គឺស្មើមុខស្មើមាត់ ជាមួយបណ្តារប្រទេស នៅក្នុងតំបន់ និងពិភពលោក។
សូមបញ្ជាក់ថា ក្រោយសាងសង់រួច ផ្សារទំនើបសេនជូរីផ្លាហ្សា នឹងបើកឱ្យដំណើរការជាផ្លូវការ ហើយក្រុមហ៊ុននឹងរៀបចំទីតាំងផ្សារ សម្រាប់អាជីវករ ចូលមកលក់ដូរវិញ នៅជាន់ GF-1 ដោយបែងចែកទៅតាមប្រភេទអាជីវកម្មចំនួន ៦៧៩តូប ក្នុងនោះតូបគ្រប់គ្រងដោយរដ្ឋចំនួន៣៥០តូប និងគ្រប់គ្រងដោយឯកជនចំនួន៣២៩តូប៕