(ភ្នំពេញ)៖ នាយកអង្គការសហប្រជាជាតិប្រយុទ្ធនឹងជំងឺអេដស៍ ប្រចាំនៅកម្ពុជា (អង្គការ UNAIDS ) លោកស្រីវេជ្ជបណ្ឌិត Vladanka ANDREEVA បានស្នើឲ្យមានកិច្ចសហប្រតិបត្តិការ លើគំនិតផ្តួចផ្តើម ផែនការនៅទីក្រុងក្នុងការបញ្ចប់ការចម្លងរាលដាល មេរោគអេដស៍ឆាប់រហ័ស (Fast Track Cities)។ ការជម្រុញបែបនេះ គឺក្នុងឱកាសដែលលោកស្រី បានជួបពិភាក្សាការងារ ជាមួយលោកទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។
លោកស្រីវេជ្ជបណ្ឌិត Vladanka ANDREEVA បានលើកឡើងនូវចំណុចសំខាន់ៗដូចជា៖
*ទី១៖ មានកិច្ចសហប្រតិបត្តិការលើគំនិតផ្តួចផ្តើម ផែនការនៅទីក្រុងក្នុងការបញ្ចប់ការចម្លងរាលដាល មេរោគអេដស៍ឆាប់រហ័ស (Fast Track Cities) ដែលនឹងផ្តួចផ្តើមអនុវត្តពីក្រុងសំខាន់ៗដូចជា រាជធានីភ្នំពេញ ក្រុងសៀមរាប ក្រុងបាត់ដំបងនិង ក្រុងបន្ទាយមានជ័យ។ លើសពីនេះទៅទៀត ក្រុងទាំង៤ ត្រូវរៀបចំកិច្ចព្រមព្រៀង អនុសារណៈក្នុងការអនុវត្តស្តីអំពី បញ្ចប់ការចម្លងរាលដាលមេរោគអេដស៍ឆាប់រហ័ស ក្នុងកំឡុងពេលអញ្ជើញចូលរួមប្រជុំនៅរាធានីភ្នំពេញ ហើយការចំណាយផ្សេងៗ នៅលើអង្គការសហប្រជាជាតិប្រយុទ្ធនឹងជំងឺអេដស៍។
*ទី២៖ ការប្រជុំពិភាក្សាស្តីអំពី ប្រទេសនិយាយភាសាបារាំង នឹងប្រារព្ធធ្វើនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩ នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ នឹងមានអ្នកចូលរូមចំនួន៣០០នាក់ អញ្ជើញមកពីប្រទេសជុំវិញពិភពលោក ដែលផ្តោតសំខាន់ទៅលើធ្យោបាយ ជាក់លាក់របស់ប្រទេសដែលឆ្ពោះ ទៅសម្រេចគោលដៅឆ្នាំ ២០២០ ដល់ឆ្នាំ ២០២៥ និងកំណត់ពីបញ្ហាប្រឈម របស់ប្រទេសនីមួយៗ ក្នុងការផ្តល់សេវាកម្ម ពីការឆ្លើយតបប្រយុទ្ធនឹងជំងឺអេដស៍ ក្នុងនោះការផ្តល់ថវិកា ដើម្បីឲ្យសហគមន៍ចូលរួម និងមាននិរន្តរភាព។ លើសពីនេះទៅទៀត ត្រូវមានដំណោះស្រាយគោលនយោបាយ និងតម្រូវឲ្យមានអ្នកជំនួយបច្ចេកទេស ដែលពាក់ព័ន្ធចូលរួមតាមកម្មវីធីនិមួយៗ។
លោកស្រីវេជ្ជបណ្ឌិត Vladanka ANDREEVA បានស្នើសុំឲ្យមានការចុះទស្សនកិច្ចសិក្សា នៅតាមគ្លីនិកដែលបានធ្វើតេស្តឈាមរកមេរោគអេដស៍ ព្យាបាល និងផ្តល់ប្រឹក្សាចំពោះអ្នក ដែលមានផ្ទុកមេរោគអេដស៍ ពិសេសស្នើសុំចុះទៅខេត្តតាកែវ។
ជាការឆ្លើយតប លោកទេសរដ្ឋមន្រ្តី បានថ្លែងថា អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានឯកភាពក្នុងកិច្ចសហប្រតិបត្តិការយ៉ាងសកម្ម និងមានយន្តការប្រកបដោយសក្តានុពល ក្នុងការអនុវត្តកាតព្វកិច្ចជាមួយនឹងក្រសួង ស្ថាប័ន ព្រមទាំងអង្គការដៃគូនានា ដើម្បីដាក់ចេញនូវវិធានការទប់ស្កាត់ ការការពារកុំឲ្យមានជំងឺនេះរីករាលដាល ដោយអនុវត្តតាមសូចនាករ។
លោកទេសរដ្ឋមន្រ្តី និងលោកស្រីវេជ្ជបណ្ឌិតនាយកអង្គការ បានពិភាក្សា និងផ្លាស់ប្តូរព័ត៌មានមានអំពីវឌ្ឍនភាព និងបច្ចុប្បន្នភាព។ លោកទេសរដ្ឋមន្រ្តី បានបញ្ជាក់រំឭកថា អាជ្ញាធរជាតិប្រយុទ្ធនឹង ជំងឺអេដស៍ មានគោលបំណង ឆន្ទៈដ៏មុតមាំ ដោយកិច្ចខិតខំប្រឹងប្រែងរួមគ្នាច្បាស់លាស់ ជាមួយការចូលរួមចំណែក របស់អ្នកផ្ទុកមេរោគអេដស៍ ប្រជាពលរដ្ឋរងផលប៉ះពាល់ និងអង្គការសង្គមស៊ីវិល បានជំរុញឲ្យយើងអាចប្រយុទ្ធទប់ស្កាត់ ការចម្លងរាលដាលមេរោគអេដស៍ និងបានសង្កត់ធ្ងន់លើសរសស្តម្ភទាំងបី នៃជោគជ័យរបស់យើងគឺ៖
*ទី១៖ ភាពជាអ្នកដឹកនាំ និង ភាពម្ចាស់ការ (Leadership and Ownership)
*ទី២៖ ភាពជាដៃគូ (Partnership)
*ទី៣៖ ការវិនិយោគ (Investment)៕