(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានប្រកាសប្រឡងប្រជែងជ្រើសរើសនិស្សិត និងមន្ត្រីរាជការស៊ីវិល ឲ្យចូលបម្រើការងារក្នុងក្របខ័ណ្ឌក្រសួងប្រៃសណីយ៍ សម្រាប់ឆ្នាំ២០១៩ ក្របខ័ណ្ឌ (ក) ចំនួន៣០កន្លែង។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងប្រៃសណីយ៍ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩។
ក្រសួងបៃ្រសណីយ៍ និងទូរគមនាគមន៍ សូមជូនដំណឹងដល់និស្សិត និងមន្ត្រីរាជការស៊ីវិល ដែលមានបំណងដាក់ពាក្យស្នើសុំសិទ្ធិប្រឡង ប្រជែងចូលបម្រើការងារ ក្នុងក្របខ័ណ្ឌក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍សម្រាប់ឆ្នាំ២០១៩ ឱ្យបានជ្រាបថា កាលបរិច្ឆេទឈប់ទទួលពាក្យ និងបង់ថវិកាសុំសិទ្ធិប្រឡង ត្រូវបានកំណត់ត្រឹមថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ វេលាម៉ោង ១៧៖០០នាទីល្ងាច។
សូមបញ្ជាក់ថា ចំពោះបេក្ខជន-បេក្ខនារី ដែលបានបង្កើតគណនី ដាក់ពាក្យប្រឡងតាមប្រព័ន្ធកុំព្យូទ័ររួចរាល់ សូមប្រញាប់រួសរាន់មកបំពេញ បែបបទស្នើសុំសិទ្ធិប្រឡងជាផ្លូវការ និងភ្ជាប់មកជាមួយនូវឯកសារ ដូចបានកំណត់ក្នុងសេចក្តីជូនដំណឹង នៅទីស្តីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍៕