(ភ្នំពេញ)៖ វត្តរាជបូណ៌ ជាវត្តដ៏ចំណាស់មួយក្នុងចំណោមវត្តដទៃទៀត ដែលស្ថិតនៅតាមដងស្ទឹងសៀមរាប ស្ថិតក្នុងភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប អារាមនេះមានព្រះវិហារមួយដែលមានលក្ខណៈស្ថាបត្យកម្មល្អឯក ហើយប្រហែលជាសាងសង់ឡើងក្នុងរាជ្យព្រះបាទនរោត្តម។
នៅលើជញ្ជាំងព្រះវិហារផ្នែកខាងក្នុងមានសិល្បៈដ៏រស់រវើកល្អវិចិត្រ គឺគំនូរបុរាណរឿង «រាមកេរ្តិ៍» ដែលជារឿងល្បីល្បាញនៅអាស៊ីអាគ្នេយ៍ គូរនៅរវាងឆ្នាំ១៩២០-១៩២៤ ដោយជាងឈ្មោះ ប៉ិល និងក្មួយរបស់គាត់ឈ្មោះ ឌិត។ ជាងគំនូរទាំង២ គឺជាជាងធ្វើណាំងសម្រាប់ល្ខោនស្បែកធំ ទើបគំនូរមានទម្រង់កាយវិការបែបដូចស្បែកធំ។ ចំណែកនៅផ្នែកខាងក្រៅមានចម្លាក់លៀនយ៉ាង រស់រវើកនៅលើទ្វារ និងបង្អួច។
ព្រះវិហារចំណាស់នេះធ្លាប់មានការជួសជុលតាំងពីសម័យអាណានិគមបារាំងមកម្ល៉េះ ហើយបច្ចុប្បន្នមានសភាពទ្រុឌទ្រោមដោយអន្លើ ដែលតម្រូវឱ្យមានការជួសជុលជាចាំបាច់ ដោយសារអាយុកាល និងអាកាសធាតុជាដើម។ ដើម្បីរួមចំណែករក្សាមរតកនេះឱ្យគង់វង្សតទៅទៀត អាជ្ញាធរជាតិអប្សរា បានសហការជាមួយអ្នកជំនាញអ៉ីតាលី ចាប់ផ្តើមជួសជុលផ្នែកសំខាន់ៗនៃព្រះវិហារនៅឆ្នាំ២០១៤។
សន្លឹកទ្វារ សន្លឹកបង្អួច គំនូរ និងបដិមាក្នុងវិហារជាដើម សុទ្ធតែបានជួសជុល និងសម្អាតតាមបច្ចេកទេសដោយអ្នកអភិរក្ស។ កិច្ចការទាំងអស់នេះតែងមានព្រះទ័យយកចិត្តទុកដាក់ខ្ពស់ និងការផ្តល់ឱកាសដ៏ពេញលេញ អំពីព្រះមហាវិមលធម្ម ពិន សែម សិរីសុវណ្ណោ ព្រះគ្រូចៅអធិការវត្តរាជបូណ៌។
កិច្ចការអភិរក្សនាបច្ចុប្បន្នចំពោះព្រះវិហារបានត្រូវជួសជុលជា២ដំណាក់កាលបន្ថែមនាពេលថ្មីៗនេះមានដូចជា៖
* ដំណាក់កាលទី១៖ សិក្សាគម្រោងសម្រង់ប្លង់ចាស់ និងធ្វើដំបូលដែកគ្របលើវិហារ ដោយប្រើប្រាស់ថវិការបស់ពុទ្ធបរិស័ទ ក្រោមការផ្តួចផ្តើមពីព្រះមហាវិមលធម្ម ពិន សែម សិរីសុវណ្ណោ។
* ដំណាក់កាលទី២៖ ការជួសជុលដំបូលវិហារផ្តោតលើការជួសជុលគ្រឿងបង្គុំដំបូលដើម្បីរក្សាលំនឹងរបស់ដំបូល សម្លាប់មេរោគ និងសត្វល្អិតស៊ីសាច់ឈើ ជួសជុលសម្អាតហោជាង ដែលមានចម្លាក់ក្បាច់ និងគ្រឿងលម្អដំបូលទាំងអស់ឡើងវិញរួចរាល់បាន១០០% ក្រោមការផ្តល់ថវិកា និងលក្ខណៈបច្ចេកទេស ពីអាជ្ញាធរជាតិអប្សរា។ ជាលក្ខណៈបច្ចេកទេស យើងព្យាយាមរក្សារូបរាងឱ្យនៅដដែល និងប្រើប្រាស់សម្ភារៈចាស់ដែលមានស្រាប់តាមលទ្ធភាព និងប្រើប្រាស់វិធីសាស្ត្រ ដែលសមស្របសម្រាប់ការអភិរក្សនាពេលអនាគត៕