(កណ្ដាល)៖ កម្លាំងនគរបាលខេត្តកណ្ដាល សហការជាមួយក្រុមមន្ត្រីពាក់ព័ន្ធ បានចុះបង្ក្រាបទីតាំងកាត់ត និងតម្លើងរថយន្តខុសបច្ចេកទេសមួយកន្លែង ស្ថិតនៅក្នុងភូមិព្រែកជ្រៅ ឃុំរការកោងទី២ ស្រុកមុខកំពូល ខេត្តកណ្ដាល នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩។
មន្រ្តីនគរបាលខេត្តកណ្តាល បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រតិបត្តិការនេះ បានធ្វើឡើងរវាងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តកណ្ដាល កម្លាំងសាខាគយ និងរដ្ឋាករខេត្ដកណ្ដាល និងកម្លាំងអធិការដ្ឋាននគរបាលស្រុកមុខកំពូល ប៉ុស្តិ៍នគរបាលរដ្ឋបាល និងអាជ្ញាធរមូលដ្ឋានភូមិឃុំ។
បន្ទាប់ចុះទៅដល់ទីតាំងកែច្នៃខុសច្បាប់នេះ រកឃើញថាមានរថយន្ត ៤គ្រឿងកំពុងនៅក្នុងហ្គារាស ប៉ុន្តែមានមួយគ្រឿងស្របច្បាប់ត្រឹមត្រូវ ខណៈ៣គ្រឿងទៀតជាប្រភេទរថយន្តកែច្នៃខុសច្បាប់។
ម្ចាស់ទីតាំងនេះ មិនបានចេញមុខប្រឈមនឹងសមត្ថកិច្ចនោះទេ ដោយគេឲ្យតំណាងម្នាក់ឈ្មោះ អឹង ស៊ុងឆាយ អាយុ២៥ឆ្នាំ ជាអ្នកចេញមុខជំនួស។
យោងតាមនីតិវិធី ម្ចាស់ទីតាំងកែច្នៃរថយន្តខុសច្បាប់នេះ នឹងត្រូវរងពិន័យដោយការបង់ពន្ធលើសំភារៈនៃគ្រឿងបង្គុំឡាន ខណៈតម្លៃគុណនឹង៣នៃតម្លៃនាំចូល។ ម្ចាស់ទីតាំងដដែល នឹងត្រូវរងបណ្ដឹងតាមផ្លូវតុលាការផងដែរ។ ហើយបើសិនជាមិនចូលខ្លួនតាមការកោះហៅរបស់តុលាការទេនោះ តុលាការនឹងមានវិធានការឃាត់ខ្លួន អនុវត្តន៍តាមនីតិវិធី។
ចំពោះប្រតិបត្តិការចុះបង្រ្កាបនេះ សមត្ថកិច្ចរឹបអូសបាននូវវត្ថុតាងរួមមាន៖
*រថយន្តទេសចរណ៍ម៉ាកToyotacamry Hybrid ពណ៌សចង្កូតឆ្វេង សេរីឆ្នាំ២០០៧ (រថយន្តកាត់ត)
*រថយន្តទេសចរណ៍ម៉ាក Lexus RX330 ពណ៍ទឹកប៊ិច ចង្កូតឆ្វេង ស៊េរីឆ្នាំ ២០០៤ ជារថយន្តកាត់ត
*រថយន្តទេសចរណ៍ម៉ាក Lexus NX200t ពណ៌ស ចង្កូតឆ្វេង ស៊េរីឆ្នាំ 2017 មិនមានឯកសារ។
ចំពោះវត្ថុតាងរថយន្តទាំង ៣គ្រឿងខាងលើ ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅស្នាក់ការសាខាគយ និងរដ្ឋាករខេត្តកណ្ដាល ដើម្បីអនុវត្តតាមនីតិវិធី។ ចំណែកទីតាំងខាងលើត្រូវបិទ បណ្ដោះអាសន្ន។
សូមរម្លឹកថា ក្នុងឆ្នាំ២០១៩នេះ ក្នុងទឹកដីខេត្តកណ្ដាល មានការចុះបង្រ្កាបទីតាំងកែច្នៃរថយន្តខុសច្បាប់ច្រើនលើកមកហើយ ខណៈគេនៅចាំបាន ២ករណី ពោលគឺ១ករណី ចុះបង្រ្កាបកាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩កន្លងទៅនេះ ខណៈមន្រ្តីគយ និងរដ្ឋាករ នៃសាខាគយ និងរដ្ឋាករខេត្តកណ្តាល សហការជាមួយកងរាជអាវុធហត្ថស្រុកខ្សាច់កណ្តាល និងមេឃុំវិហារសួគ៌ ក្រោមការដឹកនាំសម្របសម្រួលពីលោក សូ សុវិទ្យា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកណ្តាល បានធ្វើការបង្ក្រាប ទីតាំងកែច្នៃរថយន្តខុសច្បាប់ចំនួន ០៣ទីតាំងផងដែរ នៅភូមិសាស្ត្រវិហាសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
រីឯករណី១ទៀត គឺបង្រ្កាបកាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិដំណាក់កកោះ ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្ដាល៕