Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រួមគ្នាជួយការពារព្រៃឡង់! លោក នង វាសនា តំណាងរាស្ត្រកំពង់ធំ ឧបត្ថម្ភថវិកា១ម៉ឺនដុល្លារក្នុង១ឆ្នាំ សម្រាប់រយៈពេល៣ឆ្នាំ ដល់សហគម៍ការពារធម្មជាតិចំនួន២ ក្នុងស្រុកសណ្តាន់ ខេត្តកំពង់ធំ

27-11-2019 09:11

(កំពង់ធំ)៖ ដោយមើលឃើញពីភាពចាំបាច់ សម្រាប់ការចូលរួមក្នុងកិច្ចគាំពារបរិស្ថាន ពិសេសព្រៃឡង់នោះ លោក នង វាសនា តំណាងរាស្ត្រមណ្ឌលកំពង់ធំ និងជាប្រធានក្រុមការងារចុះជួយស្រុកសណ្តាន់ បានចូលរួមឧបត្ថម្ភជាថវិកាចំនួន១ម៉ឺនដុល្លារក្នុង១ឆ្នាំៗ សម្រាប់រយៈពេល៣ឆ្នាំ ដល់សហគមន៍តំបន់ការពារធម្មជាតិចំនួន២ គឺសហគមន៍តំបន់ការពារធម្មជាតិក្បាលដូនតី និងសហគមន៍ការពារធម្មជាតិជាំម្រេច នៅក្នុងខេត្តកំពង់ធំ។

ការឧបត្ថម្ភពីសំណាក់តំណាងរាស្ត្រមណ្ឌលកំពង់ធំរូបនេះ ធ្វើឡើងដើម្បីអភិវឌ្ឍជីវភាពសហគមន៍ ដោយទទួលបានការផ្តល់ការគ្រប់គ្រងទឹកស្អាត ប្រើប្រាស់ក្នុងសហគមន៍ ដោយសហគមន៍នីមួយៗ ទទួលថវិកាចំនួន៥០០០ដុល្លារអាមេរិកក្នុង១ឆ្នាំ សម្រាប់រយៈពេល៣ឆ្នាំជាប់គ្នា។

ពិធីចុះហត្ថលេខាផ្តល់ការឧតប្ថម្ភនេះ ធ្វើឡើងនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ដែលរៀបចំឡើងក្នុងផ្នែកមួយ នៃដំណើរចុះពិនិត្យស្ថានភាពការងារគ្រប់គ្រង និងអភិរក្សដែលជម្រកសត្វព្រៃព្រៃឡង់ និងសាកសួរសុខទុក្ខសំណេះសំណាល ជាមួយមន្ត្រីឧទ្យានុរក្ស និងប្រជាសហគមន៍តំបន់ការពារធម្មជាតិ នៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ របស់ប្រតិភូក្រសួងបរិស្ថានដឹកនាំដោយ លោករដ្ឋមន្ត្រី សាយ សំអាល់, ប្រតិភូក្រសួងសុខាភិបាល ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់អភិវឌ្ឍន៍អន្តរជាតិ USAID និងដៃគូអភិវឌ្ឍន៍ និងស្ថាប័នពាក់ព័ន្ធនានា។

លោក នង វាសនា បានចាត់ទុកការជួយឧបត្ថម្ភនេះថវិកានេះ គឺជាចូលរួមក្នុងការខិតខំប្រឹងប្រែងអភិរក្សតំបន់ព្រៃឡង់ របស់សហគមន៍ការពារធម្មជាតិ ដើម្បីថែរក្សាព្រៃឡង់ដ៏ពិសេសនេះ សម្រាប់កូនចៅកម្ពុជាសម្រាប់ជំនាន់ក្រោយៗទៀត។ ជាមួយគ្នានេះ លោក វាសនា ក៏បានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជាជពលរដ្ឋគ្រប់រូប សូមរួមថែរក្សាធនធានធម្មជាតិរបស់យើងឲ្យបានគង់វង្ស៕