(ប៊ូសាន, សាធារណរដ្ឋកូរ៉េ)៖ លោក មូន ជេអ៉ីន ប្រធានាធិបតីសាធារណរដ្ឋកូរ៉េ ឬហៅថាកូរ៉េខាងត្បូង បានគូសរំលេចថា ប្រទេសតាមដងទន្លេមេគង្គទាំង៥ (កម្ពុជា, ឡាវ, ថៃ, វៀតណាម និងមីយ៉ាន់ម៉ា) បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការបន្ធូរបន្ថយភាពតានតឹងនៅឧបទ្វីកូរ៉េ ។
ការគូសបញ្ជាក់របស់លោក មូន ជេអ៉ីន បានធ្វើឡើងនៅក្នុងពិធីជប់លៀងសម្រាប់មេដឹកនាំប្រទេសតាមដងទន្លេមេគង្គទាំង៥ នៅរាត្រីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩។
ពិធីជប់លៀងមុនពេលចាប់ផ្តើមកិច្ចប្រជុំកំពូលមេគង្គ-សាធារណរដ្ឋកូរ៉េជាលើកដំបូងនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ស្អែកនេះ ត្រូវបានធ្វើឡើងនៅមជ្ឈមណ្ឌលវប្បធម៌អាស៊ាន-សាធារណរដ្ឋកូរ៉េ ដោយមានការអញ្ជើញចូលរួមពីលោកឧត្តមសេនីយ ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីថៃ, លោក ថងលូន ស៊ីសូលីត នាយករដ្ឋមន្ត្រីឡាវ, លោក ង្វៀន សួនហ៊្វុក នាយករដ្ឋមន្ត្រីវៀតណាម, លោកស្រី អ៊ុង សានស៊ូជី ទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ា និងលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាតំណាងដ៏ខ្ង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។
ថ្លែងនៅក្នុងពិធីជប់លៀងសម្រាប់កិច្ចប្រជុំកំពូលមេគង្គ-សាធារណរដ្ឋកូរ៉េជាលើកដំបូងនេះ លោក មូន បានគូសបញ្ជាក់ថា «បណ្តាប្រទេសមេគង្គបានដើរតួនាទីយ៉ាងសំខាន់ក្នុងការបន្ធូរបន្ថយភាពតានតឹងនៅឧបទ្វីបកូរ៉េ ដោយបានជំរុញឱ្យកូរ៉េខាងជើង ក្លាយជាសមាជិកសហគមន៍អន្តរជាតិ»។
លោកមូន បានបង្ហាញជំនឿថា ប្រទេសសមាជិកអាស៊ាន នឹងជួយដល់ប្រទេសកូរ៉េខាងជើ នៅពេលប្រទេសនេះព្រមរំសាយកម្មវិធីអាវុធនុយក្លេអ៊ែរ។
លោកប្រធានាធិបតីកូរ៉េខាងត្បូង បានបន្ថែមថា «ខ្ញុំសង្ឃឹមថា មេដឹកនាំកូរ៉េទាំងពីរអាចរៀបចំពិធីជប់លៀងជាមួយមេដឹកនាំនៃប្រទេសទន្លេមេគង្គ»។
សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលមេគង្គ-សាធារណរដ្ឋកូរ៉េ នឹងត្រូវប្រារព្ធជាលើកដំបូងនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្អែកនេះ នៅទីក្រុងប៊ូសាន សាធារណរដ្ឋកូរ៉េ។ កិច្ចប្រជុំកំពូលនឹងធ្វើឡើងក្រោមប្រធានបទ «ផ្លូវទៅកាន់ទន្លេមេគង្គ»។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា គឺជាមេដឹកនាំប្រទេសតាមដងទន្លេមេគង្គ ដែលផ្តួចផ្តើមគំនិត និងបានត្រួសត្រាយផ្លូវលើកកម្រិតកិច្ចប្រជុំមេគង្គ-សាធារណរដ្ឋកូរ៉េ ពីកម្រិតរដ្ឋមន្ត្រីការបរទេសទៅជាកិច្ចប្រជុំកម្រិតកំពូល៕