(សៀមរាប)៖ លោកស្រី កុយ សាលីណា ដែលជាភរិយារបស់នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ និងជាមេបញ្ជាការនគរបាលជាតិ ប្រចាំទិសភូមិភាគទី៤ និងទី៥ រួមនិងក្រុមគ្រួសារ បាននាំយកថវិកា ចំនួន ១០ម៉ឺនដុល្លារ ប្រគល់ជូនមន្ទីរពេទ្យជ័យវរ្ម័នទី៧ ឬគន្ធបុប្ផា៣ និងមន្ទីរពេទ្យកុមារអង្គរ ដែលថវិកាទាំងនេះបានមកពីចំណងដៃ នៃអពាហ៍ពិពាហ៍បុត្រា និងបុត្រីប្រសាររបស់លោកទាំងពីរ កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩កន្លងទៅនេះ។
លោកស្រី កុយ សាលីណា បានថ្លែងថា ថវិកាដែលក្រុមគ្រួសាររបស់លោកស្រី បាននាំយកមកជូនមន្ទីរពេទ្យជ័យវរ្ម័នទី៧ ឬ គន្ធបុប្ផានាពេលនេះ គឺមានចំនួន ១០ម៉ឺនដុល្លារអាមេរិក។ ថវិកាទាំងនេះ គឺបានយកទៅប្រគល់ជូនគន្ធបុប្ផា ចំនួនថវិកា ៥ម៉ឺនដុល្លារ និងជូនមន្ទីរពេទ្យកុមារអង្គរ ចំនួន ៥ម៉ឺនដុល្លារ។
លោកស្រីបានគូសបញ្ជាក់ថា ការនាំយកថវិកា ជូនមន្ទីរពេទ្យនាពេលនេះ ដើម្បីបានចូលរួមចំណែកមូលនិធិរបស់មន្ទីរពេទ្យទាំងពីរ សម្រាប់ជួយសង្គ្រោះដល់អាយុជីវិតរបស់កុមារកម្ពុជា។ សម្រាប់ការប្រគល់ថវិកានេះ គឺបាន ៣លើកហើយ សម្រាប់មន្ទីរពេទ្យគន្ធបុប្ផា និងបាន ២លើកសម្រាប់មន្ទីរពេទ្យកុមារអង្គរ៕