(កំពង់ធំ)៖ ក្រៅពីកិច្ចខិតខំប្រឹងប្រែងក្នុងការគ្រប់គ្រង និងអភិរក្សធនធានធម្មជាតិ ជីវៈចម្រុះដែលកម្ពុជាមាន ក្រសួងបរិស្ថាន បានប្តេជ្ញាចិត្តចូលរួមលុបបំបាត់ជំងឺគ្រុនចាញ់ ចេញពីសហគមន៍តំបន់ការពារធម្មជាតិនានា ក្នុងដែនជម្រកសត្វព្រៃ «ព្រៃឡង់» ឱ្យអស់នៅត្រឹមឆ្នាំ២០២៥ ស្របតាមផែនការ យុទ្ធសាស្ត្រជាតិ លុបបំបាត់ជំងឺគ្រុនចាញ់ ក្នុងព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០១១-២០២៥ និងកាត់ផ្តាច់ទាំងស្រុងជំងឺឆ្លងផ្សេងទៀត ដូចជាជំងឺអេដស៍ ជំងឺគ្រុនឈាមជាដើមចេញពីសហគមន៍ តំបន់ការពារធម្មជាតិផងដែរ។
ការតាំងចិត្តនេះត្រូវបានធ្វើឡើងក្នុងអំឡុងពេលនៃដំណើរចុះពិនិត្យស្ថានភាពការងារគ្រប់គ្រង និងអភិរក្សដែលជម្រកសត្វព្រៃព្រៃឡង់ និងសាកសួរសុខទុក្ខសំណេះសំណាលជាមួយមន្ត្រីឧទ្យានុរក្ស និងប្រជាសហគមន៍តំបន់ការពារធម្មជាតិនៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ ២០១៩ របស់ប្រតិភូក្រសួងបរិស្ថានដឹកនាំដោយ លោករដ្ឋមន្ត្រី សាយ សំអាល់ និងមានការចូលរួមពីតំណាងរាស្ត្រមណ្ឌលកំពង់ធំ ប្រតិភូក្រសួងសុខាភិបាល ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់អភិវឌ្ឍន៍អន្តរជាតិ USAID និងដៃគូអភិវឌ្ឍន៍និងស្ថាប័នពាក់ព័ន្ធនានា។
នៅចំពោះមុខមន្ត្រីឧទ្យានុរក្ស និងប្រជាសហគមន៍តំបន់ការពារធម្មជាតិជាច្រើនរយនាក់ លោក សាយ សំអាល់ បានថ្លែងថា៖ «ការលុបបំបាត់ជំងឺឆ្លង ការគិតគូរពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ការទទួលបានការអប់រំ គឺជាមូលដ្ឋានគ្រឹះ នៅក្នុងការលើកស្ទួយជីវភាពរស់នៅរបស់ប្រជាសហគមន៍មូលដ្ឋាន ដោយរក្សាបាននូវវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ ជំនឿ សាសនា និងជាតិសាសន៍របស់ខ្លួន សំដៅបង្កើតជាទេសចរណ៍ធម្មជាតិ ដែលអាចង្កើនសេដ្ឋកិច្ចគ្រួសារ»។
លោករដ្ឋមន្ត្រី បានបន្ថែមទៀតថា «យើងត្រូវរួមគ្នាបង្កើនសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋឱ្យកាន់តែប្រសើរថែមមួយកម្រិតទៀត ដើម្បីបង្កើនប្រសិទ្ធភាពគ្រប់គ្រង និងអភិរក្សធនធានធម្មជាតិ ឱ្យនៅគង់វង្សសម្រាប់មនុស្សរាប់ជំនាន់តទៅមុខទៀត។ ក្រសួងបរិស្ថានបានកំណត់ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសហគមន៍ ដើម្បីគ្រប់គ្រងធនធានធម្មជាតិ កាន់តែប្រសើរនៅក្នុងក្របខណ្ឌទូទាំងប្រទេស ហើយព្រៃឡង់គឺជាការចាប់ផ្តើមដ៏សំខាន់មួយ»។
លោក សាយ សំអាល់ បានសង្កត់ធ្ងន់ថា តំបន់ការពារធម្មជាតិរបស់ប្រទេសកម្ពុជា មានលក្ខណៈពិសេសដោយមានប្រជាពលរដ្ឋរស់នៅជាមួយនឹងធនធានធម្មជាតិ ហើយការការពារ និងអភិរក្សធនធានធម្មជាតិប្រកបដោយនិរន្តរភាព សម្រាប់កូនចៅជំនាន់ក្រោយ ចាំបាច់ត្រូវមានការចូលរួមពីអ្នកពាក់ព័ន្ធគ្រប់ទាំងអស់ ជាពិសេសធ្វើឱ្យសហគមន៍មានសេដ្ឋកិច្ចរឹងមាំ និងរីកចម្រើន។
លោកបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ស្តែងចេញពីការយកចិត្តទុកដាក់ពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អញ្ជើញចូលរួមជាអធិបតីក្នុងវេទិកាថ្នាក់ជាតិ «ការការពារ និងអភិរក្សធនធានធម្មជាតិ» ចំនួន ២លើករួចមកហើយ នៅឆ្នាំ២០១៦ និងឆ្នាំ២០១៧ បានបង្ហាញគោលបំណងជាយុទ្ធសាស្រ្ត និងចក្ខុវិស័យច្បាស់លាស់ ធ្វើយ៉ាងណាឱ្យភាគីពាក់ព័ន្ធទាំងអស់ចូលរួមការពារ និងអភិរក្សធនធានធម្មជាតិ។
ក្នុងឱកាសនោះដែរ លោករដ្ឋមន្រ្តី បានប្រកាសពីផែនការអាទិភាពសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ចសហគមន៍ រួមមានការលើកកម្ពស់ជីវភាពសហគមន៍ឱ្យប្រសើរឡើង តាមរយៈការជួយឱ្យសហគមន៍ កសាងហេដ្ឋារចនាសម្ព័ន្ធ ការលើកកម្ពស់សុខភាព ការចិញ្ចឹមសត្វ ការជំរុញឱ្យកូនចៅប្រជាពលរដ្ឋនៅតាមសហគមន៍ បានរៀនសូត្រខ្ពង់ខ្ពស់ និងទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈ ងាកចេញពីការពឹងផ្អែកលើធនធានធម្មជាតិ មករកជម្រើសមុខរបរថ្មី ដូចជាវិស័យឧស្សហកម្ម និងសេវាកម្មជាដើម។
ជាមួយគ្នានេះដែរ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋនៅតាមសហគមន៍ អភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិ ដែលក្នុងនោះក្រសួងបរិស្ថាន និងក្រសួងទេសចរណ៍ នឹងសហការរៀបចំ និងជួយបណ្តុះបណ្តាលជំនាញទេសចរណ៍ធម្មជាតិ ដើម្បីបង្កើនជីវភាពដល់ប្រជាសហគមន៍ថែមទៀត។
នៅក្នុងឱកាសនោះ សហគមន៍តំបន់ការពារធម្មជាតិចំនួន២ គឺសហគមន៍តំបន់ការពារធម្មជាតិក្បាលដូនតី និងសហគមន៍ការពារធម្មជាតិជាំម្រេចនៅក្នុងខេត្តកំពង់ធំ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយ លោក នង វាសនា តំណាងរាស្រ្តមណ្ឌលកំពង់ធំ ដើម្បីអភិវឌ្ឍជីវភាពសហគមន៍ ដោយទទួលបានការផ្តល់ការគ្រប់គ្រងទឹកស្អាតប្រើប្រាស់ក្នុងសហគមន៍ចំនួន ៣ឆ្នាំជាប់គ្នា ដោយក្នុង ១ឆ្នាំ សហគមន៍នីមួយៗទទួលថវិកាចំនួន ៥០០០ ដុល្លារអាមេរិក។
គណៈប្រតិភូក៏បានចែកមុងជ្រលក់ថ្នាំការពារជំងឺគ្រុនចាញ់ជូនដល់មន្ត្រីឧទ្យានុរក្ស និងប្រជាពលរដ្ឋមូលដ្ឋានផងដែរ។ ជាមួយគ្នានេះ លោក សាយ សំអាល់ និងប្រតិភូក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរខេត្ត និងតំណាងដៃគូអភិវឌ្ឍន៍ បានចុះពិនិត្យដោយផ្ទាល់ព្រៃឈើក្នុងតំបន់ដែនជម្រកសត្វព្រៃ «ព្រៃឡង់»។
ព្រៃឡង់ត្រូវបានកំណត់ជាដែនជម្រកសត្វព្រៃ «ព្រៃឡង់» លើទំហំផ្ទៃដី ៤៣១,៦៨៣ ហិកតាស្ថិតនៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ខេត្តក្រចេះ ខេត្តព្រះវិហារ និងខេត្តស្ទឹងត្រែង តាមអនុក្រឹត្យលេខ៧៤ អនក្រ.បក ចុះថ្ងៃទី៩ ខែឧសភា ឆ្នាំ ២០១៦ និងមានមន្ត្រីឧទ្យានុរក្សចំនួន ៨៣ នាក់បាននិងកំពុងឈរជើង ការពារនិងអភិរក្ស ក្រោយពីមានការផ្ទេរសមត្ថកិច្ចគ្រប់គ្រងពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មកឱ្យក្រសួងបរិស្ថានគ្រប់គ្រងកាលពីខែមេសា ឆ្នាំ២០១៦។
នៅឆ្នាំ២០១៩នេះ ក្រសួងបរិស្ថាន បានរៀបចំបង្កើត និងការប្រកាសទទួលស្គាល់ជាផ្លូវការសហគមន៍ការពារធម្មជាតិចំនួន១៩ ដែលមានប្រជាពលរដ្ឋជាច្រើនម៉ឺននាក់ កំពុងរស់នៅក្នុង និងក្បែរដែនជម្រកសត្វព្រៃ «ព្រៃឡង់» ក្នុងបំណងបង្កើនការចូលរួមគ្រប់គ្រងប្រើប្រាស់ធនធានធម្មជាតិប្រកបដោយចីរភាព និងចូលរួមចំណែក ក្នុងការលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។
គណៈប្រតិភូនៃស្ថាប័នពាក់ព័ន្ធ បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់របស់មន្ត្រីឧទ្យានុរក្សនៃ ក្រសួងបរិស្ថាន ដែលបានលះបង់សព្វបែបយ៉ាង ដើម្បីការពារ និងអភិរក្សដែនជម្រកព្រៃព្រៃឡង់ ក៏ដូចជាការចូលរួមរបស់ប្រជាសហគមន៍តំបន់ការពារធម្មជាតិក្នុងការងារអភិរក្ស។
អាស្រ័យដោយសារកិច្ចខិតខំប្រឹងប្រែង នៅក្នុងការគ្រប់គ្រងតំបន់ការពារធម្មជាតិបានល្អប្រសើរ កម្ពុជាបានលក់ឥណទានកាបូននៅក្នុងដែនជម្រកសត្វព្រៃកែវសីម៉ា ដែនជម្រកសត្វព្រៃព្រៃឡង់ (ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង) ដែនជម្រកសត្វព្រៃក្រវ៉ាញខាងត្បូង និងដែនជម្រកសត្វព្រៃតាតៃ ក្នុងក្របខណ្ឌទីផ្សារស្ម័គ្រចិត្ត ដោយទទួលបានថវិកាសរុបប្រមាណ ១១លានដុល្លារអាមេរិក សម្រាប់ទ្រទ្រង់ដល់ការការពារនិងអភិរក្ស ក៏ដូចជាជួយលើកកម្ពស់ជីវភាពរបស់សហគមន៍មូលដ្ឋាន ដែលឆ្លើយតបនឹងគោលការណ៍ហិរញ្ញប្បទាននិរន្តរភាព៕