(មណ្ឌលគិរី)៖ លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានអះអាងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា គឺជាមេដឹកនាំមួយរូបដែលយកចិត្តទុកដាក់ខ្លាំងបំផុត ពីតម្លៃនៃសន្តិភាព ស្ថិរភាពនយោបាយ ជាពិសេស គឺការគោរពសិទ្ធិមនុស្ស ដែលផ្ទុយពីបុគ្គលមួយចំនួនដែលមានចេតនា ធ្វើឱ្យកម្ពុជាធ្លាក់ក្នុងភាពអសន្តិសុខ។
ការអះអាងបែបនេះ របស់លោក កែវ រ៉េមី បានធ្វើឡើងនៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ នៅក្នុងឱកាសដែលលោក បានអញ្ជើញជាអធិបតីភាព បើកបាឋកថាក្រោមប្រធានបទស្តីពី «រួមគ្នាថែរក្សាសន្តិភាព ដើម្បីលើកកម្ពស់សិទ្ធិមនុស្ស» ដែលរៀបចំសហការដោយ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងរដ្ឋបាលខេត្តមណ្ឌលគិរី។
លោក កែវ រ៉េមី បានថ្លែងយ៉ាងដូច្នេះថា៖ «កាលណាមានសង្គ្រាមហើយសិទ្ធិទទួលបានចំណីអាហារចប់ សិទ្ធិទទួលបានការអប់រំក៏មិនមានទៀតដែរ គ្មានជម្រក សូម្បីជីវិតមិនធានាផង ដូច្នេះសិទ្ធិមនុស្សគឺចប់ ទាក់ទងរឿងនិងបទពិសោធន៍ទាំងអស់នេះ សម្តេចតេជោ ហ៊ុន សែន លោកមានបទពិសោធន៍ អឹចឹង បានលោកជាមេដឹកនាំមួយដែលគិតគូរទាក់ទងនិងគន្លឹះសំខាន់ៗ គឺថែរក្សាសន្តិភាព ស្ថិរភាពឱ្យបាន»។
តាមរយៈការគោរពសិទ្ធិមនុស្សជាធំរបស់សម្តេចតេជោ, លោក កែវ រ៉េមី បានបន្តថា មានតែកម្ពុជានោះទេ ដែលបានអនុញ្ញាតឱ្យមានការិយាល័យឧត្តមស្នងការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា តាំងពីទស្សវតឆ្នាំ ៩០ជាងមកម្ល៉េះ ព្រមទាំងបានលើកស្ទួយសហការជាមួយអង្គការផ្សេងៗ ដែលបានធ្វើការទៅលើរឿងសិទ្ធិមនុស្ស ដើម្បីឱ្យពួកគេ បានអាចបញ្ចេញមតិនានា ពាក់ព័ន្ធនឹងសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដោយមិនរឹតបន្តឹងនោះទេ។
មេសិទ្ធិមនុស្សកម្ពុជារូបនេះ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «បើមេដឹកនាំមួយដែលមិនគោរពច្បាប់កំពូលរបស់រដ្ឋហើយ បើឱ្យទៅដឹកនាំប្រទេសច្របូកច្របល់ ផ្តាច់ការហើយ សូមឲ្យប្រជាពលរដ្ឋជឿចុះ គឺផ្តាច់ការហើយ មនុស្សដែលមិនយកច្បាប់ជាគោល គឺចប់ហើយ អញ្ចឹងគ្រាន់ថា រឿងសិទ្ធិមនុស្សនេះ យើងបានធ្វើកិច្ចការងារជាច្រើន ហើយរដ្ឋាភិបាលបានធ្វើកិច្ចការច្រើនណាស់ ក្នុងការជួយលើកស្ទួយសិទ្ធិមនុស្ស»។
តាមរយៈការគោរពសិទ្ធិមនុស្សយ៉ាងពេញលេញរបស់កម្ពុជា ដែលជាម្លប់នៃសន្តិភាព រីឯការគោរពប្រតិបត្តិសាសនាវិញ, លោក កែវ រ៉េមី បានជម្រាបប្រាប់ទៅប្រជាពលរដ្ឋថា រាជរដ្ឋាភិបាលកម្ពុជា បានបើកទូលាយ ដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ លើការគោរពសាសនា ដែលខ្លួនជឿទុកជាក់ ដោយមិនប្រកាន់ថាព្រះពុទ្ធសាសនា គ្រឹស្តសាសនា ឥស្លាមសាសនា ឬសាសនាផ្សេងៗនោះទេ គឺកម្ពុជា បានបើកទូលាយទាំងអស់។ ចំណុចនេះ គឺជាការគោរពសិទ្ធិមនុស្សជាគំរូដ៏ល្អមួយប្រសើរ ដែលបណ្តាប្រទេសមួយចំនួន មិនអាចធ្វើបានដូចកម្ពុជានោះទេ នេះបើតាមការលើកឡើងរបស់លោកកែវ រ៉េមី ។
លោក កែវ រ៉េមី បានបញ្ជាក់បន្ថែមទៀតថា ប្រទេសកម្ពុជា បច្ចុប្បន្ននេះ មិនដូចកម្ពុជា ពីអតីតកាលនោះទេ គឺបានប្រែក្លាយមុខមាត់ និងមានកេរ្តិ៍ឈ្មោះល្បីល្បាញ នៅលើឆាកអន្តរជាតិ ហើយសម្តេចតេជោ ហ៊ុន សែន ជានិច្ចកាល នៅក្នុងកិច្ចប្រជុំអន្តរជាតិធំៗ គឺបានបង្ហាញពីកិត្យានុភាពរបស់កម្ពុជា ដល់បណ្តាប្រទេសនានា នៅជុំវិញពិភពលោក ទាំងនយោបាយ សេដ្ឋកិច្ច និងការអនុវត្តការគោរពសិទ្ធិមនុស្ស ការអនុវត្តនូវជំនឿសាសនាផងដែរ៕