(ប៊ូសាន)៖ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ អ្នកវិនិយោគកូរ៉េ និងអ្នកវិនិយោគបរទេសដទៃទៀត បានបន្តចូលសួរព័ត៌មានពាក់ព័ន្ធ នឹងការធ្វើធុរកិច្ច និងវិនិយោគ នៅពន្លាក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាយ៉ាងច្រើនកុះករ។
ថ្នាក់ដឹកនាំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានស្វាគមន៍យ៉ាងកក់ក្តៅ និងអញ្ជើញពួកគេឲ្យទៅទស្សនកិច្ចនៅកម្ពុជា ដើម្បីបានស្វែងយល់បន្ថែម និងបានឃើញដោយផ្ទាល់ភ្នែក នូវសក្តានុពលវិនិយោគ និងបរិស្ថានប្រកបដោយភាពអនុគ្រោះ សម្រាប់ការវិនិយោគ ដែលរង់ចាំការវិនិយោគរបស់ពួកគេនៅកម្ពុជា។
នារសៀលថ្ងៃដដែល លោក ស៊ុង យុនម៉ូ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម, ឧស្សាហកម្ម និងថាមពលកូរ៉េ ក៏បានអញ្ជើញទស្សនាពន្លាក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីស្វែងយល់ពីការជំរុញវិនិយោគរបស់កម្ពុជា។
ថ្នាក់ដឹកនាំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏បានជួបប្រាស្រ័យការងារ ជាមួយថ្នាក់ដឹកនាំនៃភ្នាក់ងារជំរុញការវិនិយោគ នៃប្រទេសអាស៊ាន រួមមាន៖ បាលីល ឡាហាដាលៀ (Bahlil Lahadalia) ប្រធានគណៈកម្មាធិការ សម្របសម្រួលវិនិយោគឥណ្ឌូណេស៊ី (BKPM) ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការ ជំរុញការវិនិយោគទៅវិញទៅមក និងក្នុងតំបន់៕