(ក្រចេះ)៖ ជារឿងត្រេកអរមួយសម្រាប់ប្រជាពលរដ្ឋខេត្តក្រចេះ ក៏ដូចជាប្រជាពលរដ្ឋកម្ពុជាទាំងមូលផងដែរ ដោយនៅពេលនេះ អន្លង់សត្វផ្សោតត្បូងខ្លា ទទួលបានកូនផ្សោតថ្មីមួយទៀតហើយ នៅចុងឆ្នាំ២០១៩នេះ។
យោងតាមការផ្សព្វផ្សាយរបស់អង្គការសម្រាប់អភិរក្សធនធានធម្មជាតិកម្ពុជា (WWF-កម្ពុជា) បានឱ្យដឹងថា កូនផ្សោតកើតថ្មីមួយក្បាលនេះ ត្រូវបានប្រទះឃើញកាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅវេលាម៉ោងប្រមាណជា ៨៖៣០នាទីព្រឹក ស្ថិតក្នុងអន្លង់សត្វផ្សោតត្បូងខ្លា ក្នុងភូមិកោះជ្រឹម ឃុំអូរម្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។
ក្រុមការងារផ្នែកស្រាវជ្រាវនៃអង្គការ WWF និងរដ្ឋបាលជលផលខេត្តក្រចេះ និងស្ទឹងត្រែង បានចុះទៅពិនិត្យអង្កេតកូនផ្សោតដែលទើបកើតថ្មី ក្រោយពេលទទួលបានព័ត៌មានពីក្រុមការងារឆ្មាំទន្លេប្រចាំប៉ុស្តិ៍កោះជ្រឹម កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៩។ ក្រោយពេលចុះពិនិត្យ ក្រុមការងារស្រាវជ្រាវ ពិតជាបានប្រទះឃើញកូនផ្សោតកើតថ្មីនោះ ហើយក្រុមការងារក៏បានធ្វើការអង្កេត និងថតរូបកូនផ្សោត និងមេរបស់វា។
បើតាមអង្គការសម្រាប់អភិរក្សធនធានធម្មជាតិកម្ពុជា កូនផ្សោតកើតថ្មីនោះ មានអាយុប្រហែលជាប្រាំថ្ងៃ ហើយនៅក្នុងហ្វូងសត្វផ្សោតធំ ចំនួនប្រមាណជាប្រាំមួយក្បាល។
កូនផ្សោតដែលបានប្រទះឃើញថ្មីនេះ គឺជាកូនផ្សោតទីដប់ពីរហើយដែលបានកត់ត្រាថា បានកើតនៅក្នុងឆ្នាំ២០១៩ ចាប់ពីខែមករា រហូតដល់ខែវិច្ឆិកានេះ ដោយក្នុងនោះកូនផ្សោតចំនួនប្រាំមួយក្បាល ត្រូវបានកត់ត្រាថាបានកើតនៅក្នុងខេត្តស្ទឹងត្រែង និងកូនផ្សោតចំនួនប្រាំមួយក្បាល ត្រូវបានកត់ត្រាថាបានកើតនៅក្នុងខេត្តក្រចេះ។
លោក អេង ជាសាន ប្រធានរដ្ឋបាលជលផល ធ្លាប់ប្រាប់ឱ្យដឹងថា សត្វផ្សោតនៅទន្លេមេគង្គបានកើតជារៀងរាល់ឆ្នាំ។ ក្នុងនោះឆ្នាំ២០១៥ កើតបាន ១២ក្បាល, ឆ្នាំ២០១៦ កើតចំនួន ១១ក្បាល, ឆ្នាំ២០១៧ កើតចំនួន ៩ក្បាល និងឆ្នាំ២០១៨ កើតចំនួន ៩ក្បាល។
ប្រធានរដ្ឋបាលជលផល បានប្រាប់អង្គភាពព័ត៌មាន Fresh News ឱ្យដឹងថា បច្ចុប្បន្ននេះផ្សោតនៅទន្លេមេគង្គរបស់កម្ពុជាមានចំនួនសរុបជាង ១០០ក្បាល។ លោកបានសម្តែងការអបអរសាទរ ចំពោះវត្តមានកូនផ្សោតថ្មី ដែលជាប្រភេទសត្វកម្រមួយនៅកម្ពុជា។
សត្វផ្សោតនៅទន្លេមេគង្គនៅអន្លង់ផ្សោតកាំពី ក្នុងខេត្តក្រចេះ និងអន្លង់ផ្សោតនៅខេត្តស្ទឹងត្រែង កំពុងក្លាយជាកន្លែងទាក់ទាញទេសចរណ៍ជាតិ និងអន្តរជាតិដ៏ទាក់ទាញមួយនាពេលបច្ចុប្បន្ន។ លោកប្រធានរដ្ឋបាលជលផល បានចាត់ទុកវត្តមានសត្វផ្សោតថ្មីនេះ នឹងក្លាយជាការរួមចំណែកសំខាន់មួយទៀត ក្នុងវិស័យទេសចរណ៍នៅតាមដងទន្លេមេគង្គ។
លោក អេង ជាសាន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ក៏ដូចជាសហគមន៍នេសាទចូលរួមការពារសត្វផ្សោតទាំងអស់គ្នា ដើម្បីបង្កើនចំនួនសត្វផ្សោតឲ្យបានកាន់តែច្រើនក្នុងទន្លេមេគង្គរបស់កម្ពុជា៕