(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី សុន គន្ធរ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកសហគ្រាសតូច និងមធ្យម និងមីក្រូហិរញ្ញវត្ថុ បានលើកឡើងថា កម្ពុជាគឺជាប្រទេស ដែលមានច្បាប់ស្តីពី គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដ៏រឹងមាំក្នុងតំបន់។
ការលើកឡើងបែបនេះ បានធ្វើឡើងក្នុងឱកាសដែលទេសរដ្ឋមន្ត្រី អញ្ជើញចូលរួម ក្នុងសិក្ខាសាលាស្តីពី «ឱកាស និងបញ្ហាប្រឈមរបស់មីក្រូហិរញ្ញវត្ថុ នៅកម្ពុជា» នាពេលថ្មីៗនេះ ដែលរៀបចំធ្វើឡើង នៅសាកលវិទ្យាល័យឯកទេសនៃកម្ពុជា។
ក្នុងពិធីនោះ ទេសរដ្ឋមន្ត្រី សុន គន្ធរ ក៏បានថ្លែងអំពីការរីកចំរឿន នៃវិស័យមីក្រូហិរញ្ញវត្ថុ ដែលចាប់ផ្តើម តាំងពីតូចរហូតដល់រីកលូតលាស់យ៉ាងធំ ដោយចាប់ផ្តើមពីផ្ទះមួយល្វែង រហូតដល់មានអគារធំៗ ហើយច្រើនសាខា ទូទាំងប្រទេស និងខ្លះមានសាខាប្រតិបត្តិនៅបរទេសទៀតផង។
ឆ្លងកាត់បទពិសោធន៍ ក្នុងវិស័យមីក្រូហិរញ្ញវត្ថុ តាំងពីឆ្នាំ១៩៩៣ លោក សុន គន្ធរ បានបង្ហាញអំពីកម្ចីចំនួន២ ដែលកើតមានឡើងរហូតដល់សព្វថ្ងៃ។ ទី១៖ កម្ចីវិនិយោគ ដែលមានអាជីវករនៅបណ្តាខេត្តផ្សេងៗ បានខ្ចីប្រាក់នៅគ្រឺះស្ថានចំនួន២លានរៀល ទៅរកស៊ីទិញលក់ពងទា។ អាជីវករនោះ បានសងប្រាក់វិញទាំងដើម និងការប្រាក់តែក្នុងរយៈពេលមួយឆ្នាំ។
រីឯប្រភេទទី២ គឺកម្ចីហ៊ឺហារ ដែលមាននៅតាមហាងលក់ទូរស័ព្ទទំនើបៗ ម៉ូតូថ្មីៗ និង រថយន្ត ហើយអ្នកដែលខ្ចី មិនបានយកម៉ូតូ ឬ រថយន្តទៅរកស៊ីដូចជាដឹកភ្លៀវនោះទេ គឺពួកគាត់ប្រើប្រាស់ដើម្បីហ៊ឺហារ ហើយកម្ចីនេះ មិនជួយឲ្យប្រាក់ចំណូល ពួកគាត់កើនឡើងឡើយ។ លោកក៏បានបង្ហាញអំពីអត្រាការប្រាក់ ដែលពីអតីតកាល មានតម្លៃខ្ពស់រហូតដល់៦០ភាគរយ ក្នុងមួយឆ្នាំ បានធ្លាក់មកនៅត្រឹម១៨ភាគរយ ក្នុងមួយឆ្នាំបច្ចុប្បន្ន។
ឆ្លើយតបនឹងសំណួរ តើរដ្ឋាភិបាលមានយុទ្ធសាស្ត្របែបណា ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច? លោកបណ្ឌិត ស្តើង សុខុម រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបកស្រាយចម្ងល់នេះថា រាជរដ្ឋាភិបាលមានសកម្មភាព យ៉ាងច្រើន ដើម្បីសម្រេចយុទ្ធសាស្ត្រ អភិវឌ្ឍសេដ្ឋកិច្ច។ សរសរស្តុមចំនួនបួនធំៗ ដែលជាធនធានគន្លឹះ ដល់ការអភិវឌ្ឍសេដ្ឋកិច្ចរួមមាន៖ ធនធានធម្មជាតិ ធនធានមនុស្ស ធនធានហិរញ្ញវត្ថុ និង បច្ចេកវិទ្យា។
លោកបណ្ឌិត ស្តើង សុខុម បន្ដទៀតថា វិស័យកសិកម្ម ឧស្សាហកម្ម សិប្បកម្ម ទេសចរ ជលផល និង តួអង្គយ៉ាងច្រើនផ្សេងទៀត ដែលជាចលករ និងឧបករណ៍ជួយជំរុញដល់វិស័យ កំណើនសេដ្ឋកិច្ចទាំងអស់នេះដូចជា មនុស្សមានជំនាញ បច្ចេកវិទ្យា ហិរញ្ញវត្ថុ ទឹក ភ្លើង ផ្លូវ កំពុងផែ ព្រលានយន្តហោះជាដើម។
លោកបណ្ឌិត បានគូសបញ្ជាក់ថា សរុបជារួមរាជរដ្ឋាភិបាល មានគោលនយោបាយច្រើនណាស់ រួមទាំងកិច្ចសហប្រតិបត្តិការជាមួយដៃគូរបរទេស ការបង្កើតសាលារៀន និង ការអភិវឌ្ឍវិស័យអប់រំ ការបង្កើត និង ច្បាប់គ្រប់គ្រងគ្រឹះស្ថានហិរញ្ញវត្ថុ អភិវឌ្ឍនិងទំនើបកម្មបច្ចេកវិទ្យា។
លើសពីនោះទៅទៀត លោកបណ្ឌិត ស្តើង សុខុម ក៏បានធ្វើការប្រៀបធៀបហិរញ្ញវត្ថុ គឺដូចនឹងឈាមក្នុងខ្លួនមនុស្ស។ ខ្វះឈាមគឺខ្វះទុនបង្វិល ទុនប្រតិបត្តិ។ នៅពេលកម្ពុជា មានធនធានមនុស្ស មានអ្នកជំនាញខ្ពស់ គឺមានបច្ចេកវិទ្យាទំនើប មានឧស្សាហកម្មធុនធំ និងរឹងមាំ៕