(ព្រះសីហនុ)៖ លោក លៀម សុដា អភិបាលរងខេត្តព្រះសីហនុ បានថ្លែងអំពាវនាវដល់វិនិយោគិនចិន ឲ្យបន្ដមកបណ្ដាកទុនវិនិយោគ នៅកម្ពុជាបន្ថែមទៀត ពិសេសក្នុងខេត្តព្រះសីហនុ។
ការថ្លែងអំពាវនាវបែបនេះ របស់លោកអភិបាលរងខេត្តព្រះសីហនុរូបនេះ ធ្វើឡើងក្នុងឱកាសដែលលោកអញ្ជើញចូលរួមក្នុងកម្មវិធី សន្និសីទសហគ្រិនពាណិជ្ជកម្មជនជាតិចិន ខេត្តព្រះសីហនុ។
លោក លៀម សុដា បានបន្តគាំទ្រដល់វិនិយោគិនចិន នៅខេត្តព្រះសីហនុ ដើម្បីលើកកម្ពស់កំណើនសេដ្ឋកិច្ច ព្រមទាំងបង្កើតការងារ ជូនប្រជាពលរដ្ឋជាពិសេសយុវជន។ លោកក៏បានស្វាគមន៍ និងអំពាវនាវអ្នកវិនិយោគិនចិន មកបណ្តាក់ទុនកាន់តែច្រើននៅកម្ពុជា ពិសេសខេត្តព្រះសីហនុ។
អភិបាលរងខេត្តព្រះសីហនុបានបន្ដថា ខេត្តព្រះសីហនុជាតំបន់ប៉ូលអភិវឌ្ឍជាតិសំខាន់ នៅតំបន់ឆ្នេរសមុទ្រកម្ពុជា និងជាខេត្តដែលមានសក្តានុពលសេដ្ឋកិច្ចខ្ពស់ ក្នុងការទាក់ទាញវិនិយោគិន និងភ្ញៀវទេសចរជាមួយនឹងការកម្សាន្ត តាមឆ្នេរសមុទ្រ និងកោះដ៏ស្រស់ស្អាតកំពង់ផែអន្តរជាតិ អាកាសយានដ្ឋានអន្តជាតិ និងធនធានធម្មជាតិដ៏សំបូរបែប។
លោក លៀម សុដា ឲ្យដឹងថា ការជួបជុំសមាគមពាណិជ្ជកម្មជនជាតិចិន នៅកម្ពុជាប្រចាំខេត្តព្រះសីហនុនេះ ជាឱកាសដ៏ល្អក្នុងការផ្លាស់ប្តូរព័ត៌មាន មតិយោបល់បទពិសោធន៍ និងពិភាក្សារកដំណោះស្រាយល្អៗ ក្នុងការធ្វើពាណិជ្ជកម្មនៅខេត្តព្រះសីហនុ និងបង្កើតជាបណ្តាញ ព្រមទាំងពង្រឹងពង្រីកចំណងទំនាក់ទំនង ក្នុងធ្វើការធ្វើអាជីវកម្ម។
ជាមួយនឹងទំនាក់ទំនងដ៏ល្អរវាងកម្ពុជា-ចិន លោក លៀម សុដា ក៏បានលើកយកប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា អំពីកិច្ចព្រមព្រៀងកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីរវាងកម្ពុជា-ចិនផងដែរ។
លោក លៀម សុដា បានលើយកប្រសាសន៍សម្ដេចតេជោថា នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិននឹងបើកកិច្ចប្រជុំចរចាស្តីពី កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។ កិច្ចប្រជុំចរចានេះធ្វើឡើង ដើម្បីបើកចំហឱ្យកាន់តែទូលាយ ក្នុងការធ្វើពាណិជ្ជកម្មកាន់តែប្រសើរថែមទៀតរវាងកម្ពុជា-ចិន។
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ នឹងផ្តល់ឱកាសលំហូទីផ្សារកាន់តែច្រើនដល់កម្ពុជា បន្ថែមលើអ្វីដែលសម្រេចបាន តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីរវាងអាស៊ាន និងចិន។
លោក លាំង ឈីលាំង ប្រធានសមាគមពាណិជ្ជកម្មជនជាតិចិននៅកម្ពុជា ប្រចាំខេត្តព្រះសីហនុឲ្យដឹងថា ដោយឈរលើកិច្ចសហប្រតិបត្តិការ ផ្លូវមួយខ្សែក្រវាត់មួយ និងទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសទាំងពីរ នឹងជួយឱ្យខេត្តព្រះសីហនុទទួលបានការអភិវឌ្ឍ និងរីកចម្រើនរុងរឿង។
លោកគូសបញ្ជាក់ថា សមាគមពាណិជ្ជកម្មជនជាតិចិន នឹងខិតខំទាក់ទាញវិនិយោគិនចិន មកវិនិយោគនៅខេត្តព្រះសីហនុឱ្យកាន់តែច្រើន ដើម្បីអភិវឌ្ឍជំរុញសេដ្ឋកិច្ចខេត្តឆ្នេរសមុទ្រនេះ។
លោកឧកញ៉ា ជា សឿន អនុប្រធានអចិន្ត្រៃយ៍នៃសមាគមសម្ព័ន្ធខ្មែរចិន នៅកម្ពុជាឲ្យដឹងថា ជំនួបសហគ្រិនពាណិជ្ជកម្មជនជាតិចិនខេត្តព្រះសីហនុ ជាឱកាសមួយបានទទួលការពិភាក្សាការផ្លាស់ប្តូរគំនិតយោបល់ការចាប់ដៃគូពាណិជ្ជកម្មរវាងអ្នកបណ្តាក់ទុនចិន។
លោកបញ្ជាក់ថា សូមស្វាគមចំពោះវត្តមានវិនិយោគិនចិន នៅខេត្តព្រះសីហនុ និងរំពឹងថាទីក្រុងឆ្នេរសមុទ្រដ៏ស្រស់ស្អាតមួយនេះនឹងក្លាយជាទីក្រុងខ្នាតអន្តរជាតិមួយ ដែលមានការអភិវឌ្ឍខ្ពស់៕