(ស្ទឹងត្រែង)៖ លោកប្រធានមន្ទីទេសចរណ៍ខេត្តស្ទឹងត្រែង និងលោកអភិបាលស្រុកបុរីអូរស្វាយសែនជ័យ មន្ត្រីក្រោមឱវាទ និងពលរដ្ឋក្នុងស្រុកទាំងមូល ជាប់ព្រំដែនកម្ពុជាឡាវ បានរៀបចំកម្មវិធីបដិសណ្ឋារកិច្ច ដល់ភ្ញៀវទេសចរសាធារណរដ្ឋប្រជាមាណនិតចិន មកពីខេត្តយូណាន យ៉ាងកក់ក្តៅជាទីបំផុត។
ការទទួលស្វាគមន៍ភ្ញៀវទេសចរ មកពីខេត្តយូណាន ប្រទេសចិននេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចច្រកព្រំដែនត្រពាំងគ្រៀល កម្ពុជាឡាវ ស្ថិតក្នុងភូមិអូរសាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយ ខេត្តស្ទឹងត្រែង ក្នុងពេលពួកគាត់មកកម្សន្តក្នុងប្រទេសកម្ពុជា។
លោក អ៊ុន ប៉ោសឿន ប្រធានមន្ទីទេសចរណ៍ខេត្ត បានថ្លែងក្នុងពេលនោះផងដែរថា លោកបានដឹកនាំមន្ត្រីក្រោមឱវាទ និងមានកិច្ចសហកាពីអាជ្ញាធរមូលដ្ឋានស្រុកបុរីអូរស្វាយសែនជ័យ និងពលរដ្ឋធ្វើបដិសណ្ឋារកិច្ចទទួលភ្ញៀវ ក្នុងនាមយើងជាម្ចាស់ផ្ទះ ដែលមានព្រំប្រទល់ជាប់គ្នាជាមួយប្រទេសឡាវ ដែលពួកគាត់ធ្វើដំណើរ មកពីខេត្តយូណាន ប្រទេសចិន តាមរថយន្តចំនួន២២គ្រឿង ជាលក្ខណៈគ្រួសារ។
លោក លី មីណា អអភិបាលស្រុកបុរីអូរស្វាយសែនជ័យ បានថ្លែងថា ក្នុងនាមលោកជាអភិបាលស្រុក ហើយស្រុកនេះជាប់នឹងព្រំប្រទល់ប្រទេសឡាវជាមិត្ត លោកបានដឹកនាំមន្ត្រីក្រោមឱវាទ កងកម្លាំងប្រដាប់អាវុធ ការពារសន្តិសុខសុវត្ថិភាព ជូនភ្ញៀវទេសចរណ៍ចិន ដែលមកទេសចរណ៍កម្សាន្ត ឆ្លងកាត់ប្រទេសកម្ពុជាយើង។
លោកអភិបាលស្រុក ក៏បានបន្តទៀតថា លោកបានរៀបចំនិងដឹកនាំពលរដ្ឋក្នុងស្រុកទាំងមូល ទទួលបដិសណ្ឋារៈកិច្ចយ៉ាងកក់ក្តៅបំផុត ដល់ភ្ញៀវទេសចរណ៍ជនជាតិចិន មកពីខេត្តយូណាននេះ៕