(បាត់ដំបង)៖ កិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំរបស់រាជរដ្ឋាភិបាល ស្តីពី ការចាត់វិធានការថែរក្សាទឹកទុក នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅសាលប្រជុំសាលាខេត្តបាត់ដំបង បានធ្វើឡើងក្រោមអធិបតីភាពលោក ចាន់ យុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម, លោក ហឿង សុគន្ធ អភិបាលរងខេត្ត និងមានការអញ្ជើញចូលរួមពីសំណាក់ អភិបាលក្រុង ស្រុក មន្ទីរជំនាញពាក់ព័ន្ធ និងក្រុមប្រឹក្សាឃុំសង្កាត់ក្នុងខេត្តជាង ២០០នាក់។
លោក ហឿង សុគន្ធ បានបញ្ជាក់ថា ខេត្តបាត់ដំបងជាខេត្តមួយ ដែលប្រជាពលរដ្ឋភាគច្រើនជាកសិករ និងជាខេត្តមួយដែលមានដីសំបូរទៅដោយជីជាតិក្នុងការប្រកបរបរកសិកម្ម។ ជាមួយគ្នានេះផងដែរខេត្តបាត់ដំបង មានប្រភពទឹកសំខាន់ៗចំនួន៤ រួមមាន៖ ១៖ ស្ទឹងបវេល ២៖ អាងកំពីងពួយ ៣៖ ស្ទឹងសង្កែ ៤៖ ស្ទឹងមោងឬស្សី។
ក្នុងចំណោមប្រភពទឹកសំខាន់ទាំង៤នេះ ខេត្តបាត់ដំបង មានប្រព័ន្ធធារាសាស្រ្តដូចជា៖
*ទី១ ៖ ប្រព័ន្ធធារាសាស្រ្តខ្នាតូចំនួន៦៥
*ទី២ ៖ ប្រព័ន្ធធារាសាស្រ្តខ្នាតមធ្យមចំនួន ៣៦កន្លែង
*ទី៣ ៖ ប្រព័ន្ធធារាសាស្រ្តខ្នាតធំចំនួន៦។
ក្រៅពីប្រព័ន្ធធារាសាស្ត្រ ដែលខេត្តមានបច្ចុប្បន្ននេះ គម្រោងថ្មីដែលបានកំពុងចាប់ដំណើរការសាងសង់មាន៖
*ទី១ ៖ គម្រោងអភិវឌ្ឍន៍ទំនប់សាលាតាអន ស្ថិតក្នុងឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ
*ទី២ ៖ គម្រោងអភិវឌ្ឍន៍អាងដូនទ្រី ស្ថិតក្នុងឃុំបាសាក់ ស្រុករុក្ខគីរី។
លោក ចាន់ យុត្ថា បានថ្លែងថា យោងតាមការព្យាករណ៍ក៏ដូចជា ស្ថានភាពជាក់ស្តែងបានបង្ហាញយ៉ាងច្បាស់ថា ក្នុងឆ្នាំ២០១៩ កម្ពុជាក៏ដូចជាបណ្តាប្រទេសក្នុងតំបន់ បានទទួលរងឥទ្ធិពលយ៉ាង ធ្ងន់ធ្ងរ ពីបាតុភូតដែលអែលនីណូ (El Nino) ដោយបានបង្កឲ្យមានកត្តាអវិជ្ជមានជាច្រើន ដូចជា ធាតុអាកាសមានសភាពក្តៅហួតហែងខ្លាំង រដូវវស្សាមកដល់មានសភាពយឺតយ៉ាវ របាយទឹកភ្លៀងមានភាពរអាក់រអួលមិនស្មើគ្នា របបទឹកទន្លេមេគង្គមានការប្រែប្រួលខ្លាំង ពិសេសជំនន់មានតែមួយលើក ហើយបន្ទាប់មកក៏បានស្រកចុះជាបន្តបន្ទាប់ដល់កម្រិតទាបបំផុតមួយ ដែលមិនធ្លាប់ជួបប្រទះក្នុងរយៈកាលកន្លងមក។ បើទោះបីជា ចាប់ពីខែកក្កដា ឆ្នាំ២០១៩ បាតុភូត អែលនីណូ បានថមថយឥទ្ធិពលជាបណ្តើរៗ។
លោក ចាន់ យុត្ថា បានបញ្ជាក់ថា ទន្ទឹមនឹងអាងទឹកនាពេលកន្លងមកបានរក្សាទឹក ទុកស្ទើរតែ១០០ភាគរយក្នុងក្របខ័ណ្ឌទូទាំងប្រទេសយ៉ាងណាក្តី ក៏បញ្ហាគ្រប់គ្រង និងប្រើប្រាស់ទឹក នៅតែត្រូវបានចាត់ទុកជាអាទិភាព ដើម្បីបម្រើឲ្យស្រវធ្ងន់ចុងរដូវវស្សា ស្រវរដូវប្រាំ២០១៩-២០២០ និងការប្រើប្រាស់ប្រចាំថ្ងៃរហូតដល់មានភ្លៀងកក់ខែនាឆ្នាំថ្មីបន្ត។
លោករដ្ឋលេខាធិការ បានបន្តថា យោងតាមស្ថានភាពដូចបានជម្រាបជូនខាងលើ រាជរដ្ឋាភិបាល សូមធ្វើការណែនាំដូចខាងក្រោម៖
*ទី១ ៖ ការងារបង្កបង្កើនផលស្រូវប្រាំងក្នុងឆ្នាំ ២០១៩-២០២០ គឺអាចធ្វើបានតែ១ដងប៉ុណ្ណោះ ដោយមិនអាចធ្វើស្រូវប្រាំងលើកទី២បានទេ បើទោះបីជាទឹកនៅតាមបណ្តាអាង ដែលបានរក្សាទុកនិងកន្លែងមួយចំនួនដែលមានទឹកជាធម្មជាតិក៏ដោយ គួរគប្បីរក្សាទឹកទាំងនោះទុកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃនិងការដាំដំណាំរួមផ្សំផ្សេងទៀតក្រៅពីស្រូវ។
*ទី២ ៖ ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ត្រូវចូលរូបចាត់វិធានការថែរក្សាទឹកទុកឲ្យបានល្អដើម្បីផ្គត់ផ្គង់សម្រាប់តែការប្រើប្រាស់ប្រចាំថ្ងៃតែប៉ុណ្ណោះ រហូតដល់ពេលមានភ្លៀងធ្លាក់ល្អប្រសើរឡើងវិញ។
លោក ចាន់ យុត្ថា បានបន្ថែមថា ដើម្បីផ្សព្វផ្សាយសារាចរណែនាំរបស់រាជរដ្ឋាភិបាលស្តីពីការចាត់វិធានការថែរក្សាទឹកទុក និងផ្តល់ព័ត៌មាននេះ សូមអាជ្ញាធរដែនដី និងសមត្ថកិច្ចពាក់ព័ន្ធ យកទៅជម្រាបជូនទៅប្រជាពលរដ្ឋនៅតាមមូលដ្ឋានឲ្យពួកគាត់បានជ្រាបបានដឹងច្បាស់លាស់ដើម្បីសហការផងដែរ៕