(កណ្ដាល)៖ នាយឧត្តមសេនីយ៍ យុន ឈុន្នី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានណែនាំដល់ថ្នាក់ដឹកនាំ គ្រប់ថ្នាក់ គ្រប់ផ្នែក ត្រូវបន្តពង្រឹងយន្តការដឹកនាំក្រុមការងារ សុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅថ្នាក់ក្រុង ស្រុក ឃុំ សង្កាត់ ពិសេសរឹតបន្តឹងការអនុវត្តច្បាប់ តាមផែនការសកម្មភាព និងកម្មវិធីការងារ ដែលបានដាក់ចេញឲ្យបានជាប់ជាប្រចាំ ប្រកបដោយតម្លាភាព ធានាផ្តល់សេវាប្រជាពលរដ្ឋ។
ការលើកឡើងបែបនេះ បានធ្វើឡើងក្នុងឱកាសដែលនាយឧត្តមសេនីយ៍ យុន ឈុន្នី អញ្ជើញចូលរួមក្នុងកិច្ចប្រជុំត្រួតពិនិត្យការងារ អនុវត្តផែនការសកម្មភាពចរាចរណ៍ផ្លូវគោក ខេត្តកណ្តាល ឆ្នាំ២០១៩ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩។
ជាមួយគ្នានោះ លោកបណ្ឌិត ម៉ៅ ភិរុណ អភិបាលខេត្តកណ្ដាល ក៏បានលើកឡើងផងដែរថា បញ្ហាគ្រោះថ្នាក់ចរាចរណ៍ បានក្លាយជាបញ្ហាប្រឈមមួយដ៏ធំ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរ ដល់សេដ្ឋកិច្ចជាតិ។
លោកថា ស្របពេលដែលកំណើនយានយន្ត កំពុងមានការកើនឡើងជាលំដាប់ បញ្ហាគ្រោះថ្នាក់ចរាចរណ៍ បានក្លាយជាបញ្ហាប្រឈមមួយ ដែលជាកង្វល់ដ៏ធំ របស់រាជរដ្ឋាភិបាលកម្ពុជា ដោយសារតែបញ្ហានេះ នៅតែកើតមានជារៀងរាល់ថ្ងៃ បណ្តាលឲ្យមានអ្នកស្លាប់ របួស ពិការ និងខូចខាត ទ្រព្យសម្បត្តិរដ្ឋ ឯកជន យ៉ាងច្រើនលើសលប់ ដែលវាបានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរ ដល់សេដ្ឋកិច្ចជាតិ។
លោកអភិបាលខេត្ត បានបន្តទៀតថា បញ្ហាគ្រោះថ្នាក់ចរាចរណ៍ បណ្តាលមកពីកត្តាបីសំខាន់ៗគឺ ទី១៖ កត្តាមនុស្ស, ទី២៖ កត្តាផ្លូវ និងទី៣៖ កត្តាយាន្តជំនិះ។ ដើម្បីឆ្លើយតបទៅនឹងបញ្ហានេះ រដ្ឋបាលខេត្តកណ្តាល បានចេញសេចក្តីអំពាវនាវមួយ ដើម្បីទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ និងបានរៀបចំយុទ្ធការពញ្ញាក់ស្មារតី ដល់អ្នកបើកបរយានយន្តគ្រប់ប្រភេទនៅលើដងផ្លូវ។
គួរបញ្ជាក់ថា តាមរបាយការណ៍ របស់មន្ទីរសាធារណការ ខេត្តកណ្តាល បានឲ្យដឹងថា ជាក់ស្តែង ក្នុងរយៈពេល៩ខែ ឆ្នាំ២០១៩ គ្រោះថ្នាក់ចរាចរណ៍ បានកើតឡើង ក្នុងទឹកដីខេត្តកណ្តាល ចំនួន១៦៩លើក ថយចុះ៧លើក បើធៀបធៀបរយៈពេលដូចគ្នា ទៅនិងឆ្នាំ២០១៨ បណ្តាលឲ្យស្លាប់១១៩នាក់ ថយចុះ៤នាក់ របួសធ្ងន់១៣៧នាក់ ថយចុះ២៨នាក់ របួសស្រាល៧២នាក់ ថយចុះ៥៩នាក់៕