(កំពង់ចាម)៖ ក្រសួងធនធានទឹក និងអាជ្ញាធរខេត្តកំពង់ចាមនៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ បានរៀបចំពិធីប្រជុំផ្សព្វផ្សាយ ដើម្បីបញ្ជ្រាបព័ត៌មានដល់ប្រជាពលរដ្ឋ ឲ្យរៀបចំស្តុបទឹកដើម្បី ត្រៀមបង្ការសម្រាប់ប្រើប្រាស់ធ្វើកសិកម្មពេលជួបគ្រោះរាំងស្ងួត។
ការផ្សព្វផ្សាយ និងការអំពាវនាវនេះ បានធ្វើឡើងក្រោមអធិបតីលោក ថោ ជេដ្ឋា រដ្ឋលេខាធិការក្រសួងធនធានទឹក និងលោក អ៊ុន ចាន់ដា អភិបាលខេត្ត។ លោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម បានឲ្យដឹងថា នាពេលថ្មីៗ ក្នុងអំឡុងខែវិច្ឆិកា ឆ្នាំ២០១៩ មន្ទីរធនធានទឹកបានអន្តរាគមន៍បូមទឹកជួយសង្គ្រោះស្រូវវស្សាចំនួន ១.២៣១ហិកតា នៅឃុំសំរោង ស្រុកព្រៃឈរ និងនៅឃុំព្រែករំដេង ស្រុកស្រីសន្ធរ។
ជាក់ស្តែងដើម្បីឲ្យយន្តការនេះមាននិរន្តរភាព ហើយដំណើរការបានជោគជ័យ និងមានប្រសិទ្ធភាពលើការប្រើប្រាស់ទឹកសម្រាប់ដំណាក់កាលអន្តរកាលនេះ រហូតដល់មានភ្លៀងធ្លាក់គ្រប់គ្រាន់ល្អ ប្រសើរឡើងវិញ។
លោកបន្តថា ថ្វីត្បិតតែកម្រិតទឹកជំនន់ទន្លេមេគង្គឆ្នាំនេះមានកំពស់ ១៥,៧៥ម៉ែត្រ ហើយដែលកំពស់នេះមានកម្រិតខ្ពស់ជាងឆ្នាំមុនៗ ពិតមែន ប៉ុន្តែបរិមាណទឹកនៅក្នុងអាងស្តុកទឹកដូចជា ទំនប់ស្តុកទឹក បឹងត្រពាំងអូរទាំងនោះ មិនលើសពីឆ្នាំមុនៗឡើយ។ ដោយឡែកអាងស្តុកទឹកមួយចំនួននៅស្រុកបាធាយឆ្នាំនេះ ទឹកទន្លេពុំបានហូរ ចូលបំពេញគ្រប់គ្រាន់ទេ ព្រោះផ្លូវត្រូវបានលើកខ្ពស់ ដែលជាមូលហេតុធ្វើឲ្យទឹកទន្លេមិនអាចហូចាក់បំពេញអាងបាន។
ក្នុងឱកាសនោះដែរ អភិបាលខេត្តកំពង់ចាម បានជំរុញឲ្យអាជ្ញាធរក្រុង-ស្រុក ឃុំ-សង្កាត់ទាំងអស់ ដែលបានចូលរួមប្រជុំត្រូវប្រមូលទិន្នន័យទាំងនេះ ដើម្បីយកទៅផ្សព្វផ្សាយបន្តដល់ប្រជាពលរដ្ឋ តាមមូលដ្ឋានដើម្បីឲ្យពួកគាត់ត្រៀមបង្ការនិងសន្សំសំ ចៃទឹកទុកត្រៀមបង្ការ សម្រាប់ប្រើប្រាស់នៅពេលជួបគ្រោះរាំងស្ងួតមកដល់ លើសពីនេះនៅតំបន់ដែលធ្វើស្រែប្រាំង សុំឲ្យពួកគាត់ធ្វើ តែម្តងបានហើយ ដើម្បីសន្សំទឹកទុកបង្ហូរជួយដល់ទីកន្លែងផ្សេង ទៀតដែលប្រឈមនិងការខ្វះទឹកនេះផងដែរ។
លោក ថោ ជេដ្ឋា បានថ្លែងឲ្យដឹងដែរថា «នៅឆ្នាំ២០១៩នេះ ប្រទេសកម្ពុជាយើងនឹងបណ្ដាប្រទេសក្នុងតំបន់នឹងទទួលរងឥទ្ធិពល យ៉ាងធ្ងន់ធ្ងរពីបាតុភូត អែល នីណូ (El Nino) នៅបានបង្កឲ្យមានកត្តា អវិជ្ជមានជាច្រើនដូចជា ធាតុអាកាសមានសភាពក្តៅហួតហែងខ្លាំង រដូវវស្សា មកដល់មានសភាពយឺតយ៉ាវ ដែលអាចធ្វើឱ្យមានការខ្វះទឹកប្រើប្រាស់។
លោកបន្តថា «ព័ត៌មានគឺជាកត្តាសំខាន់សម្រាប់ជីវិតមនុស្សប្រចាំថ្ងៃ ដូច្នេះអាជ្ញាធរនៅតាមមូលដ្ឋាន ក្រោយពីទទួលបានទិន្នន័យដំណឹងសំខាន់ផ្សេងៗ ក្រោយពេលប្រជុំ ត្រូវតែប្រញាប់បញ្ជូនព័ត៌មាន នោះទៅកាន់ប្រជាពលរដ្ឋភ្លាមៗ នឹងធ្វើការពន្យល់ពួកគាត់ឲ្យបានយល់ ដើម្បីឲ្យពួកគាត់ជួយមានវិធានការ ដើម្បីបង្ការនៅពេលជួបនូវបញ្ហាប្រឈមទាំងនោះផងដែរ៕