(ភ្នំពេញ)៖ ក្រសួងកិច្ចការនារី និងក្រសួងមុខងារសាធារណៈ បានចុះអនុស្សារណៈនៃការយោគយល់គ្នា ស្ដីពីភាពជាដៃគូក្នុងការពង្រឹងសមភាពយេនឌ័រ ក្នុងវិស័យមុខងារសាធារណៈ ក្រោមវត្ដមានលោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ដ្រីក្រសួងកិច្ចការនារី និងលោក ព្រំ សុខា រដ្ឋលេខាធិការ នៃក្រសួងមុខងារសាធារណៈ។ ពីធីនេះ បានរៀបចំធ្វើឡើង នៅទីស្ដីការក្រសួងកិច្ចការនារី នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩។
ថ្លែងក្នុងពិធីនោះ លោកស្រីរដ្ឋមន្ដ្រី អ៊ឹង កន្ថាផាវី បានឲ្យដឹងថា បានចុះអនុស្សារណៈនៃការយោគយល់នេះ គឺជាការបោះជំហានថ្មីមួយបន្ថែមទៀត បង្ហាញអំពីការប្តេជ្ញាចិត្តរួមគ្នា និងឈានទៅការដាក់ចេញនូវវិធានការ វិធីសាស្រ្តជាក់លាក់ថ្មីៗ ប្រកបដោយនវានុវត្តន៍ ក្នុងការពង្រឹងសមភាពយេនឌ័រ ក្នុងវិស័យមុខងារសាធារណៈ។
លោកស្រី អ៊ឹង កន្ថាផាវី បានបន្ដទៀតថា ជាពិសេសបង្ហាញអំពីការរួមគ្នា ឲ្យកាន់តែស៊ីជម្រៅ និងប្រសិទ្ធភាពរវាងស្ថាប័នពីរ ក្នុងការអនុវត្ត តាមការចង្អុលបង្ហាញរបស់រាជរដ្ឋាភិបាល ដូចមានកំណត់នៅយុទ្ធសាស្ត្រ ចតុកោណដំណាក់កាលទី៤ ដើម្បីកំណើន ការងារ សមធម៌ និងប្រសិទ្ធភាព សំដៅកសាងមូលដ្ឋាន ឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។
លោកស្រីរដ្ឋមន្ដ្រី បានឲ្យដឹងថា យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ផ្តោតលើការពង្រឹងសមភាពយេនឌ័រ ជាចំណុចអាទិភាពមួយ ដែលស្ថិតនៅក្នុងមុំទី៤ នៃចតុកោណទី១ ស្តីពីការអភិវឌ្ឍ ធនធាន មនុស្ស រាជរដ្ឋាភិបាល បន្តលើកកម្ពស់តួនាទីស្ត្រី តាមរយៈការបង្កើនសមាមាត្រ និងការពង្រឹងសមត្ថភាពស្ត្រី ក្នុងជួរថ្នាក់ដឹកនាំ ទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ទាំងកម្រិតនយោបាយ និងកម្រិតជំនាញ។
លើសពីនោះទៅទៀត ក៏បន្តជំរុញការបញ្ជ្រាបយេនឌ័រ ក្នុងគោលនយោបាយ និងផែនការអភិវឌ្ឍគ្រប់ផ្នែកគ្រប់វិស័យ និងគ្រប់កម្រិត។ នេះជាការបញ្ជាក់បន្ថែម របស់លោកស្រី អ៊ឹង កន្ថាផាវី។
ជាមួយគ្នានោះ រដ្ឋមន្ដ្រីក្រសួងកិច្ចការនារី ក៏បានលើកឡើងថា ក្រសួងកិច្ចការនារី និងក្រសួងមុខងារសាធារណៈ គឺជាដៃគូដ៏សំខាន់ និងបានសហការគ្នាយ៉ាងជិតស្និតកន្លងមក ដែលជាបុព្វហេតុ នាំឲ្យវឌ្ឍនភាព គួរឲ្យកត់សម្គាល់ នៃសមភាពយេនឌ័រ ក្នុងវិស័យមុខងារសាធារណៈ រួមទាំងការចូលរួមរបស់ស្ត្រី ជាមន្ត្រីរាជការ និងភាពជាអ្នកដឹកនាំ។
គូសបញ្ជាក់ថា ការចុះអនុស្សារណៈនៃការយោគយល់គ្នានេះ មានគោលបំណងលើកកម្ពស់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្ត្រី នៅក្នុងវិស័យមុខងារសាធារណៈ ស្របតាមការកំណត់ នៅក្នុងយុទ្ធសាស្រ្ត ចតុកោណ៖
* ផែនការយុទ្ធសាស្រ្តអភិវឌ្ឍជាតិ
* ផែនការយុទ្ធសាស្រ្តនារីរតនៈ
* កម្មវិធីកំណែទម្រង់រដ្ឋបាលសាធារណៈ
* កម្មវិធីកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ
* កម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ
* ផែនការយុទ្ធសាស្រ្តបញ្ជ្រាបយេនឌ័រ ក្នុងវិស័យមុខងារសាធារណៈ និងគោលដៅអភិវឌ្ឍដោយចិរភាព របស់អង្គការសហប្រជាជាតិ។
ក្នុងអនុស្សារណៈនៃការយោគយល់នេះ ក្រសួងមុខងារសាធារណៈ មានភារកិច្ច៖
* អភិវឌ្ឍសមត្ថភាព ការបញ្ជាបយេនឌ័រ ក្នុងវិស័យរមុខងារសាធារណៈ ដល់ថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធ ក្នុងក្រសួងមុខងារសាធារណៈ និងក្រសួង ស្ថាប័នពាក់ព័ន្ធ
* ជំរុញការរៀបចំ និងអនុវត្តកម្មវិធីកំណែទម្រង់ រដ្ឋបាលសាធារណៈ ឆ្នាំ២០១៩-២០៣០ សំដៅឆ្លើយតបនឹងបញ្ហាយេនឌ័រ
* ដឹកនាំ និងសម្របសម្រួលការរៀបចំ និងការអនុវត្តផែនការយុទ្ធសាស្ត្របញ្ជ្រាបយនឌ័រ ក្នុងវិស័យមុខងារសាធារណៈ
* តាមដាន និងវាយតម្លៃការអនុវត្តការងារជាមួយក្រសួង ស្ថាប័ន ក្នុងការបង្កើនចំនួនស្ត្រី ក្នុងមុខងារសាធារណៈ៕