(ភ្នំពេញ)៖ តុលាការរាជធានីភ្នំពេញ បានសម្រេចប្រកាសសាលក្រមលើជនត្រូវចោទឈ្មោះ សាន់ ទង ហៅ ធី ដាក់ពន្ធនាគារអស់មួយជីវិត ករណីបទល្មើសឃាតកម្មគិតទុកមុន។ សាលក្រមនេះ ត្រូវប្រកាសដោយលោកស្រី ស៊ លីនណា ប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។
ការសម្រេចលើរឿងក្តីឧក្រិដ្ឋនេះ គឺធ្វើឡើងបន្ទាប់ពីតំណាងអយ្យ បានសម្រេចចោទប្រកាន់លើឈ្មោះ សាន់ ទង ហៅ ធី ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ ពីបទឃាតកម្មគិតទុកមុន តាមមាត្រា ២០០ នៃក្រមព្រហ្មទណ្ឌ ដែលប្រព្រឹត្តិទៅលើជនរងគ្រោះឈ្មោះ យ៉ាន់ ជឿន ភេទប្រុស ជាអ្នករត់ម៉ូតូឌុប ដោយប្រើប្រាស់កាំបិទចាក់ យ៉ាងសុះសាច់ កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩ នៅក្នុងបន្ទប់លេខ ០៣ នៃផ្ទះសំណាក់ (ចន្ឋូត្រជាក់ចិត្ត) ស្ថិតនៅផ្លូវបេតុង ភូមិឫស្សី០២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
នៅក្នុងកំឡុងពេលបើការជំនុំជម្រះ កាលពីរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅ ជនជាប់ចោទបានឆ្លើយសារភាពគ្រប់យ៉ាងថា ខ្លួនពិតជាបានប្រព្រឹត្ដិដូចការចោទប្រកាន់ប្រាកដមែន។
គួររំលឹកថា កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩ ជនជាប់ចោទបាន ប្រព្រឹត្តិករណីឃាតកម្មទៅលើជនរងគ្រោះឈ្មោះ យ៉ាន់ ជឿន ភេទប្រុស ជាអ្នករត់ម៉ូតូឌុបដោយប្រើប្រាស់កាំបិទចាក់យ៉ាងសុះសាច់ទៅលើជនរងគ្រោះ នៅក្នុងបន្ទប់លេខ ០៣ នៃផ្ទះសំណាក់ (ចន្ឋូត្រជាក់ចិត្ត) ស្ថិតនៅផ្លូវបេតុង ភូមិឫស្សី០២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដើម្បីប្លន់យកម៉ូតូម៉ាក ហុងដាឌ្រីម មួយគ្រឿង៕