(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ត្រូវបានគេចាត់ទុកជាមេដឹកនាំមួយរូបដែលជាប់លំដាប់ទី១ លើការជួបផ្ទាល់ជាមួយនឹងកម្មករច្រើនជាងគេបំផុត បើប្រៀបធៀបជាមួយមេដឹកនាំដ៏ទៃទៀតនៅក្នុងពិភពលោក ។ នេះបើយោងតាមសម្តីរបស់លោក ជា វ៉ាន់ដេត។
«យោងតាមការស្រាវជ្រាវ ខ្ញុំពិតជាមានមោទនភាពយ៉ាងក្រៃលែងដែលសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន បានជាប់លំដាប់ទី១ ក្នុងចំណោមនាយករដ្ឋមន្ត្រី និងប្រធានាធិបតីនៅទូទាំងពិភពលោកដែលបានជួបបងប្អូនកម្មករ កម្មការិនីច្រើនជាងគេបំផុត ដើម្បីលើកទឹកចិត្តកម្មករ កម្មការិនីនឲ្យខិតខំធ្វើការដើម្បីខ្លួនឯង ដើម្បីគ្រួសារនិងដើម្បីចូលរួមចំណែកការអភិវឌ្ឍប្រទេសជាតិ» លោកជា វ៉ាន់ដេត ប្រធានគណៈកម្មការទី៣ របស់រដ្ឋសភាជាតិបានថ្លែងបែបបនេះនៅឯកិច្ចពិភាក្សាស្តីពីច្បាប់សហជីពនាព្រឹកថ្ងៃអង្គារនេះ។
លោក ជា វ៉ាន់ដេត បានបន្ថែមថា «នេះសបញ្ជាក់ឲ្យឃើញថា អស់រយៈពេល៤០ឆ្នាំនៃការគ្រប់គ្រងប្រទេសសម្ដេចតេជោ មិនគ្រាន់តែបានរំដោះប្រជាពលរដ្ឋឲ្យរួចផុត ពីសេចក្តីស្លាប់ប៉ុណ្ណោះទេ តែថែមទាំងយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋជាលោកតា លោកយាយ ជាឪពុកម្ដាយ ហើយឥឡូវនេះបន្តមកយកចិត្តទុកដាក់ដល់កូនចៅ ចៅទួតដែលជាកម្មករនិងកម្មការិនីទៀតផង»។
ការលើកឡើងខាងលើរបស់លោក ជា វ៉ាន់ដេត បានស្របទៅនឹងការបញ្ជាក់ពីលោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារដែលបានកត់ត្រាថា ចាប់តាំងពីឆ្នាំ២០១៧មក សម្ដេចតេជោបានជួបផ្ទាល់ជាមួយនឹងកម្មករ កម្មការិនីខ្មែរយើងរហូតដល់ជិត១លាននាក់ ក្នុងជំនួប៧៧លើក នេះមិនទាន់គិតដល់ការជួបសន្ទនា នានាជាមួយនឹងពលកររបស់ខ្មែរយើងកំពុងបម្រើការងារនៅក្នុងបណ្ដាប្រទេសផ្សេងៗទៀតផង។
សម្ដេចតេជោ ហ៊ុន សែន បានក្លាយជានាយករដ្ឋមន្ត្រីចាប់ពីឆ្នាំ១៩៨៥ ហើយលោកត្រូវបានគេចាត់ទុកថា ជាមេដឹកនាំដ៏ល្អ ជាគំរូនៅក្នុងគ្រួសារ ជាកូនល្អ ហើយក៏ជាឪពុកដ៏ល្អផងដែរ៕