(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អនុប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន បានដឹកនាំបើកកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យពិភាក្សាលើសេចក្តីព្រាង គោលនយោបាយជាតិ និងគោលការណ៍ណែនាំ ស្តីពីការរៀបចំបង្កើតភូមិ-ឃុំ-សង្កាត់ គ្មានគ្រឿងញៀន។
កិច្ចប្រជុំនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ នៅទីស្តីការក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពីសំណាក់ តំណាងក្រសួង-ស្ថាប័ន ពាក់ព័ន្ធយ៉ាងច្រើនផងដែរ។
ភូមិ-ឃុំ-សង្កាត់ គ្មានគ្រឿងញៀន គឺជាការរៀបចំភូមិ-ឃុំ-សង្កាត់ ឱ្យមានលក្ខណៈមួយចំនួនដូចខាងក្រោម៖
ទី១៖ មានយន្តការការងារអចិន្ត្រៃយ៍ និងមានលទ្ធភាព សមត្ថភាព ក្នុងការទប់ស្កាត់ គ្រប់គ្រង និងដោះស្រាយបញ្ហាគ្រឿងញៀន (ការដាំដុះ ផលិត រក្សាទុក ចរាចរ ចែកចាយ និងប្រើប្រាស់) មានការជំរឿនស្រង់ស្ថិតិ ពីមុខរបរ និងស្ថានភាពរស់នៅរបស់ប្រជាជនជាប្រចាំរៀងរាល់១ឆ្នាំម្តង។
ទី២៖ ប្រជាជនទាំងអស់រស់នៅក្នុងភូមិ-ឃុំ-សង្កាត់ បានទទួលការអប់រំ សារអប់រំ និងយល់ដឹងពីគ្រោះថ្នាក់ នៃគ្រឿងញៀន។
ទី៣៖ អ្នកប្រើប្រាស់គ្រឿងញៀនទាំអស់ក្នុងភូមិ-ឃុំ-សង្កាត់ បានទទួលសេវាព្យាបាល ស្តារនីតិសម្បទា និងសមាហរណកម្ម។
ទី៤៖ ជាភូមិ-ឃុំ-សង្កាត់ មានកម្មវិធី អភិវឌ្ឍន៍លើកកម្ពស់ជីវភាពប្រជាជន។
ទី៥៖ មានព័ត៌មាន និងមុខសញ្ញាពាក់ព័ន្ធនឹងការដាំដុះ ផលិត ចែកចាយ ប្រើប្រាស់ត្រូវបានគ្រប់គ្រង និងដោះស្រាយ រាយការណ៍ជូនសមត្ថកិច្ចមានវិធានការច្បាប់។
ទី៦៖ រៀបចំ និងពង្រឹងពីវិធីសាស្ត្រ និងប្រព័ន្ធក្នុងការរាយការណ៍ បញ្ជូនព័ត៌មាន ផ្តល់សញ្ញា ដល់សមត្ថកិច្ច ដើម្បីចាត់វិធានការចំពោះករណីកើតឡើងក្នុងភូមិ-ឃុំ-សង្កាត់។
ការរៀបចំ ភូមិ-ឃុំ-សង្កាត់ «ស» គឺឈរលើគោលការណ៍ប្រមូលផ្តុំនូវកម្លាំងសរុប (ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ពិសេសមូលដ្ឋានផ្ទាល់) ដើម្បីអនុវត្តនូវផែនការយុទ្ធសាស្ត្រ និងសកម្មភាពជាលក្ខណៈពហុវិស័យ គ្រប់ជ្រុងជ្រោយ និងទូលំទូលាយប្រកបដោយសមធម៌ មិនរើសអើង និងគោរពសិទ្ធិមនុស្ស នៅថ្នាក់មូលដ្ឋានសំដៅលើកកម្ពស់ជីវភាព និងសុខមាលភាពប្រជាពលរដ្ឋ ដើម្បីគាំទ្រឱ្យការងារត្រួតពិនិត្យគ្រឿងញៀន និងការដោះស្រាយបញ្ហាពាក់ព័ន្ធនឹងគ្រឿងញៀន នៅថ្នាក់មូលដ្ឋានពិសេសតំបន់ព្រំដែន ឱ្យមានប្រសិទ្ធភាព និងទទួលបានជោគជ័យ៕