(ភ្នំពេញ)៖ ព្រះរាជាណាចក្រកម្ពុជា រួមជាមួយសាធារណរដ្ឋប្រជាមានិតចិន បានបង្កើតព្រឹត្តិការណ៍សម្ដែងសិល្បៈរួមគ្នាមួយ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ និងទេសចរណ៍ ព្រមទាំងដើម្បីអបអរសាទរដល់ឆ្នាំវប្បធម៌ទេសចរណ៍កម្ពុជា-ចិន ដែលជាការចូលរួមចំណែកយ៉ាងសកម្មដល់ការអនុវត្តយុទ្ធសាស្រ្ត «ខ្សែក្រវាត់ និងវិថី» រវាងកម្ពុជា-ចិន។
តាមរយៈការសម្ដែងសិល្បៈរបាំ ចម្រៀង កំប្លែង សៀករហ័សកម្ម និងការពិពណ៌នាអំពីវប្បធម៌នៃប្រទេសទាំងពីរ ហាក់បង្ហាញថា មហាមិត្តកម្ពុជា-ចិន កំពុងឈានឆ្ពោះទៅសម្រេចបានការកសាង «សហគមន៍ជោគវាសនារួមគ្នា»។
ព្រឹត្តិការណ៍ដ៏អធិកអធមនេះដែរ ត្រូវបានធ្វើឡើងក្រោមអធិបតីភាពលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និងមានការចូលរួមពីសំណាក់លោកស្រី ម៉ិញ កុសនី រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ ភ្ញៀវជាតិ-អន្តរជាតិជាច្រើនកុះករ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូកេត្រា នារាត្រីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩។
មុនចាប់ផ្ដើមការសម្ដែងសិល្បៈ លោក វ៉ាង វិនធាន បានថ្លែងថា ការសម្ដែងសិល្បៈរួមគ្នាកម្ពុជា-ចិននាពេលនេះ គឺពិតជាបានចូលរួមជំរុញឱ្យកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិនកាន់មានភាពល្អប្រសើរថែមទៀត ក្នុងក្របខណ្ឌយុទ្ធសាស្ត្រ «ខ្សែក្រវាត់ និងវិថី»។
លោកឯកអគ្គរដ្ឋទូតបានបន្តថា តាមរយៈការសម្ដែងសិល្បៈនេះ កាន់តែធ្វើឱ្យប្រជាជនទាំងពីរស្វែងយល់ពីគ្នាទៅវិញទៅមក ព្រមទាំងរួមគ្នាផ្សព្វផ្សាយពីវិស័យវប្បធម៌ និងទេសចរណ៍ទៅកាន់ភ្ញៀវទេសចរអន្តរជាតិផងដែរ។
លោករដ្ឋមន្ត្រី ថោង ខុន បានថ្លែងដែរថា ប្រទេសចិន និងកម្ពុជា គឺជាអ្នកជិតខាងល្អចេះជួយយកអាសាគ្នាទៅវិញទៅមក។ ប្រជាជនទាំងពីរមានភាពស្រដៀងគ្នា និងចែករំលែកនូវប្រវត្តិសាស្ត្រជាមួយគ្នាច្រើន ដូចជាប្រពៃណី ទំនៀមទម្លាប់ និងវប្បធម៌ ជាមួយនឹងប្រវត្តិនៃទំនាក់ទំនងការទូតដ៏យូរលង់ណាស់មកហើយ។
រដ្ឋមន្ត្រីទេសចរណ៍កម្ពុជាបានបន្តថា ទំនាក់ទំនងនេះត្រូវបានរឹតបន្តឹងកាន់តែស្អិតល្មួតបន្ថែមទៀត នាពេលបច្ចុប្បន្ន ក្រោមស្នាព្រះហស្ថព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហមុនី និងសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាមួយលោកប្រធានាធិបតី ស៊ី ជីនពីង ដែលបានបន្តពីព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ជាមួយលោកប្រធាន ម៉ៅ សេទុង។
លោករដ្ឋមន្ត្រីបានបន្ថែមថា «កម្ពុជា គឺជាគោលដៅទេសចរណ៍វប្បធម៌ដ៏ពេញនិយមសម្រាប់ភ្ញៀវទេសចរចិន និងពិភពលោកទាំងមូល»៕