(ភ្នំពេញ)៖ អគ្គិសនីគឺផ្នែកមួយដ៏សំខាន់បំផុតក្នុងការអភិវឌ្ឍប្រទេស។ ហេតុដូច្នេះហើយទើបបណ្ដាប្រទេសនីមួយៗតែងតែព្យាយាមបង្កើនថាមពលអគ្គិសនីរបស់ខ្លួន ឲ្យមានចំនួនច្រើន និងតម្លៃទាប។ ដើម្បីឆ្លើយតបនិងតម្រូវការរបស់ប្រជាពលរដ្ឋ ក៏ដូចជាកំណើនរោងចក្រ សហគ្រាស។
ថាមពលអគ្គិសនីត្រូវបានទាញយកពីច្រើនប្រភព ដែលមានដូចជាទំនប់វារីអគ្គិសនី រោងចក្រអគ្គិសនីដើរដោយថាមពលធ្យូងថ្ម រោងចក្រអគ្គិសនីដើរដោយ ចំហេះប្រេងឥន្ធនៈ រោងចក្រផលិតថាមពលដើរដោយជីវឧស្ម័ន រោងចក្រថាមពលដើរដោយថាមពលនុយក្លេអ៊ែ រោងចក្រថាមពលដើរដោយពន្លឺព្រះអាទិត្យ និងរោចក្រផលិតថាមពលដើរដោយថាមពលខ្យល់។
នៅក្នុងចំណោមរោងចក្រផលិតថាមពលទាំងអស់ ទំនប់វារីអគ្គិសនីត្រូវបានពិភពលោកចាត់ទុកជារោងចក្រផលិតថាមពលដ៏បរិសុទ្ធ។ បរិសុទ្ធក៏ព្រោះតែដំណើរការនៃការផលិតថាមពលអគ្គិសនីរបស់វារីអគ្គិសនីមិនធ្វើឲ្យប៉ះពាល់ដល់បរិស្ថាន និងជាផ្នែកមួយនៃការគ្រប់គ្រងទឹកជំនន់ ចំណាយថ្លៃដើមទាបជាងថាមពលព្រះអាទិត្យ និងខ្យល់ ហើយទំនប់វារីអគ្គិសនីមានអាយុការនៃការប្រើប្រាស់បានវែង ដែលមានអាយុជាមធ្យមរហូតដល់១០០ឆ្នាំ។
ចំណែកប្រទេសកម្ពុជាគិតត្រឹមឆ្នាំ២០១៩ មានប្រភពថាមពលសំខាន់ៗចំនួន២គឺ ថាមពលអគ្គិសនីក្នុងស្រុក និងថាមពលទិញពីក្រៅប្រទេស។ ប្រភពថាមពលអគ្គិសនីក្នុងស្រុកសរុបរួមមាន ទំនប់វារីអគ្គិសនីចំនួន៧ ដែលមានកម្លាំងផលិតសរុបចំនួន ១.៣២៨មេកាវ៉ាត់ រោងចក្រអគ្គិសនីដើរដោយធ្យូងថ្មចំនួន២ មានកម្លាំងផលិតសរុបចំនួន៦៤០មេកាវ៉ាត់ រោងចក្រអគ្គិសនីដើរដោយចំហេះប្រេងខ្មៅ មានកម្លាំងផលិតសរុបចំនួន២៧៤មេកាវ៉ាត់ រោងចក្រអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យចំនួន២ មានកម្លាំងផលិតសរុបចំនួន៩០មេកាវ៉ាត់ និងអគ្គិសនីដើរដោយជីវឧស្ម័ន មានកម្លាំងផលិតសរុបចំនួន៥៦មេកាវ៉ាត់។ ដែលធ្វើឲ្យថាមពលអគ្គសនីក្នុងប្រទេសសរុបដែលកម្ពុជាចំនួន ២.៣៨៨មេកាវ៉ាត់។ រីឯប្រភពថាមពលអគ្គិសនីដែលកម្ពុជានាំចូលពីប្រទេសជិតខាងរួមមានប្រទេសថៃ វៀតណាម និងឡាវ មានថាមពលសរុបចំនួន៤៤២.៥មេកាវ៉ាត់។
ដោយសារតែកត្តាភូមិសាស្រ្តអំណោយផល ទើបប្រទេសកម្ពុជាបានបង្កើតទំនប់វារីអគ្គិសនីច្រើនជាងរោងចក្រអគ្គិសនីផ្សេងៗ។ ក្នុងចំណោមទំនប់វារីអគ្គិសនីទាំង៧ របស់កម្ពុជា មានតែទំនប់វារីអគ្គិសនីសេសានក្រោម២ក្នុងខេត្តស្ទឹងត្រែងប៉ុណ្ណោះ ដែលមានការវិនិយោគរួមគ្នារវាងក្រុមហ៊ុនចិន ក្រុមហ៊ុនកម្ពុជា និងក្រុមហ៊ុនវៀតណាម។ ចំណែកឯទំនប់ចំនួន៦ផ្សេងទៀតសុទ្ធសឹងតែជាការវិនិយោគរបស់ក្រុមហ៊ុនចិនទាំងអស់ន។
បានជាកម្ពុជាជ្រើសរើសក្រុមហ៊ុនចិនក្នុងការវិនិយោគលើការសាងសង់ទំនប់វារីអគ្គិសនីក៏ព្រោះតែក្រុមហ៊ុនចិនមានភាពជឿនលឿនផ្នែកបច្ចេកទេស ជាពិសេសគឺមានលំនឹងហិរញ្ញវត្ថុខ្ពស់ នេះបើតាមការបញ្ជាក់ពីលោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល។
លោក ស៊ុយ សែម បញ្ជាក់យ៉ាងដូច្នេះថា៖ «ក្រុមហ៊ុនចិនជាក្រុមហ៊ុនធំដែលវិនិយោគលើវិស័យអគ្គិសនីជាពិសេស វារីអគ្គិសនី ក៏ដូចជាធ្យូងថ្មដែរនៅកម្ពុជាយើង។ ហើយអ្វីដែលខ្ញុំចាប់អារម្មណ៍គឺ ក្រុមហ៊ុនចិនមានបច្ចេកទេសគ្រប់គ្រាន់ ក្នុងការសាងសង់ទំនប់វារីអគ្គិសនី ជាក្រុមហ៊ុនរបស់រដ្ឋធំមានទុនគ្រប់គ្រាន់ និងធនធានមនុស្សគ្រប់គ្រាន់។ ជាក់ស្ដែងពេលសាងសង់ទំនប់វារីអគ្គិសនីតាតៃ អាតៃ ឬស្សីជ្រុំនោះគឺជាពេលយើងជួបវិបត្តិសេដ្ឋកិច្ចសកល ប្រទេសយើងក៏ជួប ប្រទេសចិនក៏ជួប។ ពេលនោះខ្ញុំបារម្ភណាស់ថា ទំនប់វារីអគ្គិសនីដែលសាងសង់ដំណើរគ្នានោះត្រូវផ្អាកដោយសារវិបត្តិសេដ្ឋកិច្ចនេះ ប៉ុន្តែផ្ទុយទៅវិញគម្រោងទាំងអស់បានឆ្លងកាត់វិបត្តិសេដ្ឋកិច្ចសកលតែ គ្មានគម្រោងណាមួយបានផ្អាកសូម្បីមួយខែ គឺនៅតែដំណើការរហូត។
ហើយគម្រោងទាំងអស់នោះហើយមុនផែនការកំណត់ខ្លះកន្លះឆ្នាំ ខ្លះជិតមួយឆ្នាំក៏មានដែរ។ នេះគឺជាមោទនភាពមួយដែលក្រសួងយើងបានជ្រើសរើសនូវក្រុមហ៊ុន ដែលមានលទ្ធភាពបច្ចេកទេសគ្រប់គ្រាន់ មានហិរញ្ញវត្ថុគ្រប់គ្រាន់ និងធនធានមនុស្សគ្រប់គ្រាន់ធ្វើការងារនេះ ហើយធ្វើបានជោគជ័យរហូតយើងបានប្រើប្រាស់ដល់ពេលនេះ»។
គិតត្រឹមឆ្នាំ២០១៩ ប្រទេសកម្ពុជាមានទំនប់វារីអគ្គិសនីសរុបចំនូន៧ ដោយនៅក្នុងនោះរួមមាន៖ ទំនប់វារីអគ្គិសនីសេសានក្រោម២ ខេត្តស្ទឹងត្រែង មានទំហំផលិត៤០០មេកាវ៉ាត់ ទំនប់វារីអគ្គិសនីឬស្សីជ្រុំ ខេត្តកោះកុង មានទំហំផលិត៣៣៨មេកាវ៉ាត់ ទំនប់វារីអគ្គិសនីតាតៃ ខេត្តកោះកុងមានទំហំផលិត ២៤៦មេកាវ៉ាត់ ទំនប់វារីអគ្គិសនីកំចាយ ខេត្តកំពត មានទំហំផលិត១៩៤ មេកាវ៉ាត់ ទំនប់វារីអគ្គិសនីអាតៃ ខេត្តពោធិ៍សាត់ មានទំហំផលិតផលិត១២០មេកាវ៉ាត់ ទំនប់វារីអគ្គិសនីគីរីរម្យ៣ ខេត្តកោះកុងមានទំហំផលិត១៨មេកាវ៉ាត់ និងទំនប់វារីអគ្គិសនីគិរីរម្យ១ ខេត្តកោះកុងមាទំហំផលិតចំនួន១២មេកាវ៉ាត់។ ដែលនាំឲ្យកម្ពុជាអាចទទួលបានថាមពលអគ្គិសនីចំនួន១.៣២៨ មេកាវ៉ាត់ ពីទំនប់វារីអគ្គិសនី។
ច្រើនជាងចំនួនថាមពលអគ្គិសនីពីរោងចក្រថាមពលដដៃទៀតដែលកម្ពុជាមានត្រឹមតែ១.០៦0មេកាវ៉ាត់តែប៉ុណ្ណោះ។ បើតាមការយល់ឃើញរបស់អ្នកជំនាញផ្នែក សេដ្ឋកិច្ចលោកបណ្ឌិត គី សិរីវឌ្ឍន៍ បានឲ្យដឹងថា ជាទូទៅប្រទេសនីមួយៗតែងតែព្យាយាមស្វែងរកប្រភពថាមពលដែលមានតម្លៃទាប និងអាចផលិតថាមពលបានច្រើន តួរយ៉ាងដូចជារោងចក្រថាមពលនុយក្លេអ៊ែជាដើម។ ប៉ុន្តែក្រៅពីកត្តាធនធានមនុស្សភូមិសាស្រ្តប្រទេសកម្ពុជាមិនអំណោចផលដល់ការសាងសង់ រោងចក្រថាមពលនុយក្លេអ៊ែនោះឡើយ។
ហេតុដូច្នេះកម្ពុជាមិនអាចដាក់រោងចក្រផលិតថាមពលនុយក្លេអ៊ែនៅតាមបន្ទាត់ព្រុំដែន ហើយរឹតតែមិនអាចអាចដាក់នៅដែនសមុទ្ររបស់កម្ពុជាបាននោះដែរ។ ព្រោះអាចប៉ះពាល់ដល់ទំនាក់ទំនងជាមួយបណ្ដាប្រទេសជិតខាង ប៉ះពាល់ដល់ទេសចរណ៍ និងមានហានិភ័យខ្ពស់លើសុវត្ថិភាពបរិស្ថាន។
«អីចឹងវារីអគ្គិសនីគឺជាកត្តាសំខាន់ក្នុងការអភិវឌ្ឍអគ្គិសនីនៅកម្ពុជា។ ដូច្នេះវារីអគ្គិសនីគឺចាប់បាច់ណាស់សម្រាប់កម្ពុជា ព្រោះថាវារីអគ្គិសនីគឺចំណាយតែការ សាងសង់ទេ ហើយក្រោយពេលសាងសង់ហើយយើងបង្ហូរទឹកចូល ចំណាយតែប្រព័ន្ធនៃការគ្រប់គ្រងយើងនឹងផលិតអគ្គិសនីបានដោយមិនចំណាយថ្ងៃដើមខ្ពស់ទេ»។ លោកបណ្ឌិត គី សេរីវឌ្ឍន៍បញ្ជាក់បន្ថែមយ៉ាងដូច្នេះ។
ដើម្បីជាផ្នែកមួយនៃការរួមចំណែកក្នុងការអភិវឌ្ឍអគ្គិសនីនៅកម្ពុជា និងដើម្បីឆ្លើយតបជាមួយកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័សរបស់កម្ពុជា។ លោក Zhao Wensheng អគ្គនាយករងក្រុមហ៊ុន Cambodian Tatay Hydropower Limited ដែលបានសាងសង់វារីអគ្គិសនីតាតៃ ហើយជាទំនប់វារីអគ្គិសនីធំលំដាប់ទី៣ នៅកម្ពុជាបានបង្ហាញពីចំណាប់អារម្មណ៍របស់លោក ក្នុងការវិនិយោគនៅកម្ពុជាយ៉ាងដូច្នេះថា៖
«ស្ថិតនៅក្រោមការដឹកនាំរបស់សម្ដេច ហ៊ុន សែន បានធ្វើឲ្យនយោបាយប្រទេសកម្ពុជាមានស្ថេរភាព ហើយធ្វើឲ្យជីវភាពរបស់ប្រជាពលរដ្ឋមានការកើនឡើង ហើយសេដ្ឋកិច្ចជាតិមានការរីកចម្រើន។ ហើយទន្ទឹមនិងការកើនឡើងនេះ តម្រូវការថាមពលក៏កើនឡើងផងដែរ។
កត្តាទាំងអស់នេះហើយដែលធ្វើឲ្យក្រុមហ៊ុនរបស់ខ្ញុំមានការចាប់អារម្មណ៍ក្នុងការសាងសង់ទំនប់វារីអគ្គសនីនៅកម្ពុជា។ ហើយនៅចម្លោះពីឆ្នាំ២០០២ ដល់ឆ្នាំ២០១៨ ពោលគឺរយៈពេល១៦ឆ្នាំ ការកើនឡើងនៃប្រភពថាមពលនៅកម្ពុជា គឺមានការកើនឡើងប្រមាណ១៥ដងហើយ។ ដូច្នេះខ្ញុំពិតជាមានមោទកភាព និងរីករាយក្នុងការចូលរួមសាងសង់ទំនប់វារីអគ្គសនី ហើយបាននាំមកនូវបច្ចេកទេស គ្រឿងចក្រ របស់ប្រទេសចិន មកសាងសង់ក្នុងការអភិវឌ្ឍ សេដ្ឋកិច្ចក៏ដូចជាទំនប់វារីអគ្គសនី»។
បន្ទាប់ពីបានដំណើរការផលិតថាមពលបានរយៈពេល៤ឆ្នាំកន្លងមកប្រកបដោយភាពជោគជ័យ ក្រុមហ៊ុន Cambodian Tatay Hydropower Limited មានគម្រោងបង្កើតទំនប់វារីអគ្គិសនីថ្មីបន្ថែមមួយទៀត នៅក្នុងតំបន់ក្បែរនោះដើម្បីឆ្លើយតបនិងកំណើនសេដ្ឋកិច្ចរបស់កម្ពុជា។ ហើយការសាងសង់ទំនប់វារីអគ្គិសនីថ្មីនេះ ត្រូវបានលោកអគ្គនាយករងក្រុមហ៊ុន Cambodian Tatay Hydropower Limited រំពឹងថានឹងអាចបញ្ចប់នៅចុងឆ្នាំ២០២៥។
ការដែលធ្វើឲ្យក្រុមហ៊ុនដ៏ធំមួយនេះហ៊ានបន្ថែមទុនវិនិយោគ ក្នុងការសាងសង់ទំនប់វារីអគ្គិសនីថ្មីមួយទៀតនៅកម្ពុជាក៏ព្រោះតែ កម្ពុជាមានតម្លាភាព និងយុត្តិធម៌ ក្នុងការដេញថ្លៃគម្រោងផ្សេងៗ ដែលជាទីទុកចិត្តរបស់អ្នកវិនិយោគ។
«ចំពោះការដេញថ្លៃគឺពិតជាមានតម្លាភាព និងយុត្តិធម៌ ដោយសារតែមុនពេលដែលយើងសាងសង់ទំនប់រារីអគ្គសនី យើងបានសិក្សារមុន ហើយក្រុមហ៊ុនដទៃទៀត ក៏បានសិក្សាមុនដែរ ទើបយើងយកការសិក្សានោះទៅដាក់ឲ្យខាងអគ្គសនីកម្ពុជា ឬខាងរដ្ឋាភិបាលជាអ្នកវិនិច្ឆ័យ ដូច្នេះសរុបជារួមដំណើរការប្រកបដោយយុត្តិធម៌ និងមានតម្លារភាព។ ហើយនៅក្នុងដំណើរការសិក្សារនេះ យើងមានការសរសេររបាយការណ៍ និងការស្រាវជ្រាវលក្ខណៈបច្ចេកទេសត្រឹមត្រូវ ទើបគេយកមកប្រៀបធៀបគ្នា។
រវាងក្រុមហ៊ុនរបស់យើងជាមួយនិង EDC គឺមានកិច្ចព្រមព្រៀងត្រឹមត្រូវក្នុងការទិញ និងផ្គត់ផ្គង់ថាមពល ហើយជាមួយក្រុមហ៊ុនដទៃទៀត ក៏មានដូចគ្នាដែរ ដូច្នេះពួកយើងគឺមានយុត្តិធម៌ និងតម្លារភាពជាមួយការទិញលក់ ថាមពលអគ្គិសនីនេះ»។
ក្រៅពីស្ថេរភាពនយោបាយ និងតម្លាភាពសម្រាប់អ្នកវិនិយោគ កត្តាទំនាក់ទំនងល្អជាប្រវត្តិសាស្រ្តដែលថ្នាក់ដឹកនាំជំនាន់ដើមបានបន្សល់ទុករវាងលោកប្រធាន ម៉ៅ និងសម្ដេចព្រះបរមរតនកោដ នរោត្តម សីហនុ។ ហើយបន្តថែរក្សា ចំណងមិត្តភាពនេះកាន់តែប្រសើរតាមរយៈសម្ដេចតេជោ ហ៊ុន សែន និងលោកប្រធានាធិបតី សឺ ជីនពីន ស្របជាមួយគោលនយោបាយខ្សែក្រវ៉ាត់និងផ្លូវផងនោះ បានជម្រុញឲ្យអ្នកវិនិយោគិនចិន កាន់តែជឿទុកចិត្តក្នុងការវិនិយោគនៅប្រទេសកម្ពុជាកាន់តែច្រើន។ នេះបើតាមការលើកឡើងរបស់លោក Ly Mong Seng អគ្គនាយករង នៃក្រុមហ៊ុន Hydro Power Lower Sesan2 Co.,Ltd ជាក្រុមហ៊ុនសាងសង់ទំនប់ វារីអគ្គិសនីសេសានក្រោម២ ដែលមានប្រវែងជាងគេបង្អស់នៅអាស៊ី និងធំជាងគេនៅកម្ពុជា។
«ជាយូរលុងណាស់មកហើយដែលលោកប្រធានម៉ៅ ដែលបានមានទំនាក់ទំនងយ៉ាងស្អិតរមួតជាមួយប្រទេសកម្ពុជា ដែលប្រមុខថ្នាក់ដឹកនាំប្រទេសកម្ពុជា ក៏ដូចជាប្រមុខថ្នាក់ដឹកនាំប្រទេសចិន មានមិត្តភាពយូរអង្វែងណាស់មកហើយ។ ទី២៖ ខ្ញុំបានមើលឃើញថា ការរីកចម្រើនរបស់ប្រទេសកម្ពុជា ក្នុងកំឡុងពេលនេះគួរឲ្យកត់សម្គាល់ ស្របពេលដែលខាងប្រទេសចិនមានគោលនយោបាយផ្លូវមួយខ្សែរក្រវ៉ាត់មួយ។
គោលនយោបាយនេះបានជម្រុញអ្នកវិនិយោគមានឱកាសចូលរួម ដើម្បីរួមចំណែកក្នុងការកសាងប្រទេសកម្ពុជា។ ទី៣៖ ក្រុមហ៊ុន Huaneng Group គឺជាក្រុមហ៊ុនដែលច្បាស់ មានបទពិសោធន៍ក្នុងការសាងសង់ទំនប់វារីអគ្គិសនី បានរួមចំណែកក្នុងការកសាងប្រទេសកម្ពុជាយើង ក្នុងការផលិតថាមពលរហូតដល់៤០០មេកាវ៉ាត់ ដែលអាចផ្គត់ផ្គង់ប្រទេសកម្ពុជាយើងជាង២០ភាគរយនៃថាមពលសរុប»។
ជាក្រុមហ៊ុនដែលមានបទពិសោធន៍ច្រើនឆ្នាំ និងបានសាងសង់ទំនប់វារីអគ្គិសនីជាច្រើនទីតាំងនៅក្នុងប្រទេសចិន ក៏ដូចជាប្រទេសអាស៊ានផ្សេងទៀតនោះ លោក Ly Mong Seng អគ្គនាយករងនៃក្រុមហ៊ុន Hydro Power Lower Sesan2 Co.,Ltd បានឲ្យដឹងថា ដើម្បីកាត់បន្ថយការខ្វះខាតថាមពលនៅក្នុងរដូវប្រាំង ប្រទេសកម្ពុជាមានសក្កដានុពលក្នុងការសាងសង់រោចក្រអគ្គិសនីផ្សេងទៀត ដូចជាធ្យូងថ្ម ថាមពលព្រះអាទិត្យ និងថាមពលខ្យល់ផងដែរ។ យ៉ាងណាមិញរោងចក្រធ្យូងថ្ម មានផលប៉ះពាល់បរិស្ថានច្រើន ហើយរោងចក្រពន្លឺព្រះអាទិត្យ និងកម្លាំងខ្យល់ទាមទារឲ្យមានការថែទាំខ្លាំង និង ត្រូវចំណាយប្រាក់ច្រើនជាងសាងសង់ទំនប់វារីអគ្គិសនី។
«ជាការពិតណាស់ថាមពលដែលខ្ញុំបានលើកឡើងគឺសុទ្ធតែមានផលប៉ះពាល់វិជ្ជមាន និងអវិជ្ជមាន ដោយផលប៉ះពាល់នៃរ៉ែធ្យូងថ្ម គឺវាប៉ះពាល់នៅពេលដែលយើងដុត គឺប៉ះពាល់ដល់ស្រទាប់អូសូន ប៉ុន្តែដែលយើងទទួលបានវិញគឺភ្លើងដែលយើងផលិតចេញមកគឺថេរាល់ឆ្នាំ។ ដោយឡែកថាមពលដើរដោយពន្លឺព្រះអាទិត្យ ក៏ទទួលថាមពលល្អដែរ តែផលអវិជ្ជមាននោះគឺទាមទារការថែនាំខ្លាំង និងចំណាយច្រើន។ ហេតុដូច្នេះហើយទើបទំនប់វារីអគ្គិសនីសាងសង់បានល្អជាងគេ ប៉ុន្តែផលអវិជ្ជមាននោះគឺ ជួបបញ្ហានៅក្នុងរដូវប្រាំងព្រោះមានបញ្ហាខ្វះខាតទឹកក្នុងការផលិតថាមពលអគ្គិសនី ទៅតាមតម្រូវការរបស់រាជរដ្ឋាភិបាល។
ដូច្នេះអ្វីដែលខ្ញុំចង់លើកឡើងគឺ សុទ្ធតែមានផលវិជ្ជមាន និងផលប៉ះពាល់សំខាន់យើងគិតថា យើងអាចទាញយកផលប្រយោជន៍ច្រើនជាងផលប៉ះពាល់ឬអត់? ដូចចុងខែ១២ ក្នុងឱកាសដែលសម្ដេចបានអញ្ជើញមកសម្ភោធទំនប់វារីអគ្គិសនី បានលើកឡើងថា ក្រុមអង្គការសង្គមស៊ីវិលមួយចំនួន បានរិះគន់ថា រោងចក្រថាមពលធ្យូងថ្មធ្វើឲ្យខូចស្រទាប់អូសូន ប៉ុន្តែយន្តហោះដែលអង្គការសង្គមស៊ីវិលតែងតែជិះនោះ បានហោះកាត់ស្រទាប់អូសូន ហើយធ្វើឲ្យខូចស្រទាប់អូសូនដូចគ្នា។ នេះបានបញ្ជាក់ថាផលប៉ះពាល់គឺតែងតែមាន ប៉ុន្តែបើផលប្រយោជន៍ច្រើនជាង យើងត្រូវតែជ្រើសរើស»។
ដោយសារប្រទេសកម្ពុជាអនុវត្តន៍តាមបទដ្ឋាន BOT ដែលមានន័យថា ការសាងសង់ ដំណើរការ និងការផ្ទេរត្រឡប់មកវិញ។ ដូច្នេះទោះជាការវិនិយោគត្រូវធ្វើឡើងដោយចំណាយដើមទុនរាប់រយលានដុល្លារយ៉ាងណាក្ដី ក៏ក្រុមហ៊ុនវិនិយោគលើទំនប់វារីអគ្គិសនីទាំងអស់ ត្រូវប្រគល់ត្រឡប់មកវិញដល់រដ្ឋាភិបាលកម្ពុជាទៅតាមកិច្ចសន្យារវាងក្រុមហ៊ុន និងរដ្ឋាភិបាលកម្ពុជា ដែលមិនលើសពី៤៥ឆ្នាំនោះឡើយ។
ហេតុដូច្នេះហើយទើបបណ្ដាទំនប់វារីអគ្គិសនីនីមួយៗ តែងតែចង់បានបុគ្គលិកជាជនជាតិខ្មែរ ដើម្បីធ្វើការអមជាមួយវិស្វករជនជាតិចិន ដើម្បីអាចជឿជាក់ថា ក្រោយការបញ្ចប់កិច្ចសន្យារវាងក្រុមហ៊ុន និងរដ្ឋាភិបាល កម្ពុជានឹងមានអ្នកជំនាញគ្រប់គ្រាន់ ក្នុងការកាន់កាប់ទំនប់វារីអគ្គិសនីនីមួយៗ។ តួរយ៉ាងទំនប់វារីអគ្គិសនីសេសានក្រោម២ បានបង្កើតនូវកម្មវិធីផ្ដល់អាហាររូបបករណ៍ដល់សិស្សនិស្សិតនៅក្នុងខេត្តស្ទឹងត្រែងផ្ទាល់ ដើម្បីមានឱកាស និងលទ្ធភាពបន្តការសិក្សាជំនាញវិស្វករអគ្គិសនី ហើយត្រឡប់់ទៅបំពេញការងារនៅក្នុងទំនប់វារីអគ្គិសនី ដែលស្ថិតនៅក្នុងទឹកដីនៃខេត្តស្ទឹងត្រែងវិញ។ នេះបើតាមការបញ្ជាក់ពីលោក Ly Mong Seng អគ្គនាយករងនៃក្រុមហ៊ុន Hydro Power Lower Sesan2 Co.,Ltd។
ដើម្បីឆ្លើយតបទៅនឹងតម្រូវការបុគ្គលិកជំនាញទៅតាមទំនប់វារីអគ្គិសនីនីមួយៗ លោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានអំពាវនាវដល់សិស្សនិស្សិតទាំងអស់ ដែលមានសមត្ថភាព ក្នុងការសិក្សារជំនាញវិស្វករអគ្គិសនី និងជំនាញផ្នែករ៉ែផ្សេងទៀត ដើម្បីចូលរួមកសាងប្រទេសកម្ពុជា ដែលកំពុងមានតម្រូវវិស្វករជំនាញជាច្រើន។
«ការពិតនៅតាមទំនប់វារីអគ្គិសនីរបស់យើងគឺ មានក្រុមហ៊ុនរបស់ចិន ឬប្រទេសណាគេធ្វើគឺគេដាក់បុគ្គលិករបស់គេ គេនៅថែទាំនៅដំណើរការគម្រោងនីមួយៗ ប៉ុន្តែគេក៏សុំណូមពរដល់យើង ឲ្យបញ្ជូនអ្នកជំនាញយើងឲ្យទៅអមជាមួយគេដើម្បីរៀនសូត្រ ហើយគេបណ្ដុះបណ្ដាលទាំងនៅទីតាំងជាក់ស្ដែងក៏ដូចជា បញ្ជូនចេញទៅរៀនសូត្រនៅស្រុកគេដែរដើម្បីឲ្យមានការចេះដឹងងាយស្រួលធ្វើការជាមួយគ្នា ហើយថ្ងៃក្រោយទៅគេប្រគល់ឲ្យយើងវិញ។ បញ្ហានេះសំខាន់ណាស់ ដូចការរៀបរាប់របស់ខ្ញុំ ខាងទំនប់វារីអគ្គិសនីទាំង៧ នឹងត្រូវចប់នៅប៉ុន្មានឆ្នាំខាងមុខនេះ ដែលគេត្រូវផ្ទេរមកឲ្យវិញ។
ហើយពេលដែលគេផ្ទេរមកឲ្យយើងៗត្រូវតែទទួលធ្វើជាម្ចាស់ តើនរណាជាម្ចាស់? គឺកូនចៅយើងប្រជាពលរដ្ឋយើងហើយ ដូច្នេះខ្ញុំមានតែអំពាវនាវទេដល់ យុវជនរបស់យើងជំនាន់ក្រោយសូមឲ្យយកចិត្តទុកដាក់ គិតគូរសិក្សាអំពីការងារបច្ចេកទេសថាមពលអគ្គិសនី ដើម្បីមកជ្រោងវិស័យថាមពលអគ្គិសនីនេះ ឲ្យមាននិរន្តរភាព និងស្ថេរភាពទូទៅដើម្បីអភិវឌ្ឍន៍ស្រុកទេសរបស់យើង»។
កម្ពុជាដែលចេញផុតពីរបបប្រល័យពូជសាសន៍នៅក្នុងឆ្នាំ១៩៧៩ គឺមិនមានភ្លើងអគ្គិសនីប្រើប្រាស់ឡើយ។ ដែលពេលនោះនៅតាមតំបន់ទីក្រុងមានអគ្គិសនីដោយសារ តែការប្រមូលបានម៉ាស៊ីនភ្លើងចាស់ៗយកមកបញ្ឆេះប្រើប្រាស់បន្តិចបន្តួចប៉ុណ្ណោះ។ តែក្រោយប្រទេសកម្ពុជាមានសន្តិភាព នៅក្រោមការដឹកនាំផ្ទាល់ពី សម្ដេចតេជោនាយករដ្ឋមន្រ្តីនៃកម្ពុជា និងមានការចូលរួមចំនែកអភិវឌ្ឍន៍វារីអគ្គិសនីរបស់អ្នកវិនិយោគចិន។ បច្ចុប្បន្នកម្ពុជាអាចផលិតភ្លើងដោយខ្លួនឯង រហូតដល់ទៅ២.៣៨៨មេកាវ៉ាត់។ ក្រៅពីនេះកម្ពុជាបានទិញភ្លើងបន្ថែមពីប្រទេសជិតខាងដើម្បីបំពេញតម្រូវការអភិវឌ្ឍប្រទេសត្រឹមតែ៤៤២មេកាវ៉ាត់ប៉ុណ្ណោះ។
គិតត្រឹមឆ្នាំ២០១៩ ប្រទេសកម្ពុជាមានខ្សែរបញ្ជូនតង់ស្យុងខ្ពស់ចំនួន២.១៤១គីឡូម៉ែត្រ អនុស្ថានីយ៍មានចំនួន៣៤ស្ថានីយ៍ ដែលគ្រប់ដណ្ដប់លើរាជធានីខេត្តចំនួន២១ ដោយ៤ខេត្តផ្សេងទៀតបច្ចុប្បន្នកំពុងប្រើប្រាស់ខ្សែរបញ្ជូនរងសិន។ ចំណែកឯខ្សែរតង់ស្យុងមធ្យមដែលមានទំហំ២២គីឡូវុល មាប្រវែងដល់ទៅ ៣៤.០៩០គីឡូម៉ែត្រ។ រីឯត្រង់ស្វូរចែកចាយមានប្រវែង១៨.២០៩គ្រឿង។ ដោយឡែកតង់ស្យុងទាប ឬខ្សែរភ្លើងតចូលក្នុងផ្ទះមានប្រវែង ៣៦.៤៧៤គីឡូម៉ែត្រ។
ចំនួនខ្សែរតង់ស្យុងទាបដ៏ច្រើនគីឡូម៉ែត្រនេះ បានគ្របដណ្ដប់ភូមិចំនួន ១៣.០៤០ភូមិ នៃចំនួនភូមិសរុប ១៤.១៦៨ភូមិ ចំនួននេះស្មើនិង៩២ភាគរយ នៃចំនួនភូមិសរុបនៅកម្ពុជា។ ចំណែក៨ភាគរយនៃភូមិទៀត តាមគម្រោងក្រសួងរ៉ែ និងថាមពល នឹងមានអគ្គិសនីប្រើប្រាស់គ្រប់ភូមិនៅក្នុងឆ្នាំ២០២០។ ចំណែកឯផ្ទះប្រជាពលរដ្ឋនៅពេលបច្ចុប្បនមានផ្ទះចំនួន ៣.៥២០.០០០ខ្នង ហើយអគ្គិសនីប្រើប្រាស់ចំនួន ២.៥៨០.០០០ខ្នង ដែលស្មើនឹង៧៣ភាគរយនៃចំនួនផ្ទះសរុប។ តាមការព្យាករណ៍នៅក្នុងឆ្នាំ២០៣០ អគ្គិសនីនឹងមាន៩០ភាគរយនៃចំនួនខ្នងផ្ទះរបស់ប្រជាពលរដ្ឋ៕