(ភ្នំពេញ)៖ ក្រុមហ៊ុន ជីប ម៉ុង លែន ដែលបានទិញយកទ្រព្យសកម្ម និងអាជីវកម្មទាំងអស់របស់ក្រុមហ៊ុន ហ្គ្រែន ភ្នំពេញ ក្នុងពេលថ្មីៗនេះ ចាប់ផ្តើមកែលម្អសេវាកម្ម ហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាតំបន់លំនៅឋាននេះទំាងមូល ដើម្បីកែប្រែមុខមាត់តំបន់នេះឲ្យទៅជាតំបន់អភិវឌ្ឍន៍ដែលប្រកបដោយសក្តានុពលខ្ពស់សម្រាប់ការរស់នៅ និងប្រកបអាជីវកម្មនានា។
ថ្លែងក្នុងកម្មវិធីភ្ជាប់ទំនាក់ទំនងអតិថិជន ហ្គ្រែន ភ្នំពេញ កាលពីថ្ងៃទី២២ វិច្ឆិកា ២០១៩ លោកឧកញ៉ា លាង ហួង (ហេនរី) អគ្គនាយកក្រុមហ៊ុន ជីប ម៉ុង លែន បានមានប្រសាសន៍ថា៖ «គោលបំណងចម្បងបច្ចុប្បន្នរបស់ក្រុមហ៊ុន ជីប ម៉ុង លែន គឺធ្វើយ៉ាងណាកែលម្អសេវាកម្មរបស់យើងឲ្យកាន់តែប្រសើរឡើង ដើម្បីឆ្លើយតបតម្រូវការរបស់អតិថិជនឲ្យបានទាន់ពេលវេលា។ ជំហានបន្ទាប់យើងក៏នឹងកែលម្អហេដ្ឋារចនាសម្ព័ន្ធក្នុងគម្រោងដែលមានស្រាប់ ដើម្បី ធ្វើឲ្យការរស់នៅ និងការប្រកបរបរទទួលទានរបស់អតិថិជនទាំងអស់ដែលរស់នៅក្នុងគម្រោងរបស់យើងមានភាពប្រសើរឡើង»។
ក្រៅពីផែនការកែលម្អមុខមាត់ថ្មីរបស់គម្រោងនេះ ក្រុមហ៊ុន ជីប ម៉ុង លែន ក៏ផ្តោតសំខាន់លើការវិនិយោគរយៈពេលវែងឆ្ងាយដើម្បីអភិវឌ្ឈតំបន់សែនសុខនេះឲ្យទៅតំបន់អភិវឌ្ឍន៍ថ្មីមួយ ដែលជាជម្រើសទី១សម្រាប់ការរស់នៅ និងការប្រកបអាជីវកម្មផងដែរ។
លោកបន្តថា៖ «យើងខ្ញុំក៏កំពុងសិក្សាជាមួយអ្នកជំនាញអំពីគម្រោងមេដើម្បីកែប្រែមុខមាត់វិសាលភាពតំបន់ដីអភិវឌ្ឍន៍នេះឲ្យទៅជាតំបន់លំនៅឋាន និងពាណិជ្ជកម្ម ដែលពោរពេញទៅដោយឱកាស និងសក្តានុពលខ្ពស់ក្នុងការអភិវឌ្ឍនិងពង្រីកអាជីវកម្ម ពាណិជ្ជកម្មផ្សេងៗផងដែរ»។
គួររំល្ញកដែលថា ក្រុមហ៊ុន ជីប ម៉ុង លែន ជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឈានមុខគេ ដែលរចនាលំនៅឋាន ទំនើបទាន់សម័យ និងសាងសង់លំនៅឋានរឹងមាំ ស្រពតាមបទដ្ឋានអន្តរជាតិ។ សព្វថ្ងៃក្រុមហ៊ុនដ៏ធំមួយនេះ មានគម្រោងអភិវឌ្ឍន៍លំនៅឋាន និង ខុនដូ ធំៗចំនួន១០ គម្រោងហើយ ដែលសុទ្ធតែស្ថិតនៅលើទីតាំងសក្តានុពលទាំងអស់៕