(ប៊ូសាន, សាធារណរដ្ឋកូរ៉េ)៖ កិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េលើកទី៣០ បានចាប់ផ្តើមបើកជាផ្លូវការហើយនៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅមជ្ឈមណ្ឌលសន្និបាត BEXCO ក្នុងទីក្រុងកំពង់ផែប៊ូសាន សាធារណរដ្ឋកូរ៉េ។ កិច្ចប្រជុំត្រូវបានដំណើរដោយការស្វាគមន៍យ៉ាងកក់ក្តៅបំផុតពីសំណាក់លោក មូន ជេអ៉ីន ប្រធានាធិបតីសាធារណរដ្ឋកូរ៉េ។
ប្រមុខរដ្ឋ ប្រមុខរាជរដ្ឋាភិបាល រួមទាំងអគ្គលេខាធិការលោក លីម ចុកហ៊ុយ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះ ខណៈដែលកម្ពុជា ត្រូវបានអញ្ជើញចូលរួមដោយឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន។
ថ្លែងបើកកិច្ចប្រជុំនេះ លោក មូន ជេអ៉ីន បានធ្វើការគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការ និងសាមគ្គីភាព រវាងសាធារណរដ្ឋកូរ៉េ និងអាស៊ាន គឺជាគន្លឹះដ៏សំខាន់សម្រាប់ដោះស្រាយបញ្ហាប្រឈមនានា ដែលកំពុងប្រឈមនាពេលបច្ចុប្បន្នមានដូចជានយោបាយគាំពារនិយម ឧក្រិដ្ឋកម្មឆ្លងដែន និងបដិវត្តឧស្សាហកម្មទី៤ជាដើម។
កិច្ចប្រជុំកំពូលដើម្បីអបអរសាទរខួបលើកទី៣០ នៃទំនាក់ទំនងរវាងអាស៊ាន និងសាធារណរដ្ឋកូរ៉េ គឺជាព្រឹត្តិការណ៍ការទូតធំបំផុតដែលនឹងកើតមានឡើងនៅក្នុង អាណត្តិការងារជាប្រធានាធិបតីរបស់លោក មូន ជេអ៉ីន ជាមួយការដាក់ចេញនូវគោលនយោបាយឆ្ពោះទៅភាគខាងត្បូង។
អាស៊ាន គឺជាប្រទេសមានសេដ្ឋកិច្ចធំជាងគេលំដាប់ទី៥ នៅលើពិភពលោក។ ប្រទេសកូរ៉េខាងត្បូង បានពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចជាមួយអាស៊ានចាប់តាំងពីបង្កើតការសន្ទនាក្នុងឆ្នាំ១៩៨៩។
ការបង្កើតការសន្ទនាបានជំរុញពាណិជ្ជកម្មទ្វេភាគីរវាងអាស៊ាន និងកូរ៉េខាងត្បូងពី ៦.៦ពាន់លានដុល្លារ ដល់ ១៦០
ពាន់លានដុល្លារនាពេលបច្ចុប្បន្ន។ រីឯការវិនិយោគទៅវិញទៅមកបានកើនពី ១.៨ពាន់លានដុល្លារទៅ ១០ពាន់លានដុល្លារ។
សព្វថ្ងៃអាស៊ាន គឺជាដៃគូពាណិជ្ជកម្មធំទី២ និងទិសដៅវិនិយោគធំបំផុតលំដាប់ទី៣របស់កូរ៉េខាងត្បូង ហើយកូរ៉េខាងត្បូង ជា
ដៃគូពាណិជ្ជកម្មលំដាប់ទី៥ របស់អាស៊ាន។
បច្ចុប្បន្នអាស៊ានត្រូវបានទទួលស្គាល់ថា ជាអ្នកដើរតួនាទីសេដ្ឋកិច្ចពិភពលោកថ្មី ជាមួយនឹងចំនួនប្រជាជនច្រើនបំផុតលំដាប់ទី៣ លើពិភពលោកចំនួន ៦៥០លាននាក់ ដែលមានប្រជាជនវ័យក្មេង។
ក្នុងឱកាសរៀបចំកិច្ចប្រជុំកំពូលលើកទី៣០នៃទំនាក់ទំនងអាស៊ាន-សាធារណរដ្ឋកូរ៉េ មេដឹកនាំប្រទេសសមាជិកអាស៊ាន ត្រូវបានស្វាគមន៍យ៉ាងយកចិត្តទុកដាក់បំផុត ពីប្រធានាធិបតីកូរ៉េ ហើយកិច្ចពិភាក្សាលើផ្នែកពាណិជ្ជកម្មជាច្រើនត្រូវបានធ្វើឡើង។ ក្នុងកិច្ចចរចាពាណិជ្ជកម្មសេរីរវាងសាធារណរដ្ឋកូរ៉េជាមួយបណ្តាប្រទេសសមាជិកអាស៊ាន ត្រូវបានបើកិច្ចចរចា ហើយកិច្ចចរចាបានឈានដល់កិច្ចព្រមព្រៀង និងចុះហត្ថលេខាជាមួយគ្នា ខណៈប្រទេសខ្លះទៀតគ្រោងចុះហត្ថលេខានៅឆ្នាំក្រោយ។
តាមការចេញផ្សាយព័ត៌មានរបស់យ៉ុនហាប់ បានឱ្យដឹងថា ប្រទេសឥណ្ឌូនេស៊ី បានឈានដល់ការធ្វើពាណិជ្ជកម្មសេរីជាមួយសាធារណរដ្ឋកូរ៉េក្រោយចរចារយៈពេលជា៧ឆ្នាំ លើផលិតផលដែកថែប រថយន្ត និងស្រាបៀរ។ ដោយឡែកប្រទេសហ្វីលីពិន ក៏គ្រោងឈានទៅសម្រេចកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយសាធារណរដ្ឋកូរ៉េនៅឆ្នាំក្រោយផងដែរ។
ក្រៅពីនោះប្រទេសសមាជិកអាស៊ានដទៃទៀត ក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងអនុស្សារណៈ ដើម្បីឈានទៅពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកពាណិជ្ជកម្ម និងវិស័យផ្សេងៗទៀតជាមួយសាធារណរដ្ឋកូរ៉េផងដែរ។
ដោយឡែកកម្ពុជាវិញក៏បានចុះកិច្ចព្រមព្រៀងសន្ធិសញ្ញា និងអនុស្សារណៈនៃកាយោគយល់គ្នាចំនួន៥ផងដែររួមមាន៖
១៖ កិច្ចព្រមព្រៀងស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នា និងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេសពន្ធ និងការចៀសវាងពន្ធ។
២៖ សន្ធិសញ្ញាស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ។
៣៖ អនុស្សារណៈយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម។
៤៖ អនុស្សារណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យបច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មាន។
៥៖ សេចក្តីថ្លែងការណ៍រួមស្តីពីការចាប់ផ្តើមកសារសិក្សារួមគ្នាលើលទ្ធភាពបង្កើតកិច្ចព្រមពាណិជ្ជកម្មសេរីកម្ពុជា-សាធារណរដ្ឋកូរ៉េ៕