Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងសហប្រតិបត្ដិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ចអាឡឺម៉ង់៖ ក្រុមប្រឹក្សាជាតិគាំពារសង្គម ជាការប្រមូលផ្តុំតួរអង្គដ៏សំខាន់ក្នុងការពង្រឹង និងពង្រីកកម្មវិធីគាំពារនៅកម្ពុជា

26-11-2019 08:53

(ភ្នំពេញ)៖ តាមរយៈការចេញផ្សាយនាពេលថ្មីៗនេះ ក្រសួងសហប្រតិបត្ដិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ចអាឡឺម៉ង់ បានលើកឡើងថា ការដាក់ឱ្យអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ សម្រាប់ស្ត្រីមានផ្ទៃពោះ និងកុមារក្នុងគ្រួសារក្រីក្រ ជាកម្មវិធីជាតិ បានបង្ហាញនូវគុណតម្លៃរបស់ ក្រុមប្រឹក្សាជាតិគាំពារសង្គម ក្នុងការកសាងប្រព័ន្ធគាំពារសង្គមនៅកម្ពុជា។

កម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះ បានអភិវឌ្ឍជាកម្មវិធីជាតិ និងដោយប្រើប្រាស់ថវិកាជាតិទាំងស្រុង ក្នុងរយៈពេលមិនដល់មួយឆ្នាំផង ដោយឈរលើមូលដ្ឋាន នៃកម្មវិធីសាកល្បងក្រោមការដឹកនាំ និងហិរញ្ញប្បទានរបស់អង្គការ UNICEF។

ក្រុមប្រឹក្សាជាតិគាំពារសង្គម បានផ្ដល់ការអនុម័តលើទស្សនទាន នៃការអនុវត្ដកម្មវិធី ដោយមានអគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាជាតិនេះ សម្របសម្រួលជាមួយដៃគូពាក់ព័ន្ធនានា ជាពិសេសក្រសួងសុខាភិបាល និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។ មុនពេលបង្កើតក្រុមប្រឹក្សាជាតិគាំពារសង្គម ដៃគូអភិវឌ្ឍន៍នានាបានមើលឃើញថា ស្ទើរតែគ្មានមធ្យោបាយក្នុងការពង្រីកវិសាលភាពកម្មវិធីគាំពារសង្គម និងការផ្សព្វផ្សាយព័ត៌មានលម្អិតស្តីពីប្រតិបត្តិការពាក់ព័ន្ធនានា។

សូមជម្រាបជូនថា ក្រុមប្រឹក្សាជាតិគាំពារសង្គម ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ជាប្រធានកក្តិយស និងអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ជាប្រធាន ត្រូវបានបង្កើតឡើងដោយព្រះរាជក្រឹត្យលេខ នស/រកត/០៦១៧/៤៨៨ ចុះថ្ងៃទី១៥ ខែមិថុនា ក្នុងគោលបំណងដឹកនាំ និងអភិវឌ្ឍប្រព័ន្ធគាំពារសង្គម នៅក្នុងព្រះរាជាណាចក្រកម្ពុជា៕