(មណ្ឌលគិរី)៖ លោកបណ្ឌិត កែន សម្បត្តិ អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធដារ និងលោក ញ៉ន សិទ្ធ អភិបាលរងខេត្ត បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសតែងតាំង ឲ្យចូលកាន់មុខតំណែងប្រធាន អនុប្រធានសាខា ប្រធាន អនុប្រធានការិយាល័យ សាខាពន្ធដាខេត្តមណ្ឌលគិរី សរុប០៩រូប ដោយមានការចូលរួមពីលោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ អភិបាលក្រុង/ស្រុកទាំង៥ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត និងមន្រ្តីសាខាពន្ធដាខេត្តជាច្រើនរូប ដែលប្រព្រឹត្តទៅនៅសាលប្រជុំអគារក្រុមប្រឹក្សាខេត្តមណ្ឌលគិរី នារសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩។
លោក ហេង ស៊ីប៉ា អតីតប្រធានសាខាពន្ធដារខេត្តមណ្ឌលគិរី បានឲ្យដឹងថា ពន្ធដារខេត្តមណ្ឌលគិរី បានប្រមូលចំណូលពន្ធជូនរដ្ឋ បានដោយរលូន និងផ្តាំផ្ញើដល់មន្ត្រីពន្ធដារ សូមឲ្យបន្តយកចិត្តទុកដាក់បំពេញការងារ ក្នុងការប្រមូលពន្ធជូនរដ្ឋបន្តទៀត។
លោក អ៊ឹង តិចណិញ ប្រធានសាខាពន្ធដាខេត្តមណ្ឌលគិរីថ្មី បានឡើងប្តេជ្ញាចិត្តថា នឹងខិតខំយកចិត្តទុកដាក់អនុវត្តតាមអភិក្រម ៤ ប្រការរបស់ អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ដោយខិតខំយកចិត្តទុកដាក់ ទំនាក់ទំនងឲ្យបានល្អជាមួយថ្នាក់ដឹកនាំពន្ធដារ ដើម្បីសម្រេចគោលដៅ ក្នុងការអនុវត្តគោលនយោបាយប្រមូលចំណូលពន្ធ ខិតខំយកចិត្តទុកដាក់ ក្នុងការទំនាក់ទំនងឲ្យបានជិតស្និទ្ធជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដើម្បីធ្វើយ៉ាងណា សហការក្នុងការប្រមូលពន្ធ ឱ្យបានល្អប្រសើរ និងត្រូវខិតខំបណ្ដុះបណ្ដាលបង្កើនសមត្ថភាព ជំនាញវិជ្ជាជីវៈ និងសីលធម៌របស់មន្ត្រីពន្ធដារ ដើម្បីពង្រឹងសមត្ថភាពស្ថាប័ន និងរដ្ឋបាលពន្ធដារឲ្យរឹងមាំ ក្នុងគោលដៅគ្រប់គ្រងអ្នកជាប់ពន្ធឲ្យបានល្អប្រសើរ។
លោក ញ៉ន សិទ្ធ អភិបាលរងខេត្ត និងលោកបណ្ឌិត កែន សម្បត្តិ អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធដារ បានថ្លែងផ្តាំផ្ញើដល់ប្រធានពន្ធដារថ្មី ត្រូវយកចិត្តទុកដាក់សាមគ្គីផ្ទៃក្នុង និងចេះសហការជាមួយមន្ត្រីតាមមូលដ្ឋាន និងខិតខំយកចិត្តទុកដាក់បំពេញភារកិច្ចជូនប្រជាពលរដ្ឋ ដែលលោកអញ្ជើញមកបង់ពន្ធ កុំឲ្យពួកគាត់មករង់ចាំយើងដោយចង្អៀតចិត្ត នៃការបង់ពន្ធនោះ។
លោកណែនាំដល់លោកប្រធានពន្ធដារថ្មី ត្រូវពង្រឹងវប្បធម៌នៃការបង់ពន្ធនេះ ត្រូវចេះផ្សព្វផ្សាយច្បាប់ ផ្ដល់សេវាដល់អ្នកជាប់ពន្ធ តាមរយៈការប្រជុំធ្វើសិក្ខាសាលា ចូលរួមវេទិកាសាធារណៈ និងការផ្ដល់ឯកសារនានា ដល់អ្នកជាប់ពន្ធ ដើម្បីធ្វើយ៉ាងណាឱ្យពួកគាត់ បានយល់ច្បាស់ថែមទៀត ពីកាតព្វកិច្ចសារពើពន្ធ។ ម្យ៉ាងទៀត ត្រូវអនុវត្តវិន័យការងារ និងក្រមសីលធម៌វិជ្ជាជីវៈមន្ត្រីពន្ធដារ ឲ្យបានល្អតាមរយៈការផ្ដល់សេវា ជូនអ្នកជាប់ពន្ធ ប្រកបដោយប្រសិទ្ធភាព និងទន់ភ្លន់ តែម៉ឺងម៉ាត់ ដោយគោរពច្បាប់ និងបទប្បញ្ញត្តិជាគោល ធ្វើយ៉ាងណាឲ្យអ្នកជាប់ពន្ធរីករាយសហការ និងស្ម័គ្រចិត្តបង់ពន្ធជូនរដ្ឋ និងកិច្ចពង្រឹងរដ្ឋបាលសារពើពន្ធ ដើម្បីប្រមូលពន្ធឲ្យកាន់តែទទួល បានប្រសិទ្ធភាពខ្ពស់ថែមទៀត៕