(ប៊ូសាន)៖ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលកូរ៉េខាងត្បូង បានព្រមព្រៀងគ្នាក្នុងការចាប់ផ្តើម សិក្សាពីលទ្ធភាពក្នុងការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី។
ជាក់ស្តែងនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បន្ទាប់ពីបានពិគ្រោះយោបល់ ជាបន្តបន្ទាប់រវាងមន្រ្តីបច្ចេកទេសនៃប្រទេសទាំងពីរ លើនីតិវិធីក្នុងការចរចាបង្កើតកិច្ច ព្រមព្រៀងពាណិជ្ជកម្មសេរី រវាងប្រទេសទាំងពីរ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីពាណិជ្ជកម្មកម្ពុជា និងលោកស្រី យូ ម្យុងហ៊ី (Yoo Myung-Hee) រដ្ឋមន្រ្តីពាណិជ្ជកម្មកូរ៉េ បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ស្តីពីការចាប់ផ្តើមការសិក្សាលទ្ធភាព ក្នុងការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េ។
ការចុះហត្ថលេខានេះ ធ្វើឡើងនៅក្នុងឱកាសនៃកិច្ចប្រជុំកំពូល រំលឹកខួបអនុស្សាវរីយ៍៣០ឆ្នាំ នៃទំនាក់ទំនងអាស៊ាន-កូរ៉េ និងកិច្ចប្រជុំកំពូលមេគង្គ-កូរ៉េ ពីថ្ងៃទី២៥-២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅទីក្រុងប៊ូសាន សាធារណរដ្ឋកូរ៉េ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្ម ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃនេះ។
ក្រសួងពាណិជ្ជកម្មបានលើកឡើងថា «តាមការរំពឹងទុក កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េ នឹងជួយពង្រឹងទំនាក់ទំនង និងពង្រីកទំហំពាណិជ្ជកម្ម នៃប្រទេសទាំងពីរបន្ថែមទៀត ព្រមទាំងបង្កើតឱកាសការងារក្នុងស្រុក ការនាំចេញសេវា និងពង្រីកវិនិយោគបន្ថែម ដែលនឹងចូលរួមសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងផ្តល់ផលប្រយោជន៍ ដល់ប្រជាជននៃប្រទេសទាំងពីរផងដែរ»។
សូមជម្រាបថា ក្នុងឱកាសនៃកិច្ចប្រជុំទ្វេភាគីរវាង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោក ម៊ូន ចេអ៊ីន (Moon Jae-In) ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ នៅវិមានសន្តិភាព ក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់លោកប្រធានាធិបតីកូរ៉េមកកាន់កម្ពុជា ប្រមុខដឹកនាំកំពូលនៃប្រទេសទាំងពីរ បានឯកភាពលើការជំរុញ និងពង្រីកទំហំពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ ព្រមទាំងបានណែនាំឲ្យ មានការសិក្សាលទ្ធភាពបង្កើតកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េ។
នៅក្នុងឆ្នាំ២០១៨កន្លងទៅនេះ ទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរ បានកើនឡើងជាលំដាប់ គឺមានទំហំប្រមាណ៧៥៦លានដុល្លាសហរដ្ឋអាមេរិក ដោយកើនឡើងប្រមាណ១៤.៦៩% បើធៀបនឹងឆ្នាំ២០១៧។ ទំនិញនាំចេញសំខាន់ៗរបស់កម្ពុជាទៅកូរ៉េរួមមាន អាវយឺត សម្លៀកបំពាក់បុរស គ្រឿងអេឡិចត្រូនិក ស្បែកជើង វ៉ាលី កម្ទេចអាលុមមីញ៉ូម ភេសជ្ជៈ សម្ភារៈពេទ្យ (ចេសវះកាត់) តង់ និងកៅស៊ូធម្មជាតិ។ ទំនិញនាំចូលសំខាន់របស់កម្ពុជាពីកូរ៉េរួមមាន រថយន្តដឹកទំនិញ
ក្រណាត់ចាក់ ទឹករ៉ែធម្មជាតិ ភួយ គ្រឿងអេឡិចត្រូនិក គ្រឿងចក្រ (ប៊ុលដូហ្សែ) បន្ទះឬសន្លឹកនីកែល ស្បែកពីសត្វចៀមកែច្នៃរួច ក្រណាត់ជ្រលក់ពណ៌ និងផលិតផលថែរក្សាសម្រស់៕