(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានជួបពិភាក្សាការងារជាមួយលោក Lyu Xinhua ប្រធានក្រុមប្រឹក្សាជំរុញកិច្ចសហប្រតិបត្តិការត្បូង-ត្បូង (Council for Promoting South-South Cooperation) នៃសាធារណរដ្ឋប្រជាមានិតចិន។

ក្នុងនោះ ក៏មានវត្តមានចូលរួមផងដែរ ពីសំណាក់លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, និងលោក Wang Wentian ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា។

នៅក្នុងឱកាសជំនួបពិភាក្សានោះ អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានសម្តែងនូវ ការស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះលោក Lyu Xinhua និងប្រតិភូអមដំណើរ ដែលបានឆ្លៀតពេលដ៏មានតម្លៃ អញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា។

ទស្សនកិច្ចជាបន្តបន្ទាប់របស់គណៈប្រតិភូជាន់ខ្ពស់ចិននៅកម្ពុជា បានបង្ហាញឲ្យ ឃើញពីវឌ្ឍនភាពគួរឲ្យកត់សម្គាល់ នៃចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាង ប្រទេសយើងទាំងពីរ ដែលពីមួយថ្ងៃទៅ មួយថ្ងៃត្រូវបានពង្រឹង និងពង្រីកឥតឈប់ឈរ។

លោកឧបនាយករដ្ឋមន្ត្រីបន្តថា បច្ចុប្បន្នបើនិយាយពីទំនាក់ទំនងក្នុងវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាមួយកម្ពុជា ប្រទេសចិនឈរនៅលំដាប់ទី១ លើវិស័យជាច្រើន ដូចជា៖ ការវិនិយោគ ទំហំពាណិជ្ជកម្មទ្វេភាគី និងទេសចរណ៍ជាដើម។ ទន្ទឹមនេះ ទំហំហិរញ្ញប្បទានសហប្រតិបត្តិការ ពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ជូនរាជរដ្ឋាភិបាលកម្ពុជា ទាំងឥណទានសម្បទាន និងហិរញ្ញប្បទានឥតសំណង ក៏ឈរនៅលំដាប់ទី១ផងដែរ។

លោក Lyu Xinhua បានជម្រាបឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្នថា ក្រុមប្រឹក្សាជំរុញកិច្ចសហប្រតិបត្តិការត្បូង-ត្បូង នៃសាធារណរដ្ឋប្រជាមានិតចិន ត្រូវបានបង្កើតឡើងកាលពីឆ្នាំ ២០១៤ និងជាស្ថាប័នមួយដែលបំពេញបេសកកម្ម តាមការតម្រង់ទិសរបស់ក្រសួងការបរទេសចិន។

ក្រុមប្រឹក្សានេះ គឺជាស្ពានតភ្ជាប់រវាង ក្រុមហ៊ុន និងស្ថាប័ន នៃប្រទេសចិន ជាមួយក្រុមហ៊ុន និងស្ថាប័ន នៃប្រទេសកំពុងអភិវឌ្ឍន៍ ដោយមានមុខងារជំរុញ កិច្ចសហប្រតិបត្តិការរវាងប្រទេសចិន និងប្រទេសកំពុងអភិវឌ្ឍន៍ ក្នុងវិស័យជាច្រើន មានដូចជា៖ វិស័នយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ អប់រំ វិទ្យាសាស្ត្រ បច្ចេកវិទ្យា ជាដើម។

ខណៈដែលកម្ពុជា គឺជាមិត្តដ៏ជិតស្និទ្ធបំផុតមួយរបស់ប្រទេសចិន និងប្រទេសយើងទាំងពីរ មានទំនាក់ទំនងល្អជាប្រពៃណី ជាពិសេសទំនាក់ទំនងដ៏វិសេសវិសាល រវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាមួយលោក Xi Jinping ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន, រដ្ឋាភិបាលចិនគាំទ្រយ៉ាងពេញទំហឹង និងជំរុញក្រុមហ៊ុនចិន ឲ្យមកវិនិយោគនៅកម្ពុជា កាន់តែច្រើនឡើងថែមទៀត។

លោក Lyu Xinhua បានសង្កើតឃើញថា មានក្រុមហ៊ុនចិនរាប់ពាន់ បានមកដាក់ទុនវិនិយោគនៅកម្ពុជា ដែលមានគម្រោងវិនិយោគគ្របដណ្តប់ស្ទើរតែលើគ្រប់វិស័យ។ មានក្រុមហ៊ុនចិនជាច្រើនទៀត ក៏មានចំណាប់អារម្មណ៍មក វិនិយោគនៅកម្ពុជាដែរ។

ជាមួយគ្នានេះ លោក Lyu Xinhua យល់ឃើញថា ការវិនិយោគលើធនធានមនុស្សដើរតួនាទី យ៉ាងសំខាន់ និងជាកត្តាគន្លឹះមួយរួមចំណែក ក្នុងការជួយទ្រទ្រង់ និងជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។ ក្នុងន័យនេះ ក្រុមប្រឹក្សាជំរុញកិច្ចសហប្រតិបត្តិការត្បូង-ត្បូង នៃសាធារណរដ្ឋប្រជាមានិតចិន ក៏លើកទឹកចិត្តឲ្យក្រុមហ៊ុនចិនវិនិយោគផងដែរ លើគម្រោងបង្កើតសាលារៀនអន្តរជាតិនៅកម្ពុជា ដើម្បីជួយបណ្តុះបណ្តាលកុមារ និងយុវជននៅកម្ពុជា។

ជាការឆ្លើយតប លោកអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានគូសបញ្ជាក់ថា កម្ពុជានិងចិន គឺជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងជាដៃគូកសាងសហគមន៍ជោគវាសនាតែមួយ។ កម្រិតនៃកិច្ចសហប្រតិបត្តិការរវាង ប្រទេសយើងទាំងពីរ នាពេលបច្ចុប្បន្នបានឈានដល់កម្រិតកំពូល ដែលមិនធ្លាប់មានពីមុនមក។

ចំពោះការវិនិយោគផ្ទាល់ពីបរទេស កន្លងមកក្នុងមួយឆ្នាំៗ មានក្រុមហ៊ុនចិនរាប់រយ បានចុះបញ្ជីវិនិយោគនៅកម្ពុជា ដែលមានដើមទុនវិនិយោគរាប់ពាន់លានដុល្លារអាមេរិក ។ រាជរដ្ឋាភិបាលកម្ពុជា សូមស្វាគន៍គម្រោងវិនិយោគថ្មីបន្ថែមទៀត ពីប្រទេសចិន ខណៈដែលកម្ពុជា នៅមានសក្តានុពល និងកាលានុវត្តភាពជាច្រើនទៀតក្នុងការវិនិយោគ។

លោកឧបនាយករដ្ឋមន្ត្រីបន្តថា ដើម្បីទាក់ទាញ និងជំរុញការវិនិយោគ រាជរដ្ឋាភិបាល កម្ពុជាបាននិងកំពុងខិតខំធ្វើកំណែទម្រង់លើគ្រប់វិស័យ ទាំងក្នុងក្របខ័ណ្ឌគោលនយោបាយ គតិយុត្ត និងបច្ចេកទេស។ ទន្ទឹមនេះ ក្រសួង-ស្ថាប័នពាក់ព័ន្ធ នៃរាជរដ្ឋាភិបាលកម្ពុជា ក៏បានត្រៀមខ្លួនជាស្រេច ដើម្បីសហការជាមួយភាគីចិន។ នាពេលឆាប់ៗខាងមុខនេះ ភាគីទាំងពីរ នឹងរួមគ្នារៀបចំវេទិកាសេដ្ឋកិច្ច និងពាណិជ្ជកម្មកម្ពុជា-ចិន និងបង្កើតយន្តការសម្របសម្រួល មួយដើម្បីជំរុញ និងទាក់ទាញការវិនិយោគ។

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានសម្តែងនូវអំណរគុណ យ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលបានជួយឧបត្ថម្ភគាំទ្រដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា។ គម្រោងវិនិយោគពីប្រទេសចិន បានរួមវិភាគទានយ៉ាងធំធេងដល់ការអភិវឌ្ឍនៅកម្ពុជា និងរួមចំណែកជួយឲ្យកម្ពុជាសម្រេច បាននូវកំណើនសេដ្ឋកិច្ចខ្ពស់និងប្រកបដោយចីរភាព ព្រមទាំងបានបង្កើតការងារ និងផ្តល់ប្រភព ចំណូលសម្រាប់ទ្រទ្រង់ ជីវភាពរបស់ប្រជាជនកម្ពុជា៕