(ភ្នំពេញ)៖ សម្បុក និងទឹកមាត់ត្រចៀកាំ កំពុងមានទីផ្សារនៅបរទេស ក្នុងនោះរួមមានតៃវ៉ាន់ និងប្រទេសជប៉ុនជាដើម ខណៈទីផ្សារចិនដែលជាទីផ្សារធំនោះរំពឹងថា នឹងអាចនាំចេញបាននៅឆ្នាំក្រោយ នៅពេលដែលប្រទេសទាំងពីរមានកិច្ចព្រមព្រៀងភូតគាមអនាម័យ។
ថ្លែងក្នុងការអញ្ជើញចូលរួមក្នុងកម្មវិធី សិក្ខាសាលាស្ដីពី សំណង់ចុងក្រោយនៃរចនាបទទំនើប ផ្ទះអភិរក្សត្រចៀកកាំ សម្រាប់អ្នកមានចំណូលមធ្យម ដែលរៀបចំឡើងនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក ងិង ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្មឲ្យដឹងថា សម្បុក និងទឹកមាត់ត្រចៀកកាំ និងម្រេច ត្រូវបានចិនឯកភាពទទួលយក។ ដោយតម្រូវឲ្យកម្ពុជា ធ្វើនីតិវិធីតំណាលគ្នាតែម្ដង។ ចំពោះទំនិញដែលត្រូវនាំចេញទៅប្រទេសចិន ត្រូវចំណាយរយៈពេល២-៣ឆ្នាំដើម្បីចរចារ។ ជាក់ស្ដែងសម្រាប់អង្ករត្រូវការពេលវេលា៥ឆ្នាំ, ចេកត្រូវការពេល៣ឆ្នាំ, ស្វាយត្រូវការពេល២ឆ្នាំ ដោយឡែកសម្រាប់សម្បុក និងទឹកមាត់ត្រចៀកកាំសង្ឃឹមថា ឆ្នាំ២០២០ នឹងត្រូវនាំចេញបន្ទាប់ពីចរចាររួច។
លោកឧកញ៉ា ណាន សុធី ប្រធានសហព័ន្ធត្រចៀកកាំកម្ពុជាឲ្យដឹងថា «មកដល់ពេលនេះ បើតាមសម្បុកត្រចៀកកាំស្អាត និងផលិតផលច្រកដបកម្ពុជាបាននាំចេញ ទៅប្រទេសហុងកុង, ប្រទេសជប៉ុន, តៃវ៉ាន់ និងតាមបណ្ដាប្រទេសផ្សេងៗក្នុងតំបន់ ក្នុងនោះទីផ្សារដ៏ធំក្នុងការនាំចេញ គឺទីផ្សារប្រទេសចិន បច្ចុប្បន្នកម្ពុជាពុំទាន់មានឱកាសពេញលេញ ក្នុងការនាំទៅប្រទេសចិននោះទេ»។
លោកឧកញ៉ា ណាន សុធី បញ្ជាក់ថា យើងទើបនឹងឈានដល់ជំហានទី២ប៉ុណ្ណោះ ដោយលិខិតផ្លូវការ របស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវបានចិនទទួលយកជាផ្លូវការ ហើយចិនបានឲ្យលិខិតផ្លូវការឲ្យកម្ពុជា ដើម្បីបំពេញលក្ខខណ្ឌ។ សម្រាបជំហានទី៣ ប្រតិភូប្រទេសចិន នឹងមកទស្សនកិច្ចផ្ទាល់នៅកម្ពុជា បន្ទាប់ពីទស្សនកិច្ចរួចរាល់ ទើបឈានដល់ការចុះហត្ថលេខា រវាងរាជរដ្ឋាភិបាលទាំង២។
លោក មៀ សុខទ្រី អនុប្រធានសហព័ន្ធត្រចៀកកាំកម្ពុជាឲ្យដឹងថា «ចំពោះផលិតផលទឹកមាត់ត្រចៀកកាំនេះ បាននាំចេញទៅប្រទេសជប៉ុន, ប្រទេសតៃវ៉ាន់។ សម្រាបផលិតផលនេះអតិថិជន ដែលប្រើច្រើនជាងគេ គឺអតិថិជនដែលជាប់ខ្សែស្រឡាយចិន ហើយទឹកមាត់ត្រចៀកកាំនេះ មានប្រវត្តិយូរយារណាស់មកហើយ ក្នុងការជួយសុខភាព ហើយប្រទេសណាដែលមានប្រជាជនស្នាក់នៅច្រើន ជាឱកាសសម្រាប់កម្ពុជាក្នុងការនាំចូល»៕