(សៀមរាប)៖ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានលើកឡើងថា យើងត្រូវរួមគ្នាបង្កើនសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាព ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរថែមមួយកម្រិតទៀត ដើម្បីបង្កើនប្រសិទ្ធភាពគ្រប់គ្រង និងអភិរក្សធនធានធម្មជាតិ ឱ្យបានគង់វង្ស សម្រាប់មនុស្សជំនាន់តទៅមុខទៀត។
ការលើកឡើងបែបនេះរបស់លោក សាយ សំអាល់ បានធ្វើឡើងក្នុងឱកាសអញ្ជើញដែលលោកជាអធិបតីបើកវេទិកាស្តីពី «ការការពារ និងអភិរក្សធម្មជាតិ» រៀបចំឡើងដោយអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន នៃក្រសួងបរិស្ថាន នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ នៅខេត្តសៀមរាប។
លោក សាយ សំអាល់ បានសង្កត់ធ្ងន់ថា៖ «សហគមន៍ មានតួនាទី សំខាន់ក្នុងការចូលរួមជាមួយអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់នៅតាមមូលដ្ឋាន ដើម្បីការពារ និងអភិរក្សធនធានធម្មជាតិ ហើយការចូលរួមនេះ គឺជាកិត្តិយសសម្រាប់ជាតិទាំងមូល និងសម្រាប់បន្តមរតក ដល់កូនចៅជំនាន់ក្រោយ»។ លោករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តឱ្យ អាជ្ញាធរ ដៃគូអភិវឌ្ឍន៍ និងសហគមន៍សហការជាមួយគ្នា ដើម្បីរៀបចំសេវាទេសចរណ៍ ធម្មជាតិឱ្យកាន់តែទាក់ទាញភ្ញៀវទេសចរទៅកម្សាន្ត។
លោកបានបន្តថា ប្រទេសកម្ពុជាមានធនធានធម្មជាតិ និងជីវៈចម្រុះដ៏សំបូរបែប។ ព្រៃឈើគ្របដណ្តប់ប្រមាណ ៥០% នៃផ្ទៃប្រទេស ដែលជាអត្រាខ្ពស់បំផុត នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ មកទល់បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលបានបង្កើនផ្ទៃដីតំបន់ ការពារធម្មជាតិ ដែលស្ថិត នៅក្រោមយុត្តាធិការ របស់ក្រសួងបរិស្ថាន រហូត ដល់ប្រមាណ ៤១% នៃផ្ទៃប្រទេស គឺស្មើនឹងប្រមាណ ៧,២លានហិកតា ដែលធ្វើ ឱ្យកម្ពុជាឈរ លំដាប់ទី២ នៅអាស៊ី បន្ទាប់ពីប្រទេសប៊ូតាន។
លោក សាយ សំអាល់ បានបានថ្លែងយ៉ាងដូច្នេះថា៖ «ទេសចរណ៍ធម្មជាតិ និងគម្រោងទូទាត់សម្រាប់សេវាកម្មអេកូឡូស៊ី ក៏អាចផ្តល់នូវឱកាស សម្រាប់អភិវឌ្ឍសកម្មភាពសេដ្ឋកិច្ចនានា ដោយជាមួយគ្នានោះជួយគាំទ្រដល់ការងារអភិរក្សផងដែរ»។
ដើម្បីសម្រេចនូវគោលបំណងនេះ លោក សាយ សំអាល់ បានលើកឡើងពីសកម្មភាពអាទិភាព ដែលជួយដល់ការអភិវឌ្ឍសហគមន៍ ដើម្បីរួមចំណែកកាន់តែប្រសើរ ដើម្បីការពារ និងអភិរក្សធនធាន ធម្មជាតិនៅកម្ពុជាក្នុងនោះរួមមានការការលើកកម្ពស់ជីវភាពសហគមន៍នៅ តាមតំបន់ការពារធម្មជាតិ ដោយបង្កលក្ខណៈឱ្យមានការធានាសន្តិសុខស្បៀង អាហារូបត្ថម្ភ ការលើកកម្ពស់សុខភាព ការអប់រំកូនចៅ សហគមន៍បានខ្ពង់ខ្ពស់រៀនចប់ថ្នាក់ទី១២ និងទទួលបានបណ្តុះបណ្តាលវិជ្ជាជីវៈ និងបន្តមកនៅកម្រិតឧត្តមសិក្សាថែមទៀត។
លោក សាយ សំអាល់ បានឱ្យដឹងថា ក្រសួងបរិស្ថាននឹងរួមជាមួយដៃគូពាក់ព័ន្ធនានាក្នុងការទប់ស្កាត់ និងលុបបំបាត់ជំងឺឆ្លងនានា ពីតំបន់សហគមន៍ តំបន់ការពារធម្មជាតិ ដើម្បីសុខុមាលភាពរបស់ប្រជាពលរដ្ឋ។ លោក បានគូសបញ្ជាក់ថា ក្រសួងបរិស្ថានគាំទ្រ ដល់ការកំណត់ការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធ ផ្តល់ជម្រើសមុខរបរថ្មី ដល់សមាជិកសហគមន៍ ក្នុងការបង្កើនចំណូលដែលចូលរួមចំណែក ដល់ការកាត់បន្ថយការដាក់សម្ពាធលើធនធានធម្មជាតិមាន។
លោករដ្ឋមន្ត្រីបានបន្ថែមទៀតថា ក្រសួងនឹងរៀបចំការងារអភិវឌ្ឍន៍ និងអភិរក្សតំបន់បេតិកភណ្ឌ ដែលជួយឱ្យសហគមន៍ចូលរួមកាន់ តែសកម្ម និងសំខាន់ក្នុងការការពារ និងអភិរក្សតំបន់ប្រាសាទ តំបន់ប្រវត្តិសាស្រ្ត ជំនឿ ទំនៀម ទម្លាប់ ប្រពៃណី សាសនា របស់ជនជាតិដើមភាគតិច ក៏ដូចជារបស់ប្រជាជនកម្ពុជា នៅតាមតំបន់ការពារ ធម្មជាតិ។
តំបន់ការពារធម្មជាតិនៅកម្ពុជា បានបង្កប់នូវមរតកវប្បធម៌មហាសាល ដែលផ្តល់ដល់ការ ទាក់ទាញដល់ទេសចរណ៍ធម្មជាតិ និងការសិក្សាស្រាវជ្រាវ។ ជាមួយគ្នានេះ ការងារពង្រឹង និងពង្រីក សេវាកម្មទេសចរណ៍ធម្មជាតិ ដែលលើកទឹកចិត្តដល់ ការអភិវឌ្ឍដោយចីរភាព ប្រែក្លាយជីវភាព ប្រជាសហគមន៍តាមរយៈការបង្កើតជាសេវាទេសចរណ៍ធម្មជាតិ ដែលជាសក្តានុពល នៅតាមតំបន់ការពារធម្មជាតិ។
សូមបញ្ជាក់ថា វេទិកាស្តីពី «ការការពារ និងអភិរក្សធម្មជាតិ» បានប្រព្រឹត្តឡើងក្រោមប្រធានបទ «ការប្តេជ្ញាចិត្ត និងភាពម្ចាស់ការនៅមូលដ្ឋាន ដើម្បីធានាដល់និរន្តរភាពនៃការប្រើប្រាស់ធនធានធម្មជាតិ» ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងបរិស្ថាន តំណាងក្រសួង ស្ថាប័ន ពាក់ព័ន្ធ អភិបាលនៃគណៈអភិបាលខេត្តខាងជើងបឹងទន្លេសាប អាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ និងប្រជាសហគមន៍ជាច្រើននាក់។
ការរៀបចំវេទិកានេះជាផ្នែកមួយ ដើម្បីឆ្លើយតបទៅនឹងគោលដៅជា យុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបញ្ជ្រាប និងលើកកម្ពស់ ការយល់ដឹងរបស់បងប្អូន ប្រជាជន នៅតាមបណ្តាសហគមន៍តំបន់ការពារធម្មជាតិ និងបណ្តាសហគមន៍មូលដ្ឋានផ្សេងៗទៀត ដើម្បីចូលរួមទប់ស្កាត់បទល្មើសធនធានធម្មជាតិ ក៏ដូចជាការពង្រឹងតួនាទី របស់សហគមន៍មូលដ្ឋាន ក្នុងការចូលរួមការការពារ និងអភិរក្សធនធានធម្មជាតិ និងលើកកម្ពស់ជីវភាព តាមសរយៈការបង្កើនផលប្រយោជន៍របស់សហគមន៍មូលដ្ឋាន៕