(សៀមរាប)៖ នៅសារមន្ទីរព្រះនរោត្ដមសីហនុ-អង្គរ ចាប់ពីថ្ងៃទី២៥-៣០ ខែវិច្ឆកា ឆ្នាំ២០១៩ មជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរនៃអាជ្ញាធរជាតិអប្សរា បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «សារមន្ទីរវិទ្យានិងពុទ្ធសាសនា» រយៈពេល៥ថ្ងៃ ដល់មន្ត្រី-បុគ្គលិកអាជ្ញាធរជាតិអប្សរា ដែលកំពុងបម្រើការនៅសារមន្ទីរ បង្រៀនដោយលោកសាស្រ្តាចារ្យ Darry Collins ដែលមានបទពិសោធន៍លើវិស័យសារមន្ទីរអស់រយៈពេលជាង៣០ឆ្នាំមកហើយ។
វគ្គបណ្តុះបណ្តាលនេះធ្វើឡើងក្នុងគោលបំណងបន្ថែមចំណេះដឹងផ្នែកសារមន្ទីរវិទ្យានិងពុទ្ធសាសនា ដែលសិក្សាពីមូលដ្ឋានគ្រឹះទូទៅ ទ្រឹស្តី ទស្សនៈ ប្រវត្តិ កិច្ចការងាររបស់សារមន្ទីរ ស្វែងយល់ពីអ្វីទៅដែលហៅថាពុទ្ធសាសនា? អ្វីទៅជាបេតិកភណ្ឌពុទ្ធសាសនា?
លោក អ៉ឹម សុខរិទ្ធី បានលើកឡើងថា ក្រៅពីសិក្សាទូទៅជារួមនៃសារមន្ទីរវិទ្យា សិក្ខាកាមអាចស្វែងយល់បន្ថែមផ្នែកពុទ្ធសាសនា ជាពិសេសនៅសារមន្ទីរព្រះនរោត្ដមសីហនុ-អង្គរ តែម្តង ដែលមានលក្ខណៈពិសេសខុសពីសារមន្ទីរដ៏ទៃផ្សេងទៀត ដែលមានតម្កល់បដិមាភាគច្រើនជាពុទ្ធបដិមាដែលបានមកការធ្វើកំណាយនៅប្រាសាទបន្ទាយក្តីជាដើម ដែលទាមទារឱ្យមន្រ្តី-បុគ្គលិកពង្រឹងសមត្ថភាពបន្ថែមលើវិស័យនេះបានកាន់តែប្រសើរ៕