(ប៊ូសាន)៖ ថ្នាក់ដឹកនាំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានចូលរួមកម្មវិធី «វិនិយោគអាស៊ានឆ្នាំ២០១៩» ដែលជាព្រឹត្តិការណ៍អម នៃកិច្ចប្រជុំកំពូលអាស៊ាន-កូរ៉េ ដែលរៀបចំធ្វើឡើង រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៥-២៦ ខែវិច្ឆិកា ឆ្នាំ២០១៩។
កម្មវិធីនេះ ចែកចេញជា២វគ្គ គឺសិក្ខាសាលាស្តីពី ការវិនិយោគ និងការផ្សព្វផ្សាយព័ត៌មានវិនិយោគ នៅពន្លារបស់ភ្នាក់ងារជំរុញវិនិយោគ នៃប្រទេសអាស៊ាន ដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានរៀបចំពន្លាផ្សព្វផ្សាយព័ត៌មាន វិនិយោគរបស់កម្ពុជា។
ប្រមុខរដ្ឋាភិបាល នៃប្រទេសអាស៊ាន រួមមាន៖ លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីថៃ និងលោក ង្វៀន សួនហ៊្វុក នាយករដ្ឋមន្ត្រីវៀតណាម បានអញ្ជើញទស្សនាពន្លាក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩។ អ្នកវិនិយោគកូរ៉េ និងអ្នកវិនិយោគបរទេសដទៃទៀត បានអញ្ជើញមកសួរព័ត៌មានវិនិយោគ នៅពន្លាក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៕