(ភ្នំពេញ)៖ មន្ត្រីកំពូលៗក្នុងសេវាហិរញ្ញវត្ថុ មកពីទូទាំងប្រទេស ក្នុងសហគមន៍អាស៊ាន បានមកជួបជុំគ្នានៅរាជធានីភ្នំពេញ ដើម្បីចូលរួមក្នុងសន្និសីទ ប្រចាំតំបន់ដ៏សំខាន់មួយ ដែលផ្តោតទៅលើកំណែទម្រង់ប្រព័ន្ធឌីជីថល ក្នុងវិស័យធនាគារ និងសេវាហិរញ្ញវត្ថុ នៅតំបន់អាស៊ីអាគ្នេយ៍។
សន្និសីទនោះរៀបចំឡើងក្រោមទស្សនទាន «ការផ្សារភ្ជាប់អាស៊ានឆ្នាំ២០២៥-ពិភពលោកដ៏ក្លែវក្លាថ្មីមួយនៃនវានុវត្តភាព ប្រព័ន្ធឌីជីថលសម្រាប់វិស័យធនាគារអាស៊ានតែមួយ (ASEAN Connectivity 2025 - a brave new world of digital innovation for one ASEAN banking sector)» ដែលជាសន្និសីទធនាគារអាស៊ាន លើកទី២២ ហើយនឹងត្រូវសហការរៀបចំឡើងដោយសមាគមធនាគារកម្ពុជា (ABC) និងសមាគមធនាគារិកអាស៊ាន (ABA)។
គណៈអធិបតីជាន់ខ្ពស់ នៅក្នុងសន្និសីទដ៏សំខាន់មួយនេះ រួមមាន លោក ជា ចាន់តូ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា និងលោក Dato Lim Kok Hoi អគ្គរដ្ឋលេខាធិការសហគមន៍អាស៊ាន។
លោក ជា ចាន់តូ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា បានថ្លែងស្វាគមន៍ដល់ប្រតិភូក្នុងសន្និសីទទាំងមូលថា «ខ្ញុំពិតជាមានមោទនភាពណាស់ ដែលបានឃើញដំណើរវិវឌ្ឍដ៏គួរឲ្យកត់សម្គាល់ ក្នុងវិស័យធនាគារ នៅកម្ពុជា ក៏ដូចជាក្នុងតំបន់ស៊ាន ជាពិសេសក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បន្ទាប់ពីវិបត្តិហិរញ្ញវត្ថុសកល។ ការធ្វើទំនើបកម្មលើហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុ និងបច្ចេកវិទ្យាហិរញ្ញវត្ថុថ្មីៗ បានជួយបង្កើនប្រសិទ្ធិភាព ក្នុងការផ្តល់សេវាហិរញ្ញវត្ថុ ទៅកាន់ប្រជាពលរដ្ឋអាស៊ានច្រើនជាង៦០០លាននាក់ ប្រកបដោយសុវត្ថិភាព និងបរិយាបន្ន»។
ក្នុងឱកាសនោះ លោកបណ្ឌិត អ៊ិន ចាន់នី ប្រធានសមាគមធនាគារកម្ពុជាបញ្ជាក់ថា កិច្ចសហប្រតិបត្តិការក្នុងតំបន់អាស៊ានមានន័យថា រាល់ភាគីពាក់ព័ន្ធទាំងអស់ អាចសិក្សារៀនសូត្រពីគ្នាទៅវិញទៅមក អនុវត្តតាមគ្នាទៅវិញទៅមក និងប្រកួតប្រជែងដោយស្មើភាពគ្នា ដើម្បីជួយជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។
លោកបណ្ឌិត អ៊ិន ចាន់នី បានថ្លែងថា៖ «យើងមិនត្រឹមតែបានឃើញពីការរីកចម្រើន របស់ក្រុមហ៊ុនធំៗក្នុងតំបន់ដូចជា Grab នៅសិង្ហបុរី ឬក៏ក្រុមហ៊ុន Go Jek នៅឥណ្ឌូនេស៊ី ដែលកំពុងតែឈានមុខគេក្នុងវិស័យនេះ ក្នុងការធ្វើឲ្យបច្ចេកវិទ្យាថ្មីៗ មានភាពងាយស្រួល ប៉ុណ្ណោះទេ»។
លោកបានបន្ថែមទៀតថា៖ «យើងបានសិក្សារៀនសូត្រពីក្រុមហ៊ុនទាំងនោះ ហើយយើងកំពុងតែអភិវឌ្ឍក្រុមអ្នកច្នៃប្រឌិតផ្ទាល់ខ្លួនរបស់យើង ដូចជាក្រុមហ៊ុន PassApp ឬ Joonaak ដែលកំពុងតែនាំយកចំណេះដឹងក្នុងតំបន់របស់ពួកគេនៅទីនេះ ដើម្បីផ្តល់អត្ថប្រយោជន៍ដល់ប្រជាពលដ្ឋរបស់យើង។ ពិតណាស់ យើងបានទទួលស្វាគមន៍ក្រុមហ៊ុន Grab និងក្រុមហ៊ុនជាច្រើនផ្សេងទៀត ដើម្បីប្រតិបត្តិនៅទីនេះ ប៉ុន្តែ យើងមានមោទនភាពណាស់ដែលយើងមានទេពកោសល្យ និងមហិច្ឆតា ក្នុងការបង្កើត និងបង្កើនការប្រកួតប្រជែងក្នុងស្រុកជាមួយនឹងក្រុមហ៊ុនធំៗប្រចាំតំបន់ទាំងនេះ»។
ប្រតិភូជាន់ខ្ពស់ជាច្រើនផ្សេងទៀត ត្រូវបានរំពឹងទុកថា នឹងផ្តល់អនុសាសន៍របស់ខ្លួនលើប្រធានបទដូចគ្នានេះ អំឡុងពេលកិច្ចពិភាក្សាជាក្រុម ទៅលើប្រព័ន្ធឌីជីថល និងបច្ចេកវិទ្យាហិរញ្ញវត្ថុ (Fintech) សន្តិសុខលើការលួចចម្លងទិន្នន័យ (cybersecurity) និងបញ្ជីកំណត់ត្រាប្លុក (Blockchain) និងកំណែទម្រង់ប្រព័ន្ធឌីជីថលក្នុងវិស័យធនាគារ និងសេវាហិរញ្ញវត្ថុ។
ប្រតិភូចំនួន ៥០០នាក់ ត្រូវបានរំពឹងទុកថា នឹងចូលរួមក្នុងសន្និសីទរយៈពេល១ថ្ងៃពេញនេះ នៅឯសណ្ឋាគារសុខា ស្ថិតនៅរាជធានីភ្នំពេញ រួមជាមួយនឹងមន្ត្រីតំណាងជាច្រើនមកពីប្រទេសទាំង១០ក្នុងតំបន់អាស៊ាន និងភ្ញៀវកិត្តិយសជាច្រើនផ្សេងទៀតទូទាំងតំបន់។
ថ្ងៃទី២នៃសន្និសីទដ៏សំខាន់នេះ ដែលត្រូវបានគាំទ្រដោយម្ចាស់ឧបត្ថមជាច្រើន ក្នុងនោះរាប់បញ្ចូលទាំង ធនាគារ អេស៊ីលីដា ក្នុងនាមជាដៃគូយុទ្ធសាស្ត្រ និងធនាគារ ស៊ីអាយអិមប៊ី (CIMB) ធនាគារកាណាឌីយ៉ា និងធនាគារភ្នំពេញ ពាណិជ្ជ ក្នុងនាមជាដៃគូចម្បង គឺជាកិច្ចប្រជុំក្រុមប្រឹក្សាធនាគារអាស៊ានលើកទី៤៩ ហើយនិងត្រូវរៀបចំឡើងសម្រាប់សមាជិករបស់សមាគមធនាគារិកអាស៊ាន ប៉ុណ្ណោះ។
សន្និសីទនេះ បានចាប់ផ្តើមជាមួយនឹងការស្វាគមន៍ដោយការរៀបចំពិធីជប់លៀងសំណេះសំណាលគ្នាមួយ កាលពីថ្ងៃអាទិត្យ ហើយក៏នឹងមានការប្រកួតកីឡាវាយកូនគោល និងដំណើរទស្សនកិច្ចក្នុងទីក្រុង ក្នុងនោះរាប់បញ្ចូលទាំងដំណើរទស្សនកិច្ចទៅកាន់មជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈតម្បាញសូត្រ ក្នុងខេត្តតាកែវ សម្រាប់ប្រតិភូ និងដៃគូ ផងដែរ ដើម្បីណែនាំឲ្យពួកគេស្គាល់ពីភាពទំនើប និងភាពរស់រវើកនៃរាជធានីភ្នំពេញ និងព្រះរាជាណាចក្រកម្ពុជាទាំងមូល។
នេះគឺជាលើកទី១ហើយដែលកម្ពុជា បានធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទធនាគារអាស៊ាននេះ ដែលតម្រូវឲ្យរាល់ប្រទេសជាសមាជិកសហគមន៍អាស៊ានទាំងអស់ ត្រូវដាក់វេនគ្នាធ្វើជាម្ចាស់ផ្ទះ រៀងរាល់រយៈពេល២ឆ្នាំម្តង៕